ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៨ នៅស្រុកបាណន់ និងស្រុកគាស់ក្រឡ ក្នុងខេត្តបាត់ដំបង។
លោក ថោង សុគុណ នាយប៉ុស្តិ៍នគរបាលឃុំស្នឹង ថ្លែងឲ្យដឹងថា មីនតោនកប់ក្រោមដីសល់ពីសម័យសង្រ្គាមមួយគ្រាប់បានផ្ទុះឡើង កាលពីវេលាម៉ោង ៦ និង ៤០នាទី នៅឃុំស្នឹង ស្រុកបាណន់ បណ្តាលឲ្យបុរសអ្នកបើកគ្រឿងចក្ររបស់ក្រុមហ៊ុនចិនម្នាក់ ឈ្មោះ ស្រូច ភឿន អាយុ ២០ឆ្នាំ រងរបួសស្រាល និងគ្រឿងចក្រមួយគ្រឿងរងការខូចខាតដាច់ច្រវាក់។
អធិការនគរបាលស្រុកគាស់ក្រឡ លោក ឆឹង ឆាង បានឲ្យដឹងថា នៅថ្ងៃដដែល វេលាម៉ោង ១២ និង ៣០នាទី មីនតោនមួយគ្រាប់ទៀតបានផ្ទុះឡើង នៅភូមិព្រៃទទឹង ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ បណ្តាលឲ្យអ្នកបើកបរម្នាក់ ឈ្មោះ ជឹម ជឿន អាយុ ២៣ឆ្នាំ រងរបួសធ្ងន់និងគោយន្តកន្ត្រៃរងការខូចខាត។
លោក ឆឹង ឆាង ថ្លែងដូច្នេះថា ៖ «មីនហ្នឹងជាមីនរបស់ចិន ដែលខ្មែរក្រហមអ្នកដាក់។ របួសស្រាលដែរ របួសតៃកុងខ្មែរយើងដែលជាអ្នកបើកហ្នឹងរបួសក្បាលលើផ្នែកខាងក្រោយ»។
កាលពីល្ងាចថ្ងៃសុក្រ ទី១៩ ខែធ្នូ នៅក្នុងសង្កាត់អូរតាវ៉ៅ ខណ្ឌនិងក្រុងប៉ៃលិន កម្មករចិន២នាក់ និងក្មេងស្រីខ្មែរម្នាក់បានរងរបួស ខណៈដែលត្រាក់ទ័ររបស់ក្រុមហ៊ុនចិនឈូសទៅប៉ះចំមីនតោនដែលបន្សល់ពីសម័យសង្រ្គាមនៅក្រោមដី។
អាជ្ញាធរថ្លែងថា ចាប់តាំងពីក្រុមហ៊ុនចិនចាប់ផ្តើមឈូសឆាយដីធ្វើផ្លូវពីក្រុងប៉ៃលិន មកខេត្តបាត់ដំបង ពីថ្ងៃទី១០ ខែវិច្ឆិកា រហូតថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៨នេះ គេបានរាវរកឃើញមីនតោនបីគ្រាប់ ផ្ទុះពីរគ្រាប់នៅប៉ៃលិននិង២គ្រាប់នៅខេត្តបាត់ដំបង សរុបទាំងអស់មាន ៧គ្រាប់ហើយ គឺជាប្រភេទមីនប្រឆាំងរថពាសដែក ដែលផលិតនៅប្រទេសចិន។
លោក ឃឹម ឃឿន មន្ត្រីប្រមូលព័ត៌មានគ្រោះថ្នាក់ដោយសារគ្រាប់មីនរបស់កាកបាទក្រហមកម្ពុជាប្រចាំខេត្តបាត់ដំបង ឲ្យដឹងថា អត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅទូទាំងខេត្តបាត់ដំបង មានការកើនឡើង ៥% នៅឆ្នាំ២០០៨ បើប្រៀបធៀបទៅឆ្នាំ២០០៧ កន្លងទៅ។
លោក ឃឹម ឃឿន មានប្រសាសន៍ដូច្នេះថា ៖ «ចុងខែ១២ សរុប ៨៦នាក់ អាហ្នុងរងគ្រោះដោយសារមីន ៣៩នាក់ ដោយសារគ្រាប់មិនទាន់ផ្ទុះ ៤៧នាក់»។
ខេត្តក្រុងនៅតំបន់ភាគពាយ័ព្យប្រទេសកម្ពុជា គឺជាទីតាំងសមរភូមិយ៉ាងក្ដៅគគុកមួយ កាលពីសម័យសង្រ្គាម ដែលកាន់កាប់ដោយអតីតកងទ័ពខ្មែរក្រហម ហើយគ្រាប់មីននៅក្រោមដីនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនទៀត ត្រូវបានជឿថា នៅតែមិនទាន់សម្អាតអស់ពីក្រោមដីនៅឡើយ៕