មេបញ្ជាការកងវរសេនាតូចលេខ ៤២២ របស់កងយោធពលខេមរភូមិន្ទ ដែលកំពុងគ្រប់គ្រងកងទ័ពជិតតំបន់ប្រាសាទតាមាន់ លោក ប៉ុល ថេន បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ សីហា ថា តាមលោកទទួលព័ត៌មានថា កងទាហានថៃឈុតខ្មៅមួយក្រុម បានចូលមកបោះទីតាំង នៅតំបន់ច្រកជប់ត្រឡោក នៃទឹកដីខ្មែរ ដោយមានជីកលេណដ្ឋានត្រៀមប្រយុទ្ធផង។
លោក ប៉ុល ថេន មានប្រសាសន៍ដូច្នេះថា ៖ «ច្រកជប់ត្រឡោក នៅខាងលិចជប់គគីរ តាមរបាយការណ៍ វាបោះទីតាំង ហើយជីកលេណដ្ឋានអី ជុំវិញហ្នឹង។ ពួកហ្នឹងវាបញ្ជាក់មកថា ពីម្សិលមិញ»។
ប្រជាពលរដ្ឋដែលរស់នៅភូមិជប់គគីរខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល បានមានប្រសាសន៍ឲ្យដឹងថា តំបន់ច្រកជប់ត្រឡោកមានចម្ងាយប្រមាណ ១៨០០ម៉ែត្រ ភាគខាងលិច នៃភូមិជប់គគីរខាងលិចប៉ុណ្ណោះ។
ប្រជាពលរដ្ឋដដែលបានអះអាងថា កាលពីមុនកើតបញ្ហានៅប្រាសាទតាមាន់ តំបន់ជប់ត្រឡោក ត្រូវបានប្រជាពលរដ្ឋខ្មែរដើរឆ្លងទៅធ្វើការក្នុងទឹកដីថៃ និងធ្លាប់ដើរច្រូតស្បូវនៅទីនោះ ៖ «ជប់ត្រឡោក នៅតំបន់នោះ យើងធ្លាប់ដើរធ្វើការឆ្លងកាត់ទៅឡាក់២៦។ ទ័ពឈុតខ្មៅ រារាំងផ្លូវនោះ មិនឲ្យខ្មែរយើងដើរកាត់។ វាចេញមកកាក់នៅខាងមុខ វាមិនឲ្យយើងចូល»។
បញ្ហាជាប់គ្នានេះដែរ នៅតំបន់ប្រាសាទតាមាន់ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យដដែល មេបញ្ជាការយោធាខ្មែរជាន់ទាបមួយរូបប្រចាំតំបន់នោះ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ថា កងទាហានថៃ បានជូនដំណឹងមកកងទ័ពខ្មែរអំពីការស្នើសុំបិទទ្វារច្រកចូលប្រាសាទតាមាន់ សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជាបណ្ដោះអាសន្ន ដោយហេតុផលថា មេបញ្ជាការរបស់គេមិននៅ។
មន្រ្តីយោធាខ្មែរដដែល បានឲ្យដឹងទៀតថា ការស្នើសុំបិទច្រកប្រាសាទតាមាន់នេះ បានធ្វើឡើង បន្ទាប់ពីមានបញ្ហាកើតឡើង ដោយកងទាហានឈុតខ្មៅថៃ បានចាប់យកឧបករណ៍ផែនទី GPS របស់មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់ខ្មែរទៅបំផ្លាញចោល។
ចំណែកស្ថានការណ៍ប្រឈមមុខដាក់គ្នាដោយកងទ័ពខ្មែរ-ថៃ ខ្សែត្រៀមជួរមុខជិតប្រាសាទព្រះវិហារ ត្រូវបានគេដឹងថា គ្មានអ្វីផ្លាស់ប្តូរទៅរកភាពប្រសើរនៅឡើយទេ ដោយសារកាលកំណត់នៃការដកកងទ័ពទាំងសងខាងចេញពីតំបន់ជម្លោះព្រំដែនត្រូវបានជាប់គាំង។
មេបញ្ជាការកងពលអន្តរាគមន៍លេខ ១២ ដែលកំពុងគ្រប់គ្រងកងទ័ពខ្មែរនៅទីនោះ លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ថា ការប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរនិងទាហានឈុតខ្មៅប៉ារ៉ារបស់ថៃនោះ គឺនៅតែដដែល ៖ «ដូចលើកមុនហ្នឹង នៅដដែល គេមិនទាន់ទៅផង។ ចាំមើលថ្ងៃ ២៩»។
ទាំងយោធាខ្មែរនិងថៃ ដែលកំពុងប្រឈមមុខដាក់គ្នារយៈពេល ៤១ថ្ងៃ មកហើយ គឺនៅតែបន្តរង់ចាំដំណោះស្រាយនៃកិច្ចជួបចរចារវាងមន្រ្តីរដ្ឋាភិបាលទាំងពីរ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ខាងមុខនេះទៀត៕