អត្ថប្រយោជន៍​នៃ​ការ​បង្កើត​សហជីព​ឬ​សមាគម

ប្រជាពលរដ្ឋ​កម្ពុជា មាន​សិទ្ធិ​ធ្វើ​ការ​តវ៉ា​ផ្សេងៗ​នៅ​កន្លែង​បំពេញ​ការងារ​របស់​ពួកគេ ទោះ​បី​ជា​នៅ​ស្ថាប័ន​ឯកជន ឬ​ស្ថាប័ន​រដ្ឋ​ក៏ដោយ។ គ្រប់​រោងចក្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា តែង​មាន​សហជីព​មួយ ឬ​ច្រើន​តាំង​នៅ ដើម្បី​តវ៉ា​លើ​បញ្ហា​ផ្សេងៗ​ដែល​ប៉ះពាល់​កម្មករ។

0:00 / 0:00

នៅ​ស្ថាប័ន​រដ្ឋ​វិញ គេ​មិន​ប្រើ​ពាក្យ​សហជីព​ទេ គេ​ប្រើ​ពាក្យ​សមាគម ឬ​តំណាង​មន្ត្រី​រាជការ ដែល​អាច​ធ្វើ​ការងារ​តវ៉ា​ដើម្បី​ផលប្រយោជន៍​មន្ត្រី​រាជការ។

តើ​ការ​តវ៉ា​តាម​រយៈ​សហជីព ឬ​សមាគម​នោះ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច?

សហជីព​ក្នុង​ប្រទេស​កម្ពុជា បង្កើត​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​កម្មករ​និយោជិត ហើយ​ចុះ​បញ្ជិកា​នៅ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ កន្លង​មក​សហជីព​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​តវ៉ា​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​និយោជិត ដូចជា​ការ​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ប្រាក់​ម៉ោង​បន្ថែម សេវា​ថែ​ទាំ​សុខភាព ថ្លៃ​ធ្វើ​ដំណើរ ការ​ស្នាក់​នៅ​សមរម្យ​ជាដើម។ អ្នក​ដែល​អាច​ចូល​រួម​ជា​តំណាង​សហជីព​បាន​ត្រូវ​ជា​បុគ្គល​ដែល​មាន​តួនាទី ឋានៈ​ក្នុង​ក្រុមហ៊ុន​សហគ្រាស​ខ្ពស់​បំផុត ត្រឹម​តំណែង​រដ្ឋបាល។

ប្រធាន​សភា​សហព័ន្ធ​សហជីព​កម្ពុជា លោក សោម អូន មាន​ប្រសាសន៍​ថា ជា​ធម្មតា​នៅ​តាម​រោងចក្រ​នានា ត្រូវ​តែ​មាន​តំណាង​កម្មករ​ដែល​មាន​តួនាទី​នាំ​ពាក្យ​ពី​កម្មករ​ទៅ​ថៅកែ និង​ពី​ថៅកែ​ទៅ​កម្មករ។ លោក​បន្ត​ថា តំណាង​កម្មករ​មិន​អាច​មាន​តួនាទី​ច្រើន​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​ឲ្យ​កម្មករ​និយោជិត​ឡើយ ប៉ុន្តែ​សហជីព​អាច​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា និង​ដាក់​សំណើ​ផ្សេងៗ​ទៅ​ថៅកែ ក្នុង​ន័យ​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ជូន​កម្មករ។

លោក សោម អូន បញ្ជាក់​ថា សហជីព​មាន​លក្ខន្តិកៈ និង​ការ​ចុះ​បញ្ជិកា​ត្រឹមត្រូវ​ដោយ​ក្រសួង​ការងារ និង​មាន​សមាជិក​គាំទ្រ​ដែល​ជា​ទុន​សម្រាប់​ឲ្យ​សហជីព​បំពេញ​តួនាទី​បាន​ងាយ​ស្រួល៖ «ជា​អង្គការ​វិជ្ជាជីវៈ​មួយ​ធ្វើ​ការ​បម្រើ​ឲ្យ​កម្មករ អ៊ីចឹង​ហើយ​យើង​ប្រឈម​នឹង​បញ្ហា​ច្រើន ដូច​ជា​រោងចក្រ​មួយ​ចំនួន​មាន​ការ​រើសអើង និង​មាន​ជន​ងងឹត​ធ្វើ​បាប។ និយាយ​ជា​រួម​អ្នក​ធ្វើ​សហជីព​ទាល់​តែ​មាន​ឆន្ទៈ​ខ្លាំង ទើប​អាច​ធ្វើ​បាន»

