ប៉ូលិស​រៀបចំ​វិធានការ​​ទប់ស្កាត់​ការ​កកស្ទះ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍

របាយការណ៍​នានា​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​តែង​កើន​ឡើង​នៅ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។

0:00 / 0:00

គ្រោះ​ថ្នាក់​ទាំង​នោះ កើត​ឡើង​ដោយ​សារ ការ​បើកបរ​ហួស​ល្បឿន​កំណត់ ស្រវឹង និង​ការ​ធ្វេសប្រហែស មិន​គោរព​តាម​ច្បាប់​ចរាចរណ៍​ជាដើម។

កម្លាំង​នគរបាល​ចរាចរ​ផ្លូវ​គោក​បាន​ត្រៀម​រៀបចំ​សម្រាប់​​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដើម្បី​បញ្ចៀស​ការ​កកស្ទះ និងធានា​​សុវត្ថិភាព​ចរាចរណ៍។

ចំណែក​សេចក្ដី​អំពាវ​នាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ដែល​មាន ១០​ចំណុច បាន​ដាស់​តឿន​អ្នក​ធ្វើ​ដំណើរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​បើកបរ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ និង​ចេះ​យោគ​យល់​អធ្យាស្រ័យ​ក្នុង​ពេល​ធ្វើ​ដំណើរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

នាយក​ការិយាល័យ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ចាន់ធារី។ លោក​មាន​ប្រសាសន៍​ថា ចាប់​ពី​ថ្ងៃ ទី​១៣ ខែ​មេសា ដែល​ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ ក្រុម​សមត្ថកិច្ច​នគរបាល​នឹង​ចាប់​ផ្ដើម​ការ​រឹត​បន្តឹង​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ណែនាំ​ច្បាប់​ចរាចរណ៍​ដល់​អ្នក​បើកបរ។

លោក ហេង ចាន់ធារី៖ «ណែនាំ​ទៅអ្នក​បើកបរ គឺ​ទី១ ពេល​ដែល​គាត់​ធ្វើ​អាជីវកម្ម​ដឹក​ប្រជា​ពលរដ្ឋ​​ដែល​ចេញ​ទៅ​ស្រុក​កំណើតហ្នឹង ចៀសវាង​កុំ​អោយ​ហូប​ជាតិ​ស្រវឹង រថយន្ត​របស់​គាត់​មិនអោយ​ដឹង​សំពីងសំពោង ធ្វើ​ម៉េច​អោយ​ធានាសុវត្ថិភាព ...កុំ​អោយ​លើស​ចំណុះ។ បើ​យើង​វាយតម្លៃ​ទៅ​លើ​ប្រជាពលរដ្ឋ​យើង​ គាត់​មាន​ការ​គោរព​ច្បាប់​ច្រើន​ណាស់ ប៉ុន្តែ​យើង​អំពាវ​នាវ​បន្ថែម​ទៀត​ទៅ​អោយ​ប្រជាពលរដ្ឋ​យើង​ចូល​រួម»

សេចក្ដី​អំពាវ​នាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ លោក ត្រាំ អ៊ីវតឹក ធ្វើ​ឡើង​បន្ទាប់​ពី​បាន​រក​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​តែងតែ​កើត​មាន​ឡើង គឺ​ដោយសារ​តែ​អ្នក​បញ្ជា​យានយន្ដ​ខ្លះ បើកបរ​ក្នុង​ល្បឿន​លឿន​ហួស​កំណត់។ បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ធ្វេសប្រហែស មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​ពាក់​មួក​សុវត្ថិភាព មិន​ប្រកាន់ខ្ជាប់​តាម​គន្លង​ផ្លូវ ឬ​ចំណែក​ផ្លូវ ដែល​តម្រូវ​សម្រាប់​យាន​របស់​ខ្លួន​ជា​ដើម។

រី​ឯ​អ្នក​ថ្មើរជើង​ក៏​មាន​ការ​ធ្វេសប្រហែស មិន​បាន​ដើរ​អែប​ចិញ្ចើមថ្នល់ និង​នៅ​ពេល​ឆ្លងកាត់​ថ្នល់​មិន​បាន​ប្រុង​ប្រយ័ត្ន។

ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក កញ្ញា សាន សុជាតា។ កញ្ញា​មាន​ប្រសាសន៍​ថា មាន​ការ​ផ្សព្វផ្សាយ​ពី​ការ​ទប់ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ជា​ការ​រួម​ចំណែក​ដ៏​ល្អ​មួយ ប៉ុន្តែ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​គឺ​ជា​ករណី​ចាំ​បាច់។

កញ្ញា សាន សុជាតា៖ «ប្រជាពលរដ្ឋ​តែ​កាលណា​គាត់​ធ្វើ​ដំណើរ​ច្រើន​កំរិត​នៃ​ការ​ប្រព្រឹត្ត​ល្មើ​ស​នៃ​ច្បាប់​ហ្នឹង ប្រាកដ​ជា​មាន​ច្រើន ហេតុ​នេះ​ហើយ​ការ​អប់រំ​ផ្សព្វផ្សាយ​ត្រូវ​គួបផ្សំ​នឹង​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍»

សេចក្ដី​អំពាវនាវ​បាន​បញ្ជាក់​ថា រយៈពេល ៥​ថ្ងៃ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ​​មាន​មនុស្ស ៥៨​នាក់ ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ជា​មធ្យម​មនុស្ស​ជាង ១១​នាក់​ទៀត បាន​ស្លាប់​ក្នុង​មួយ​ថ្ងៃ និង​មាន​អ្នក​រង​របួសធ្ងន់​ចំនួន ២៧៩​នាក់ ព្រមទាំង​អ្នក​របួសស្រាល​ចំនួន ២០៥​នាក់​ទៀត ដែល​ជា​លទ្ធផល​កើត​ឡើង​ពី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២១១​ករណី៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។