ប៉ុន្តែនៅថ្ងៃ២២ ធ្នូ ការិយាល័យគណបក្ស លោក Marco Giacinto Pannella បានផ្សាយលិខិតមួយផ្ញើពីភ្នាក់ងារទេសចរណ៍យៀកណាម ឈ្មោះ Vungtau Intourco Hanoi ដែលនិយាយថា រដ្ឋអំណាចយៀកណាមមិនបានហាមឬដកហូតវិហ្សាពីមន្រ្តីសភាអឺរ៉ុបទាំងពីរនោះទេ។
ការពិតរដ្ឋអំណាចយៀកណាមតម្រូវឲ្យភ្នាក់ងារទេសចរណ៍ផ្តល់នូវតារាងធ្វើទស្សនកិច្ចដ៏លម្អិតពីមន្រ្តីទាំងពីររូបនោះថាតើទៅយៀកណាមជួបនរណាខ្លះ ទៅទីណាខ្លះ ហើយធ្វើអ្វីខ្លះ តែមន្រ្តីនោះមិនបានផ្តល់ព័ត៌មានគ្រប់គ្រាន់តាមច្បាប់តម្រូវ។
ភ្នាក់ងារទេសចរណ៍នោះបញ្ជាក់ទៀតថា មន្រ្តីទាំងពីររូបនោះនឹងមិនអាចអនុញ្ញាតឲ្យចូលទៅឬចេញពីយៀកណាមតទៅមុខទៀតទេ។
ក្នុងរឿងនេះសហគមន៍ខ្មែរកម្ពុជាក្រោមបានថ្កោលទោសអំពើរបស់រដ្ឋអំណាចកុម្មុយនីស្តយៀកណាមថា នេះគ្រាន់តែជាលេសប៉ុណ្ណោះព្រោះមន្រ្តីទាំងពីររូបគាំទ្រការទាមទារសិទ្ធិសេរីភាពដ៏ត្រឹមត្រូវរបស់ខ្មែរកម្ពុជាក្រោម។
លោក ថាច់ សេដ្ឋា សមាជិកព្រឹទ្ធសភាពីគណបក្សប្រឆាំងមានប្រសាសន៍អំពីជីវិតរស់នៅរបស់ខ្មែរក្រោមសព្វថ្ងៃថា ៖ «បើថាស្រុកស្រួល ខ្ញុំត្រឡប់ទៅជួបជុំបងប្អូន ម្ដាយ ឪពុក របស់ខ្ញុំហើយ ខ្ញុំមិនមកនៅឆ្ងាយចាកគ្រួសារហ្នឹងទេ ព្រោះយើងមានទឹកដីភូមិកររបស់យើង។ ខ្ញុំ ខ្ញុំថាវាមិនអាចទៅបាន សូម្បីតែខ្ញុំក៏គេមិនឲ្យទៅផង ជាពិសេសដូចជាពួកខាងសហគមន៍អឺរ៉ុប សភាសហគមន៍អឺរ៉ុបហ្នឹងគេមិនឲ្យចូលផង តើរឿងអីដែលយើងថាវាសិទ្ធិសេរីភាពគ្រប់គ្រាន់នោះ?»។
លោកបន្តថា ខ្មែរក្រោមអាចគេយកដាក់គុកបើសិនជារៀនប្រវត្តិសាស្រ្តរបស់ខ្លួន ៖ «រៀនអំពីសាវតារប្រវត្តិសាស្ត្ររបស់ខ្លួន ភូមិសាស្ត្រ អំពីទឹកដីអីហ្នឹង គឺមិនបានជាដាច់ខាត។ គ្រាន់តែរៀនបាន សរសេរបាន អានបានតែប៉ុណ្ណឹង ហើយមានការត្រួតពិនិត្យយ៉ាងដិតដល់ពីអាជ្ញាធរបក្សកុម្មុយនីស្តវៀតណាម បើសិនជាហ៊ាននិយាយទាក់ទិនរឿងនយោបាយក្នុងសាលាឬក៏ខាងក្រៅសាលា គឺត្រូវជាប់ពន្ធនាគារជាក់ជាមិនខាន»៕