លោក សោម អូន បន្ត​ថា សហជីព​គឺ​ជា​ដៃគូ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​ទាក់ទង​នឹង​ផលប្រយោជន៍​កម្មករ ទាំង​ក្នុង​ប្រទេស និង​អន្តរជាតិ។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​ទី​៣៦ ចែង​ថា ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​មាន​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព និង​ចូល​រួម​ក្នុង​សហជីព។ ប៉ុន្តែ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​គេ​មិន​ប្រើ​ពាក្យ​សហជីព​ទេ គេ​ប្រើ​ពាក្យ​សមាគម ឬ​តំណាង​មន្ត្រី​រាជការ​ដែល​ចុះ​បញ្ជិកា​នៅ​នាយកដ្ឋាន​កិច្ចការ​នយោបាយ​ក្រសួង​មហាផ្ទៃ។ មន្ត្រី​រាជការ​ដែល​មាន​បំណង​តវ៉ា​ចំពោះ​បញ្ហា​មិន​ប្រក្រតី​ផ្សេងៗ​នៅ​ក្នុង​មន្ទីរ​ក្រសួង​ត្រូវ​ធ្វើ​លិខិត​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សាមី។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្រសួង​មហាផ្ទៃ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា រាល់​ការ​បង្កើត​សមាគម​ទាំង​ឡាយ​នៅ​តាម​ក្រសួង​នានា ត្រូវ​បាន​អនុញ្ញាត​ដោយ​នាយកដ្ឋាន​កិច្ចការ​នយោបាយ​នៃ​ក្រសួង​មហាផ្ទៃ។ មន្ត្រី​រូប​នោះ​បន្ត​ថា ចំពោះ​ការ​តវ៉ា​ផ្សេងៗ​តាម​ក្រសួង​នានា ក្រុម​មន្ត្រី​ត្រូវ​ធ្វើ​ឡើង​តាម​ឋានានុក្រម​ដែល​អនុវត្ត​តាម​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល។ និយាយ​ឲ្យ​ស្រួល​ស្ដាប់ បើ​ប្រធាន​អង្គភាព​ធ្វើ​អ្វី​មួយ​មិន​សមរម្យ បុគ្គលិក​អាច​ធ្វើ​ការ​ជជែក​ដោយ​ផ្ទាល់ ឬ​ធ្វើ​លិខិត​ផ្ញើ​ទៅ​ថ្នាក់​លើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​សាមី​តែម្ដង។ លោក​បន្ត​ថា រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​សហជីព​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ឡើយ តែ​បើ​សមាគម​គឺ​មាន​ច្រើន​ណាស់។

ប្រធាន​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ លោក ភួង សុវណ្ណ មាន​ប្រសាសន៍​ថា សមាគម​លោក​មាន​តួនាទី​ស្រដៀង​គ្នា​នឹង​សហជីព​ដែរ តែ​មិន​បាន​បម្រើ​ឲ្យ​ផល​ប្រយោជន៍​មន្ត្រី​រាជការ​សាធារណៈ​បាន​ច្រើន​ឡើយ។ លោក​បន្ត​ថា លោក​ធ្លាប់​បាន​ស្នើ​ទៅ​ក្រសួង​ការងារ​ឲ្យ​បញ្ចូល​មន្ត្រី​រាជការ​ទៅ​ក្នុង​ច្បាប់​ការងារ​ដែរ តែ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​បដិសេធ។
លោក ភួង សុវណ្ណ បញ្ជាក់​ថា លោក​ចង់​ឲ្យ​មាន​សហជីព​នៅ​ក្នុង​ជួរ​មន្ត្រី​រាជការ ព្រោះ​វា​ងាយ​បំពេញ​តួនាទី​ជួយ​មន្ត្រី​រាជការ​ដែល​ថ្នាក់​លើ​រំលោភ​បំពាន​សិទ្ធិ និង​អត្ថប្រយោជន៍​ផ្សេងៗ៖ «ខ្ញុំ​ចង់​បាន​ឲ្យ​មន្ត្រី​រាជការ​មាន​សហជីព​អា​ធ្វើ​កិច្ច​សន្ទនា កិច្ច​ចរចា​ជាមួយ​រដ្ឋាភិបាល​ស្វែង​រក​ដំណោះស្រាយ​ផ្សេងៗ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មន្ត្រី​រាជការ»

