ទូតអាមេរិកជួយប្រយុទ្ធប្រឆាំងការលក់ដូរឱសថក្លែងក្លាយ

អនុប្រធានស្ដីទីនៃបេសកកម្មស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា លោក ដេវីត រីឆែលសុស (David Richelsoph) និងរដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោក ជូ យិនស៊ីម នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ បានបើកយុទ្ធនាការធំមួយលើកដំបូង នៅទូទាំងប្រទេសកម្ពុជា ដើម្បីអប់រំប្រជាពលរដ្ឋខ្មែរឲ្យយល់ដឹងអំពីគ្រោះថ្នាក់ដោយសារការប្រើប្រាស់ឱសថក្លែងក្លាយ និងគ្មានគុណភាព ដែលធ្វើឲ្យខូចសុខភាព និងសម្លាប់អាយុជីវិត។
នៅក្នុងយុទ្ធនាការនេះ គឺក្រសួងសុខាភិបាល និងស្ថានទូតសហរដ្ឋអាមេរិក គ្រោងចែកប័ណ្ណប្រកាស ឬប៉ុស្តឺ (Poster) និងពាក្យស្លោកចំនួនជាង ២០.០០០សន្លឹក ដើម្បីបិតតាមទីសាធារណៈ និងឱសថដ្ឋានចំនួនជិត ២០០០កន្លែងមណ្ឌលថែទាំសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីមហាជន។
ពិធីចាប់ផ្ដើមយុទ្ធនាការនេះ គេបានធ្វើនៅឯស្ថានទូតសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២។ ពាក្យស្លោកសំខាន់ដែលគេបានយកមកប្រើប្រាស់ដើម្បីអប់រំប្រជាពលរដ្ឋនោះ គឺមានន័យថា ឱសថក្លែងក្លាយអន្តរាយជីវិត ឱសថពិត ជីវិតរស់រាន និងមានពាក្យស្លោកសំខាន់ៗមួយចំនួនទៀត។
រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោក ជូ យិនស៊ីម បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯស្ថានទូតសហរដ្ឋអាមេរិក នៅថ្ងៃទី២៧ ខែកុម្ភៈ ថាពាក្យស្លោកនេះ មានន័យងាយយល់សម្រាប់ប្រជាពលរដ្ឋខ្មែរ នៅតាមជនបទ ៖ "បើគាត់ (ប្រជាពលរដ្ឋខ្មែរ) ប្រើឱសថក្លែងក្លាយ គឺគាត់មានគ្រោះថ្នាក់ហើយ ...ឱសថក្លែងក្លាយហ្នឹង ជាពិសេស ដែលយើងជួបប្រទះកន្លងមក គឺឱសថគ្រុនចាញ់"។
អនុប្រធានស្ដីទីនៃបេសកកម្មស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា លោក ដេវីត រីឆែលសុស បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា សហរដ្ឋអាមេរិកបានតាំងចិត្តថាបន្តប្រយុទ្ធប្រឆាំងការប្រើប្រាស់ឱសថក្លែងក្លាយ ដែលធ្វើឲ្យខូចសុខភាពរបស់ប្រជាពលរដ្ឋខ្មែរ។
លោកបន្តថា សហរដ្ឋអាមេរិកបានចំណាយថវិកាជាច្រើនលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដើម្បីលើកស្ទួយសុខភាពល្អដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ៖ "ជាការពិតណាស់ វាជាការព្រួយបារម្ភយ៉ាងខ្លាំង... ជាការល្អប្រសើរណាស់ ដែលក្រសួងសុខាភិបាលបានធ្វើឲ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយឱសថដ្ឋានខុសច្បាប់ និងការប្រើប្រាស់ឱសថក្លែងក្លាយនៅកម្ពុជា"។
យុទ្ធនាការនេះត្រូវបានផ្ដួចផ្ដើមគំនិតដោយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហីឡារី ក្លីនតុន (Hillary Clinton) សម្រាប់ប្រទេសនានានៅតាមទន្លេមេគង្គ ដូចជាប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ។
ស្ថានទូតសហរដ្ឋអាមេរិកគ្រោងធ្វើយុទ្ធនាការនេះនៅឆ្នាំក្រោយៗទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ឱសថក្លែងក្លាយដល់កម្រិតសូន្យនៅប្រទេសកម្ពុជា។
ឱសថក្លែងក្លាយដែលប្រជាពលរដ្ឋបានទិញ និងប្រើប្រាស់ពីឱសថដ្ឋានដាក់លក់ដោយលួចលាក់កន្លងមកនោះ មានដូចជា ថ្នាំព្យាបាលជំងឺគ្រុនចាញ់ ថ្នាំព្យាបាលជំងឺរបេង និងឱសថក្លែងក្លាយមួយចំនួនទៀត។ លោក ជូ យិនស៊ីម បានមានប្រសាសន៍ថា បច្ចុប្បន្នមានឱសថដ្ឋានស្របច្បាប់ចំនួន១៥៥៣កន្លែងនៅទូទាំងប្រទេសកម្ពុជា។
កាលពី ៣ឆ្នាំកន្លងទៅនេះ ក្រសួងសុខាភិបាលបានកត់សំគាល់ថា មានឱសថដ្ឋានខុសច្បាប់ជាច្រើនពាន់កន្លែងនៅប្រទេសកម្ពុជា ប៉ុន្តែក្រសួងសុខាភិបាលបានចាត់វិធានការបិតស្ទើរអស់ហើយមកដល់ពេលនេះ តាមសេចក្ដីសម្រេចលេខ៣៣ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។