សេចក្ដីប្រកាសព័ត៌មានបានហៅការចាប់ឃុំខ្លួនអ្នកភូមិបុរីកីឡានេះ ថា ជាការចាប់ និងឃុំខ្លួនខុសច្បាប់ និងជាការមិនគោរពសិទ្ធិជនស៊ីវិល។
សមត្ថកិច្ចបានចាប់ខ្លួនអ្នកភូមិបុរីកីឡា ប្រមាណ ៣០នាក់ ដែលក្នុងនោះមាន ស្ត្រី ២៤នាក់ និងក្មេងចំនួន ៦នាក់ ដាក់លើឡានបញ្ជូនទៅឃុំខ្លួនភា្លមៗនៅមជ្ឈមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ ក្នុងពេលដែលពួកគាត់កំពុងតវ៉ានៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២។
នៅក្រោយព្រឹត្តិការណ៍នេះមួយថ្ងៃ អ្នកភូមិប្រមាណ ៣០នាក់ ដែលកំពុងស្ថិតនៅក្នុងមជ្ឈមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ស្ថិតនៅជាយទីក្រុង ចម្ងាយប្រមាណជាង ១៥គីឡូម៉ែត្រនោះ ត្រូវអាជ្ញាធរក្រុង និងខណ្ឌ៧មករា បានបំភិតបំភ័យ និងបង្ខំឲ្យពួកគាត់ផ្តិតមេដៃ ដោយពុំបានប្រាប់ពីហេតុផលច្បាស់លាស់នោះឡើយ។

ស្រី្តឈ្មោះ ខៀវ ឡៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា រូបគាត់ និងអ្នកភូមិដទៃទៀត ត្រូវបង្ខំចិត្តផ្ដិតមេដៃលើឯកសារដែលអាជ្ញាធររៀបចំទុករួចជាស្រេច យកទៅឲ្យពួកគាត់ផ្តិតមេដៃនៅក្នុងមជ្ឈមណ្ឌលព្រៃស្ពឺនោះ។ ប៉ុន្តែពួកគាត់មិនបានដឹងថា ឯកសារនោះមិនដឹងជាមានខ្លឹមសារយ៉ាងម៉េចខ្លះនោះទេ ព្រោះពួកគាត់មិនសូវចេះអក្សរ ហើយមន្ត្រីទាំងនោះ ក៏មិនបានអានអត្ថន័យក្នុងលិខិតនោះឲ្យស្ដាប់ដែរ។
ស្ត្រី ខៀវ ឡៃ៖ «គេសរសេរ ប៉ុន្តែគេថា មិនបាច់មើលទេ គង់តែដឹងទេ គេនិយាយថាអ៊ីចឹងជាមួយពួកខ្ញុំ។ ខាងសាលាក្រុង និងសាលាខណ្ឌហ្នឹង ខ្ញុំឲ្យគាត់មើលឲ្យខ្ញុំស្តាប់ គាត់អត់មើល គាត់សរសេរឆាប់ៗ ជិតដល់ម៉ោងគាត់»។
ទោះយ៉ាងណាក្តី មានអ្នកភូមិចំនួន ២នាក់ ក្នុងចំណោម ២៩នាក់ មិនព្រមផ្តិតមេដៃឡើយ ដោយសារបានដឹងខ្លឹមសារនៅក្នុងលិខិតនោះថា ពួកគាត់មិនមានឈ្មោះក្នុងបញ្ជីដែលត្រូវបានផ្ទះនៅក្នុងបុរីកីឡានោះទេ ហើយត្រូវទៅរស់នៅកន្លែងផ្សេង។
ស្រ្តី អូរ ចាន់ធឿន មានប្រសាសន៍ឲ្យដឹងពីក្នុងមជ្ឈមណ្ឌលនោះតាមទូរស័ព្ទថា៖ «គេបង្ខំឲ្យផ្តិតមេដៃដែរ តែខ្ញុំថា ម៉ែខ្ញុំមានអង្កេតសព្វគ្រប់អ៊ីចឹង ខ្ញុំកូននៅជាមួយម៉ែ ក៏ខុសដែរ អ៊ីចឹងខ្ញុំអត់ផ្តិតមេដៃទេ អ៊ីចឹងគេថា អើបើអ្ហែងអត់ផ្តិតប្រយ័ត្នអត់បានចេញណា! អានេះខ្ញុំប្រាប់ឲ្យល្អទេ»។