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សមាគម​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​បង្កើត​ឡើង​ដើម្បី​ផល​ប្រយោជន៍​មន្ត្រី​រាជការ ដូចជា​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ សមាគម​មិត្ត​ប៉ូលិស​ជាដើម។ ប៉ុន្តែ​សមាគម​ទាំង​នេះ បង្កើត​ឡើង​ដើម្បី​រៃ​លុយ​ជួយ​ឧបត្ថម្ភ​ប្តី ឬ​ប្រពន្ធ​មន្ត្រី និង​មន្ត្រី​រាជការ​ដែល​ស្លាប់​ប៉ុណ្ណោះ។

សារព័ត៌មាន​ជា​ច្រើន​ផ្សាយ​ថា មន្ត្រី​រាជការ​តាម​សាលា​ស្រុក និង​ក្រុង​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ឆ្នាំង ឧត្តរមានជ័យ ព្រះវិហារ មិន​បាន​បើក​ប្រាក់​ខែ​អស់​រយៈ​ពេល​បី​ខែ​ទៅ​ហើយ ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១២ មក​ដល់​ពេល​នេះ តែ​គ្មាន​ការ​តវ៉ា​ណា​មួយ​កើត​ឡើង​ទេ។ ក្រុម​អ្នក​តាម​ដាន​បញ្ហា​សង្គម​ឲ្យ​ដឹង​ថា បើ​នៅ​រោងចក្រ​វិញ​បាត់​ប្រាក់​មិន​ដល់​កន្លះ​ខែ​ផង ប្រាកដ​ជា​សហជីព​ជួយ​តវ៉ា​មិន​ខាន។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ក្រុម​មន្ត្រី​រាជការ​បើ​ចង់​បាន​ផល​ប្រយោជន៍ គេច​ពី​ការ​រំលោភ​បំពាន​ការងារ គួរ​តែ​រួម​គ្នា​ក្នុង​ការ​បង្កើត​សហជីព ព្រោះ​ថា កន្លង​ទៅ​មន្ត្រី​រាជការ​មិន​បាន​ប្រើ​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ទាមទារ​បង្កើត​សហជីព​ឡើយ។

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា នៅ​ប្រទេស​ជឿនលឿន សូម្បី​តែ​តុលាការ​ក៏​ពួក​គេ​បង្កើត​សហជីព​ដែរ ព្រោះ​ថា ជា​រឿង​ដែល​មនុស្ស​ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​ធ្វើ​ដើម្បី​ធានា​ផល​ប្រយោជន៍​ពួកគេ៖ «បង្កើត​ទៅ​ហើយ តើ​រដ្ឋាភិបាល​ហាម​ឃាត់​ហ្នឹង​ឈរ​លើ​មូលដ្ឋាន​អី? ទៅ​រក​ក្រុមប្រឹក្សា​ធម្មនុញ្ញ ហើយ​ប្ដឹង​ទៅ​តុលាការ​ទៅ​ដោយ​ចោទ​ថា សេចក្ដី​សម្រេច​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព​ដែល​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ»

យ៉ាង​ណា​ក៏ដោយ​ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ច្បាប់​ប្រទេស​កម្ពុជា មិន​បាន​ហាម​ឃាត់​មន្ត្រី​រាជការ​បង្កើត​សហជីព​ឡើយ។ លោក​បន្ត​ថា ឲ្យ​តែ​មន្ត្រី​រាជការ​ទាំង​អស់​រួម​រួប​គ្នា​បង្កើត ទោះ​បី​ជា​សមាគម ឬ​សហជីព សុទ្ធ​តែ​អាច​ជួយ​ការពារ​ផល​ប្រយោជន៍​ពួក​គេ​បាន​ទាំង​អស់។

