ទូត​អាមេរិក​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​លក់​ដូរ​ឱសថ​ក្លែងក្លាយ

មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក និង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល​កម្ពុជា កំពុង​តែ​ចាត់​វិធានការ​សំខាន់ៗ​មួយ​ចំនួន ដើម្បី​អប់រំ​ប្រជា​ពល​រដ្ឋ​ខ្មែរ និង​ម្ចាស់​ឱសថដ្ឋាន​នានា ឲ្យ​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​ដល់​សុខភាព។

0:00 / 0:00

អនុ​ប្រធាន​ស្ដីទី​នៃ​បេសកកម្ម​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ប្រទេស​កម្ពុជា លោក ដេវីត រីឆែល​សុស (David Richelsoph) និង​រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​កម្ពុជា លោក ជូ យិនស៊ីម នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​បើក​យុទ្ធនាការ​ធំ​មួយ​លើក​ដំបូង នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​អប់រំ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ឲ្យ​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​ដោយសារ​ការ​ប្រើប្រាស់​ឱសថ​ក្លែង​ក្លាយ និង​គ្មាន​គុណភាព ដែល​ធ្វើ​ឲ្យ​ខូច​សុខភាព និង​សម្លាប់​អាយុ​ជីវិត។

នៅ​ក្នុង​យុទ្ធនាការ​នេះ គឺ​ក្រសួង​សុខាភិបាល និង​ស្ថានទូត​សហ​រដ្ឋ​អាមេរិក គ្រោង​ចែក​ប័ណ្ណ​ប្រកាស ឬ​ប៉ុស្តឺ (Poster) និង​ពាក្យ​ស្លោក​ចំនួន​ជាង ២០.០០០​សន្លឹក ដើម្បី​បិត​តាម​ទី​សាធារណៈ និង​ឱសថដ្ឋាន​ចំនួន​ជិត ២០០០​កន្លែង​មណ្ឌល​ថែ​ទាំ​សុខភាព និង​មន្ទីរ​ពេទ្យ​បង្អែក ដើម្បី​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មហា​ជន។

ពិធី​ចាប់​ផ្ដើម​យុទ្ធនាការ​នេះ គេ​បាន​ធ្វើ​នៅ​ឯ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១២។ ពាក្យ​ស្លោក​សំខាន់​ដែល​គេ​បាន​យក​មក​ប្រើប្រាស់​ដើម្បី​អប់រំ​ប្រជា​ពល​រដ្ឋ​នោះ គឺ​មាន​ន័យ​ថា ឱសថ​ក្លែងក្លាយ​អន្តរាយ​ជីវិត ឱសថ​ពិត ជីវិត​រស់​រាន និង​មាន​ពាក្យ​ស្លោក​សំខាន់​ៗ​មួយ​ចំនួន​ទៀត។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​កម្ពុជា លោក ជូ យិនស៊ីម បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ថា​ពាក្យ​ស្លោក​នេះ មាន​ន័យ​ងាយ​យល់​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ នៅ​តាម​ជន​បទ ៖ "បើ​គាត់ (ប្រជា​ពល​រដ្ឋ​ខ្មែរ) ប្រើ​ឱសថ​ក្លែង​ក្លាយ គឺ​គាត់​មាន​គ្រោះ​ថ្នាក់​ហើយ ...ឱសថ​ក្លែង​ក្លាយ​ហ្នឹង ជា​ពិសេស ដែល​យើង​ជួប​ប្រទះ​កន្លង​មក គឺ​ឱសថ​គ្រុន​ចាញ់"

អនុ​ប្រធាន​ស្ដីទី​នៃ​បេសកកម្ម​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ប្រទេស​កម្ពុជា លោក ដេវីត រីឆែល​សុស បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា សហ​រដ្ឋ​អាមេរិក​បាន​តាំង​ចិត្ត​ថា​បន្ត​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើប្រាស់​ឱសថ​ក្លែង​ក្លាយ ដែល​ធ្វើ​ឲ្យ​ខូច​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ។

លោក​បន្ត​ថា សហ​រដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ជា​ច្រើន​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​លើក​ស្ទួយ​សុខ​ភាព​ល្អ​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ ដើម្បី​ចូល​រួម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ៖ "ជា​ការ​ពិត​ណាស់ វា​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង... ជា​ការ​ល្អ​ប្រសើរ​ណាស់ ដែល​ក្រសួង​សុខាភិបាល​បាន​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​កាត់​បន្ថយ​ឱសថដ្ឋាន​ខុស​ច្បាប់ និង​ការ​ប្រើប្រាស់​ឱសថ​ក្លែង​ក្លាយ​នៅ​កម្ពុជា"

យុទ្ធនាការ​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​គំនិត​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក លោក​ស្រី ហីឡារី ក្លីនតុន (Hillary Clinton) សម្រាប់​ប្រទេស​នានា​នៅ​តាម​ទន្លេ​មេគង្គ ដូច​ជា​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ថៃ។

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​គ្រោង​ធ្វើ​យុទ្ធនាការ​នេះ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​ដល់​កម្រិត​សូន្យ​នៅ​ប្រទេស​កម្ពុជា។

ឱសថ​ក្លែងក្លាយ​ដែល​ប្រជា​ពល​រដ្ឋ​បាន​ទិញ និង​ប្រើប្រាស់​ពី​ឱសថដ្ឋាន​ដាក់​លក់​ដោយ​លួច​លាក់​កន្លង​មក​នោះ មាន​ដូច​ជា ថ្នាំ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់ ថ្នាំ​ព្យាបាល​ជំងឺ​របេង និង​ឱសថ​ក្លែង​ក្លាយ​មួយ​ចំនួន​ទៀត។ លោក ជូ យិន​ស៊ីម បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មាន​ឱសថដ្ឋាន​ស្រប​ច្បាប់​ចំនួន​១៥៥៣​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

កាល​ពី ៣​ឆ្នាំ​កន្លង​ទៅ​នេះ ក្រសួង​សុខាភិបាល​បាន​កត់​សំគាល់​ថា មាន​ឱសថដ្ឋាន​ខុស​ច្បាប់​ជា​ច្រើន​ពាន់​កន្លែង​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្រសួង​សុខាភិបាល​បាន​ចាត់​វិធានការ​បិត​ស្ទើរ​អស់​ហើយ​មក​ដល់​ពេល​នេះ តាម​សេចក្ដី​សម្រេច​លេខ​៣៣ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។