បញ្ហានេះលោក នួន សាមេធ អភិបាលរងរាជធានីភ្នំពេញ ពុំទាន់អាចបកស្រាយបានទេ ដោយលោកមានប្រសាសន៍ថា ជាប់រវល់ប្រជុំនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា។
មន្ត្រីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ចូលជួបអ្នកភូមិនៅក្នុងមជ្ឈមណ្ឌលនោះ ដើម្បីចែកសម្ភារៈប្រើប្រាស់ និងចំណីអាហារខ្លះៗដល់ពួកគាត់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ មករា។
ស្របពេលគ្នានោះដែរ ក្រុមមន្ត្រីសិទ្ធិមនុស្សក្នុងស្រុកមួយចំនួន និងក្រុមគ្រួសារអ្នករងគ្រោះបាត់បង់លំនៅឋាន ដែលមានគ្នាប្រមាណជាង ២០នាក់ ក៏បានព្យាយាមសុំចូលជួបសួរសុខទុក្ខសមាជិកគ្រួសាររបស់គេដែរ ប៉ុន្តែមន្ត្រីគ្រប់គ្រងនៅទីនោះមិនបានអនុញ្ញាតតាមការស្នើសុំឡើយ។
លោក អំ សំអាត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីដាដូ។ លោកមានប្រសាសន៍ថា រាល់ឯកសារផ្លូវការត្រូវតែមានការព្រមព្រៀងពីភាគីទាំងសងខាង និងដោយគ្មានការបង្ខិតបង្ខំ ទើបស្របច្បាប់ ឬយកជាការបាន។
ម្យ៉ាងវិញទៀត ការឃុំឃាំងអ្នកភូមិបុរីកីឡានេះ គឺជារឿងខុសច្បាប់ ពីព្រោះមជ្ឈមណ្ឌលនេះសម្រាប់តែដាក់ជនអនាថា ឬអ្នកសុំទានជាដើម ប៉ុន្តែអ្នកភូមិបុរីកីឡាជាជនរងគ្រោះបាត់បង់ផ្ទះសម្បែង ហើយពួកគាត់មានសិទ្ធិតវ៉ារកយុត្តិធម៌ គឺមិនមែនជាជនអនាថាទេ។
លោកបន្តថា ទង្វើរបស់អាជ្ញាធរបែបនេះ គឺប្រាសចាកពីគោលការណ៍សិទ្ធិមនុស្ស និងខុសពីគោលការណ៍របស់មជ្ឈមណ្ឌលមន្ទីរសង្គមកិច្ចនេះ៖ «ហើយមកដល់ពេលនេះ ពួកគាត់មិនទាន់ត្រូវបានដោះលែង ហើយសូម្បីតែប្តីកូនមកជួបក៏មិនអនុញ្ញាតឲ្យជួបដែរ ហើយបើមិនឲ្យជួបមិនឲ្យចេញមកក្រៅ អ៊ីចឹងយើងចាត់ទុកថា នេះជាការបង្ខាំង ឬជាការឃុំឃាំងមនុស្សហើយបាទ!»។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ក្រុមហ៊ុន ផាន អ៊ីម៉ិច រួមនឹងកងកម្លាំងអាជ្ញាធរ បានប្រើគ្រឿងចក្រឈូសកម្ទេចផ្ទះរបស់អ្នកបុរីកីឡា ជាង ២០០ខ្នង។ ប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារ ត្រូវបានគេបញ្ជូនឲ្យទៅរស់នៅឯទួលសំបូរ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទៅនៅឯភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ រីឯប្រជាពលរដ្ឋមួយចំនួនទៀត មិនសុខចិត្តទៅរស់នៅតំបន់ទាំងនោះទេ ដោយពួកគាត់នៅបន្តការតវ៉ាក្នុងរាជធានីភ្នំពេញ ហើយបានដើរស្វែងរកយុត្តិធម៌ និងទាមទារសំណងចំពោះការបណ្ដេញចេញនេះ៕