អ្នក​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​កើន​ឡើង

គ្រោះ​ថ្នាក់​ដោយ​សារ​តែ​រន្ទះ​បាញ់ នៅ​ប្រទេស​កម្ពុជា បាន​កើត​ឡើង​កាន់​តែ​ច្រើន​ឡើង និង​កាច​សាហាវ​ជាង​មុន​ដោយ​សារ​គេ​ឃើញ​ថា អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​នេះ ចេះ​តែ​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

0:00 / 0:00

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ចំនួន ៥៦​នាក់​ស្លាប់ និង​៥៣​នាក់​ទៀត​រង​របួស ព្រម​ទាំង​មាន​គោ​ក្របី​ចំនួន ៤៣​ក្បាល​ស្លាប់ និង​មាន​ផ្ទះ​ចំនួន ២​ខ្នង ទៀត​ឆេះ ដោយ​សារ​រន្ទះ​បាញ់ ក្នុង​រយៈ​ពេល ៥​ខែ ដើម​ឆ្នាំ នៅ​ឆ្នាំ​២០១១ នេះ។

លោក កែវ វី អនុ​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ ឧសភា​ថា បើ​គិត​ក្នុង​រយៈ​ពេល ៥​ខែ ដូច​គ្នា ប្រៀបធៀប​ឆ្នាំ​មុន ចំនួន​អ្នក​ស្លាប់​ដោយសារ​រន្ទះ​បាញ់​មាន​តិច​ជាង​នេះ គឺ​ត្រឹម ៣៦​នាក់​ស្លាប់​ប៉ុណ្ណោះ នៅ​ក្នុង​ចំនួន​សរុប​នៃ​អ្នក​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​ទាំង​អស់​ចំនួន ១១៤​នាក់ ក្នុង​ឆ្នាំ​២០១០។

លោក កែវ វី បាន​ពន្យល់​អំពី​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​ដូច្នេះ ៖ "កើន​ឡើង​នេះ ដោយ​សារ​តែ​ភ្លៀង​កក់​ខែ កាល​ពី​ឆ្នាំ​២០១០ វា​កើត​ឡើង​ដល់​តែ​ពាក់​កណ្ដាល​ខែ​៤។ កាល​ណា​ភ្លៀង​កក់​ខែ មាន​ខ្យល់​បោក​បក់​ណឹង​ហើយ ដែល​បណ្ដាល​ឲ្យ​មាន​រន្ទះ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ២០១១ នេះ ភ្លៀង​កក់​ខែ​មាន​តាំង​ពី​ពាក់​កណ្ដាល​ខែ​២ មក​ម្ល៉េះ"

ខេត្ត​ពោធិ៍សាត់ កំពង់ចាម និង​ខេត្ត​បាត់ដំបង ត្រូវ​គេ​រាយ​ការណ៍​ថា មាន​អ្នក​រង​គ្រោះ​ដោយ​សារ​បាតុភូត​រន្ទះ​បាញ់​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​នេះ។

ប្រធាន​នាយកដ្ឋាន​ឧតុនិយម លោក អ៊ុម រីណា ថ្លែង​ថា បាតុភូត​ធម្មជាតិ​មិន​ត្រឹម​តែ​រន្ទះ​ទេ សូម្បី​តែ​ខ្យល់​ព្យុះ និង​បាតុភូត​ផ្សេង​ទៀត បាន​កើន​ឡើង​ឥទ្ធិពល​របស់​វា ដោយសារ​តែ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ៖ "យើង​ចង់​ផ្ដោត​ទៅ​លើ​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​នៅ​លើ​ផ្ទៃ​ដី ពី​ព្រោះ​ថា នៅ​ពេល​ដែល​ឆ្លង​រដូវ ពី​រដូវ​ប្រាំង​ចូល​រដូវ​វស្សា ឲ្យ​តែ​ពេល​មាន​ភ្លៀង មាន​ផ្គរ​រន្ទះ នៅ​លាយ​ឡំ​ជា​មួយ ហើយ​មាន​ឥទ្ធិពល​ខ្លាំង ប៉ុន្តែ​នៅ​ពេល​ដែល​រដូវ​វស្សា​ចូល​មក​ដល់ រន្ទះ​កើត​មាន​ជា​រឿយៗ ប៉ុន្តែ​មិន​សូវ​ខ្លាំង"

មក​ដល់​ពេល​នេះ គេ​មិន​ទាន់​មាន​ឧបករណ៍​អ្វី​មួយ​ដើម្បី​ការ​ពារ​រន្ទះ​នោះ​ទេ។ អ្នក​ជំនាញ​ផ្នែក​ឧតុនិយម​ដដែល​បាន​ឲ្យ​យោបល់​ថា ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ចៃដន្យ ដោយ​សារ​រន្ទះ​បាញ់ កសិករ​ខ្មែរ​ត្រូវ​តែ​រួស​រាន់​ប្រញាប់​រក​ផ្ទះ​ជ្រក​មុន​ភ្លៀង បើ​សិន​ជា​គាត់​បាន​ចេញ​ទៅ​វាល។ ប៉ុន្តែ​ក្នុង​ករណី​គាត់​កំពុង​ធ្វើ​ការ ស្រាប់​តែ​មាន​ភ្លៀង​មក​ដល់ រក​កន្លែង​ជ្រក​មិន​បាន អ្នក​ជំនាញ​រូប​នេះ​បាន​ឲ្យ​យោបល់​ថា គេ​គួរ​តែ​ក្រាប​នៅ​លើ​ភ្លឺ​ស្រែ កុំ​ឲ្យ​ឈរ​ខ្ពស់​ជាង​ទឹក។ មួយ​វិញ​ទៀត​នោះ នៅ​ពេល​ភ្លៀង​ធ្លាក់ អ្នក​ជំនាញ​ដដែល​បាន​ណែនាំ​មិន​ឲ្យ​ជ្រក​នៅ​ក្រោម​ដើម​ឈើ​ធំ​ឡើយ មិន​ឲ្យ​កាន់​ឧបករណ៍​ធ្វើ​អំពី​ដែក មិន​ឲ្យ​ប្រើ​ទូរស័ព្ទ​ដៃ មិន​ឲ្យ​បើក​វិទ្យុ និង​ទូរទស្សន៍​ឡើយ ហើយ​ត្រូវ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ទី​សារធាតុ​ដែល​អាច​ស្រូប​អគ្គិសនី​បាន៕