អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ម៉ក់ ស៊ិនដារ៉ា បានឲ្យដឹងថា អំឡុងពេលបុណ្យចូលឆ្នាំខ្មែររយៈពេលបីថ្ងៃកន្លងទៅនេះចំនួនអ្នកទេសចរណ៍ក្នុងស្រុកមានការកើនឡើងចំនួន១សែន១ម៉ឺនជាងនាក់ខណៈឆ្នាំកន្លងទៅមានអ្នកទេសចរណ៍ត្រឹមតែ១សែន៥ពាន់នាក់។
លោកបន្តថា ថ្វីត្បិតចំនួនអ្នកទេសចរណ៍កើនឡើងប៉ុន្តែអ្នកទេសចរណ៍ទាំងនោះបានកាត់បន្ថយការចំណាយនៅពេលដើរលេងកម្សាន្ត។
លោក ម៉ក់ ស៊ិនដារ៉ា បានឲ្យដឹងថា ៖ «ក្នុងនោះយើងកត់សម្គាល់ឃើញថា បញ្ហាការថយចុះហ្នឹងគឺបញ្ហាពីបរិយាកាសធាតុអាកាសដែរ បញ្ហាក្ដៅ ទី២ បញ្ហាហិរញ្ញវត្ថុប្រចាំគ្រួសារមួយៗដែរ។ ហើយកត់សម្គាល់មួយទៀត គឺការដើរលេងហ្នឹងមានការថយចុះគឺបញ្ហាចំណាយផ្ទាល់ខ្លួន គឺម្នាក់ៗមិនសូវមានការចំណាយច្រើនប៉ុន្មានទេលើការហូបចុកផ្សេងៗ... អ្នកខ្លះគេដាក់បាយទៅអីអ៊ីចឹង»។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបន្តថា កំណើនអ្នកទេសចរណ៍ក្នុងស្រុកនេះគឺបានមកពីតំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗចំនួន៨កន្លែងខណៈក្នុងខេត្តបាត់ដំបងមានតំបន់ទេសចរណ៍រហូតដល់៣៥កន្លែង។
លោក ហ៊ុយ រ៉ម ប្រធានកសិដ្ឋានជ្រលងបុព្វតា គឺជាឈ្មោះរមណីយដ្ឋានទេសចរណ៍មួយនៅស្រុករតនៈមណ្ឌលបានថ្លែងថា ក្នុងរយៈពេលបីថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរមានមនុស្សជាច្រើនបានធ្វើដំណើរកម្សាន្ត ប៉ុន្តែការចាយលុយរបស់អ្នកទាំងមានការស្រុតចុះយ៉ាងខ្លាំង។
លោក ហ៊ុយ រ៉ម បានមានប្រសាសន៍ថា ៖ «ពីឆ្នាំទៅហើយនិងឆ្នាំនេះខុសគ្នា។ ទីមួយយើងឃើញចំណាយរបស់គាត់មិនសូវខ្ចះខ្ចាយទេ មកគេយកបាយយកទឹកមកខ្លួនគេ។ ទី២ ផ្នែក Restaurant ដែលពួកខ្ញុំទទួលភ្ញៀវមក លក់ពុំសូវដាច់»។
សុភាព ជាអ្នកលក់ម្ហូបចំណីនៅតំបន់ទេសចរណ៍អាងកំពីងពួយបានថ្លែងថា ប្រាក់ចំណូលដែលរកបានពីការលក់បាយនិងម្ហូបនៅឆ្នាំបានស្រុតចុះប្រមាណ៤៥%។
លោកស្រី សុភាព បានបន្តថា ភាគច្រើនអ្នកទៅកម្សាន្តនៅអាងទឹកកំពីងពួយនាឆ្នាំនេះបានរៀបចំម្ហូបអាហារជាស្រេចទៅជាមួយ។
រីឯ រ៉ាន់ ម៉ារីយ៉ា ដែលនាំសមាជិកគ្រួសារចំនួន៦នាក់ទៅកម្សាន្តនៅអាងទឹកកំពីងពួយដែរនោះបានឲ្យដឹងថា ដោយសារលោកស្រីមានរថយន្តគ្រួសារលោកស្រីបានដាំបាយធ្វើម្ហូបដាក់ពីផ្ទះទៅរួចជាស្រេច។ លោកស្រីបន្តថា ការធ្វើម្ហូបទៅរបៀបនេះគឺអាចជួយកាត់បន្ថយការចំណាយបានច្រើន។
មន្ត្រីមន្ទីរទេសចរណ៍បានឲ្យដឹងថា វិបត្តិហិរញ្ញវត្ថុបានជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍ ហើយបញ្ហានេះបានធ្វើឲ្យគ្រួសារនីមួយៗមានចាយប្រាក់រិះថាំ ទើបនៅបុណ្យចូលឆ្នាំខ្មែរនាឆ្នាំ២០០៩នេះមានការស្រុតចុះចំពោះការចាយវាយថវិកានៅពេលដើរលេងកម្សាន្ត៕