លោក សុក សំអឿន បញ្ជាក់​ថា សមាគម ឬ​សហជីព ក៏​រួម​ចំណែក​ជួយ​ស្ថាប័ន និង​សហគ្រាស​ឲ្យ​មាន​ដំណើរ​ការ​ល្អ​ផង​ដែរ។

នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្លាប់​មាន​សហជីព​នៅ​ក្នុង​ជួរ​មន្ត្រី​រាជការ​កាល​ពី​រដ្ឋ​កម្ពុជា តែ​សហជីព​នេះ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​សម្រាប់​មន្ត្រី​រដ្ឋការ​ទាំង​នោះ​ឡើយ។ សហជីព​នោះ​បម្រើ​ការងារ​គោលនយោបាយ​របស់​បក្ស​នយោបាយ។ នៅ​តាម​ក្រសួង​នានា មាន​បង្កើត​សមាគម​មន្ត្រី​រាជការ​របស់​ក្រសួង​សាមី ដើម្បី​ជួយ​មន្ត្រី​រាជការ​របស់​ក្រសួង​ទាំង​នោះ ដូច​ជា​ការ​ជួយ​ឧបត្ថម្ភ​សម្ភារៈ ថវិកា ពេល​មាន​គ្រោះថ្នាក់​ជាដើម។

ក្នុង​វិស័យ​ឯកជន​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​សហជីព​ជាង ១.៥០០ សហព័ន្ធ​សហជីព​ជាង ៧០ មាន​សហភាព​សហជីព ១០ ព្រមទាំង​សភា​សហជីព និង​ក្រុមប្រឹក្សា​សហជីព​មួយ​ចំនួន​ទៀត។ បុគ្គល​ដែល​ចូល​រួម​សមាគម ឬ​សហជីព​តម្រូវ​ឲ្យ​បង់​ប្រាក់​សមាជិក​ចំនួន ១.០០០​រៀល​ក្នុង​មួយ​ខែ ដើម្បី​ធានា​ដំណើរ​ការងារ​សហជីព។ ហើយ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន ឬ​ថៅកែ​រោងចក្រ​បង្កើត​ជា​សហជីព​ឡើយ សូម្បី​តែ​តំណាង​ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​រួម​ដែរ។ តែ​ថៅកែ​អាច​បង្កើត​សមាគម​និយោជក​ដោយ​ឡែក​របស់​ខ្លួន ដូចជា​សមាគម​និយោជក និង​ម្ចាស់​រោងចក្រ​កាត់​ដេរ​ជាដើម។

រយៈពេល​កន្លង​ទៅ តំណាង​សហជីព​មួយ​ចំនួន​ត្រូវ​បាន​គេ​រើសអើង អ្នក​ខ្លះ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ និង​ជា​ពិសេស​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទៀត​ផង ដូចជា​ករណី​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ជាដើម។

ការ​បង្កើត​សហជីព​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ក្រម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ការងារ និង​ប្រកាស​ជូន​ដំណឹង​ស្ដីពី​ការ​បង្កើត​សហជីព អនុសញ្ញា​អន្តរជាតិ​លេខ ៨៧ ស្ដី​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព និង​សមាគម អនុសញ្ញា​លេខ ៩៨ ដែល​និយាយ​ពី​ការ​ចរចា​សមូហភាព។ ចំពោះ​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​វិញ និង​ច្បាប់​បង្កើត​សហជីព មាន​សេចក្ដី​ព្រាង តែ​មិន​ទាន់​អនុម័ត​នៅ​ឡើយ ដោយសារ​តែ​កន្លង​ទៅ​សង្គម​ស៊ីវិល​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​គោលដៅ​រឹតត្បិត​ដល់​សេរីភាព​ធ្វើ​សកម្មភាព​របស់​សមាគម និង​អង្គការ​សហជីព​ទាំង​ឡាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។