ទេសចរ​កើន​ឡើង​នៅ​រតនគិរី​ក្នុង​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ចិន

មនុស្ស​ប្រមាណ​ជាង​១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ​មក​ពី​បណ្តា​ខេត្ត​ក្រុង​នានា បាន​មក​កម្សាន្ត​សប្បាយ​​នៅ​​តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាចាញ ស្ថិត​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន-​វៀតណាម​នៅ​ឆ្នាំ​នេះ។

0:00 / 0:00

ក្រុម​ប្រជាសហគមន៍​ដែល​អភិរក្ស​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាចាញ​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ទីតាំង​នេះ​មាន​ការ​រៀបចំ​កែ​លម្អ​កន្លែង​កម្សាន្ត មាន​បង្កើត​បន្ថែម​ស្ពាន​យោល ការ​ប្រគំ​តន្ត្រី​សិល្បៈ​របាំ​ជនជាតិ​ដើម បង្កើត​ខ្ចុះ​អង្គុយ​សម្រាក​កាយ​ហូប​អាហារ​នៅ​ក្បែរ​ទឹក​ជ្រោះ​ជាដើម។

តំណាង​សហគមន៍​លោក បាវ ពា មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ចាប់​ផ្តើម​អភិវឌ្ឍ​កែ​លម្អ​ការ​ទាក់​ទាញ​អ្នក​ទេសចរ​តាម​រយៈ​ការ​បញ្ជូល​សិល្បៈ​វប្បធម៌​ប្រពៃណី​ជន​ជាតិ​ដើម​ក្នុង​វិស័យ​ទេសចរណ៍...។

ចំណែក​យុវនារី​ជនជាតិ​គ្រឹង អាយុ​១៨​ឆ្នាំ ឈ្មោះ កាន់ថាង សុភឿន រៀបរាប់​ដែរ​ថា នាង​ស្លៀក​ពាក់​និង​តុបតែង​ខ្លួន​ជា​សិល្បៈ​ការិនី​របាំ​ជនជាតិ​ដើម​ជាមួយ​នឹង​យុវនារី​ជា​ច្រើន​នាក់​ដើម្បី​បំផុស​ភាព​ស្រស់​បំព្រង​នៃ​តំបន់​រមណីយដ្ឋាន និង​រំឭក​ឡើង​វិញ​ពី​វប្បធម៌​សិល្បៈ​ជនជាតិ​ភាគ​តិច​ដែល​កម្រ​បាន​ឃើញ​ដើម្បី​រួម​ចំណែក​ការ​កម្សាន្ត​របស់​អ្នក​ទេសចរ​ឆ្នាំ​នេះ។

យុវនារី កាន់ថាង សុភឿន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «យើង​មក​សម្ដែង​ដើម្បី​ទាក់ទាញ​ភ្ញៀវ គាត់​ឃើញ​យើង​សប្បាយ​គាត់​មក​បាន​ច្រើន​ដែរ»

អ្នក​ទេសចរ​មក​ពី​ខេត្ត​បាត់ដំបង លោក ស៊ី ងួន មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​និង​ក្រុម​គ្រួសារ​បាន​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ខេត្ត​រតនគិរី ៖ «គ្រាន់​តែ​ឃើញ​ជនជាតិ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ សប្បាយ​ចិត្ត ខ្ញុំ​មិន​ដែល​មក​ទេ​ពី​មុន។ ខេត្ត​រតនគិរី​អស្ចារ្យ​មែន»

ចំណែក​អ្នក​ទេសចរ​ឈ្មោះ សុខ គឹមអៀង ដែល​កំពុង​មុជ​ទឹក​ជ្រោះ​បញ្ជាក់​ពី​អារម្មណ៍​លោក​យ៉ាង​ដូច្នេះ ៖ «ក្រុម​គ្រួសារ​ខ្ញុំ​មាន​សុភមង្គល​ពេល​ដែល​បាន​មក​លេង​ឃើញ​ទឹក​ជ្រោះ​ស្អាត​អ៊ីចឹង។ ខេត្ត​រតនគិរី​គឺ​ជា​តំបន់​ធម្មជាតិ​ពិតៗ។ មក​លេង​ទឹក​នៅ​ទីនេះ​ត្រជាក់»

មិន​មែន​តែ​អ្នក​ទេសចរ​ទេ​ដែល​សម្ដែង​ការ​សប្បាយ​រីករាយ អ្នក​លក់​នំ​ចំណី​ឈ្មោះ ចាន់ ស៊ីនុន មាន​ប្រសាសន៍​បញ្ជាក់​ពី​អារម្មណ៍​សម្បាយ​រីករាយ​ថា ៖ «មាន​អារម្មណ៍​ថា ត្រេកអរ​ដែល​បាន​ភ្ញៀវ​ទេសចរ​មក​ច្រើន​មក​ជួយ​ទិញ»

មេ​ឃុំ​កាចាញ លោក ទន់ ពៅ មាន​ប្រសាសន៍​ដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ចូល​រួម​រៀងចំ​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាចាញ​ជា​ថ្មី ទាំង​ការ​រក្សា​សុវត្ថិភាព សណ្តាប់​ធ្នាប់​និង​អនាម័យ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​វៀតណាម ហើយ​ការ​រៀបចំ​បែប​នេះ​នឹង​បន្ត​រហូត​ដល់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ពេល​ខាង​មុខ​នេះ​ទៀត។

នៅ​ខេត្ត​រតនគិរី ក្រៅ​ពី​រមណីយដ្ឋាន​ទឹក​ជ្រោះ​កាចាញ មាន​តំបន់​ទឹក​ជ្រោះ​កាទៀង ចាអ៊ុង ទឹក​ជ្រោះ​តាត់តៃ ទឹក​ជ្រោះ​ពីរ​ជាន់ បឹង​លង្គត់​និង​បឹង​យក្ខលោម​ដ៏​ល្បីល្បាញ។

សេចក្តី​រាយ​ការណ៍​ពី​ប្រជា​សហគមន៍​នៅ​តាម​រមណីយដ្ឋាន​ទាំង​នោះ​ឲ្យ​ដឹង​ថា មាន​អ្នក​ទេសចរ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ​បាន​នាំ​គ្នា​មក​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ រហូត​មក៕