ប្រភពព័ត៌មានរបស់កាសែតវៀតណាម Sai Gon Giai Phong ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២២ ខែឧសភានេះ បានដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម ដែលមានប្រសាសន៍ថា ទោះបីជាពិភពលោកមានវិបត្តិសេដ្ឋកិច្ចក៏ដោយ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម កាលពីឆ្នាំកន្លងទៅ មានទឹកប្រាក់សរុបជាង ១៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថា នេះគឺជាកំណើនជាង ៣០%ប្រចាំឆ្នាំ។
លោកបន្តទៀតថា នៅត្រីមាសទី១ នៃឆ្នាំ២០១០នេះ ការផ្លាស់ប្ដូរទំនិញនៃប្រទេសទាំង២ មានទឹកប្រាក់ចំនួនជាង ៤០០លានដុល្លារសហរដ្ឋអាមេរិក គឺកើនឡើងចំនួន ១២៧% ធៀបទៅនឹងរយៈពេលដូចគ្នានេះ នៅឆ្នាំ២០០៩។
ប្រភពព័ត៌មានដដែលនេះឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់ការផ្លាស់ប្ដូរទំនិញឲ្យដល់ទឹកប្រាក់ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០១០នេះ ហើយនិងបន្តបង្កើនការផ្លាស់ប្ដូរទំនិញនេះឲ្យដល់ ៦៥០០លានដុល្លារ ក្នុង ១ឆ្នាំ នៅឆ្នាំ២០១៥។
ការសិក្សាមួយរបស់មជ្ឈមណ្ឌលបណ្ដាក់ទុន និងពាណិជ្ជកម្ម នៃក្រុង ហូជីមិញ (Ho Chi Minh) បានបង្ហាញថា អតិថិជនកម្ពុជាចាប់អារម្មណ៍លើតម្លៃទំនិញ ជាជាងគុណភាពនៃទំនិញ។ ការសិក្សានេះក៏បានបញ្ជាក់ថា ជនជាតិកម្ពុជាចាប់អារម្មណ៍នឹងមុខទំនិញពីប្រទេសវៀតណាម ស្រដៀងគ្នានឹងទម្លាប់ទិញទំនិញរបស់ជនជាតិវៀតណាមដែរ។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម លោក Le Duong Quang មានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មវៀតណាមដែលរៀបចំកាលពីខែមេសាកន្លងទៅនេះ នៅកម្ពុជា បានទាក់ទាញភ្ញៀវកម្ពុជាបានចំនួន ៣សែន ៥ម៉ឺននាក់ ឲ្យចូលមើល និងទិញទំនិញវៀតណាមអស់ប្រាក់សរុបជាង ៣លានដុល្លារសហរដ្ឋអាមេរិក៕