ការចាកចេញរបស់លោក គ្រីស្តូហ្វ ប៉េស៊ូ ពីប្រទេសកម្ពុជា គឺដើម្បីទទួលតំណែងថ្មី នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា សម្ដែងការមិនសប្បាយចិត្តចំពោះការងាររបស់លោកនៅកម្ពុជាកន្លងមក។
តំណាងរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា អង្គការសង្គមស៊ីវិល និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា បានសម្ដែងការសោកស្ដាយ ចំពោះការចាកចេញរបស់លោក គ្រីស្តូហ្វ ប៉េស៊ូ ដោយអ្នកទាំងនោះ បានហៅលោកថា ជាមនុស្សក្លាហានក្នុងការការពារជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជាកន្លងមក។
លោក គ្រីស្តូហ្វ ប៉េស៊ូ បានរៀបចំពិធីលាចេញជាផ្លូវការរបស់លោក កាលពីយប់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១១ នៅក្នុងភោជនីយដ្ឋានមួយ នាទីក្រុងភ្នំពេញ ដោយមានការចូលរួម ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី ខារ៉ូល រ៉ដលី (Carol Rodley) ឯកអគ្គរាជទូតជប៉ុន លោក ម៉ាសាហ្វូមី គូរ៉ូគី (Masafumi Kuroki) និងមន្ត្រីសម្របសម្រួលរបស់អង្គការសហប្រជាជាតិនៅកម្ពុជា លោក ឌូក្លាស ប្រឌឺរីក (Douglas Broderick) ព្រមទាំងសកម្មជនការពារសិទ្ធិមនុស្សជាច្រើននាក់ទៀត សរុបជិត ១០០ នាក់។
នៅមុនពេលចាកចេញពីប្រទេសកម្ពុជា លោក គ្រីស្តូហ្វ ប៉េស៊ូ មានប្រសាសន៍ នៅក្នុងពិធីលាគ្នានោះថា លោកកោតសរសើរដល់សហការីទាំងអស់ ដែលបានសហការគ្នាធ្វើឲ្យការបម្រើការងារក្នុងវិស័យសិទ្ធិមនុស្សកន្លងមកទទួលបានជោគជ័យ។
លោក លោក គ្រីស្តូហ្វ ប៉េស៊ូ បន្តថា «ការអភិវឌ្ឍន៍នៃសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា គឺជាជម្រើសល្អប្រសើរ ដើម្បីកែទម្រង់កម្ពុជា ទាំងវិស័យនយោបាយ និងសង្គម ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសល្អមួយ សម្រាប់ប្រជាពលរដ្ឋរស់នៅ»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា លោកស្រី ខារ៉ូល រ៉ដលី មានប្រសាសន៍ថា លោកអ្នកមានអារម្មណ៍ក្ដុកក្ដួលក្នុងចិត្ត នៅពេលដែលលោក គ្រីស្តុហ្វ ប៉េសហ្ស៊ូ ចាកចេញពីប្រទេសកម្ពុជា។ ក៏ប៉ុន្តែ យើងមិនត្រូវអស់សង្ឃឹមទេ។ «ការងារទាំងឡាយ ដែលលោកបានបន្សល់ទុក និងត្រូវបានគេអនុវត្តន៍បន្តទៀត ក្រោយពីលោកចាកចេញទៅ»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា លោកស្ដាយចំពោះការចាកចេញរបស់លោក គ្រីស្តុហ្វ ប៉េសហ្ស៊ូ នេះ ៖ «ឃើញថា គាត់បានជួយច្រើនទៅលើសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងសិទ្ធិការងាររបស់ពួកយើងនេះ គឺថារាល់ពេលជួបប្រជុំការតវ៉ាការរំលោភលើសិទ្ធិផ្សេងៗ ដែលធ្វើឡើងដោយអាជ្ញាធររដ្ឋ គឺថានៅពេលដែលមានបញ្ហា
គឺថា បានសម្របសម្រួលដោយឧត្ដមស្នងការសិទ្ធិមនុស្សនេះ»។
សេចក្ដីប្រកាសព័ត៌មានតាមរយៈគេហទំព័ររបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានឲ្យដឹងថា លោក គ្រីស្តុហ្វ ប៉េសហ្ស៊ូ ត្រូវបានចាត់តាំងឲ្យធ្វើជាមន្ត្រីជាន់ខ្ពស់របស់ឧត្ដមស្នងការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស បន្ទាប់ពីលោកបានបម្រើការងារនៅកម្ពុជាអស់រយៈពេល ៤ ឆ្នាំកន្លងមក។
ការចាកចេញរបស់លោក គ្រីស្តុហ្វ ប៉េសហ្ស៊ូ នៅពេលនេះ គឺក្រោយពេលដែលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីខែតុលា ឆ្នាំ ២០១០ កន្លងទៅ បានស្នើសុំទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីម៉ូន (Ban Ki-moon) ឱ្យដកលោក គ្រីស្តុហ្វ ប៉េសហ្ស៊ូ ចេញពីតំណែង និងបិទការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលចោទលោក គ្រីស្តុហ្វ ប៉េសហ្ស៊ូ ថា ធ្វើអ្នកនាំពាក្យឲ្យគណបក្សប្រឆាំង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សឈ្មោះ យូមែនរ៉ៃ វ៉ច្ឆ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ អមណេស្ទី អ៊ិនធឺណេស្សឺណល់ (Amnesty International) កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១០ កន្លងទៅ បានប្រតិកម្មថ្កោលទោសចំពោះការស្នើសុំ និងការចោទប្រកាន់នោះ៕