អាមេរិក​ផ្ដល់​ជំនួយ​២០,៣​លាន​ដុល្លារ​សម្រាប់​គម្រោង​៣​នៅ​កម្ពុជា

សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ២០​លាន​ដុល្លារ​ឲ្យ​មក​កម្ពុជា បន្ទាប់​ពី​ជំនួយ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា កន្លង​ទៅ ដែល​មាន​ទឹក​ប្រាក់​ចំនួន ៣៥​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​វិស័យ​សុខាភិបាល និង​ជួយ​ដល់​វិស័យ​អប់រំ។

0:00 / 0:00

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បាន​ប្រកាស​ជា​ផ្លូវការ​ផ្ដល់​ជំនួយ​ជា​លើក​ទី​២ ចំនួន ២០​លាន​៣​សែន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ជា​អាទិភាព​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា ធានា​សន្តិសុខ​ស្បៀង និង​ការ​ប្រែប្រួល​អាកាសធាតុ។

ការ​ទទួល​ប្រាក់​ជំនួយ​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក លោក ចេហ្វ ដាយហ្គូល (Jeff Daigle) និង​នាយក​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) លោក ហ្លីល ហ្វូលឡឺ (Flynn Fuller) ជាមួយ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​តំណាង​ឲ្យ​លោក សុខ អាន ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​នោះ​ថា ជំនួយ​នេះ​គឺ​ស្រប​តាម​សេចក្ដី​ត្រូវការ​របស់​កម្ពុជា៖ «បង្ហាញ​សា​ជា​ថ្មី​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា ជាមួយ​នឹង​សហរដ្ឋ​អាមេរិក អា​ហ្នឹង​ចំណុច​ទី​១។ និយាយ​អវិជ្ជមាន​ដែល​ថា កម្ពុជា​នៅ​ក្នុង​ឥទ្ធិពល​របស់​ប្រទេស​ចិន យ៉ាង​ណា​ក៏ដោយ ក៏​តម្លៃ​នេះ​បង្ហាញ​ថា រាជាណាចក្រកម្ពុជា នៅ​តែ​បើក​ចំហ សហប្រតិបត្តិការ មិន​ថា​ខាង​លិច (សហរដ្ឋ​អាមេរិក) មិន​ថា​ខាង​កើត (ប្រទេស​ចិន) ទេ ពីព្រោះ​យើង​យល់​ឃើញ​ថា ជា​សហស្សវត្ស​នៃ​អាទិភាព​នៃ​ការ​អភិវឌ្ឍ»

ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា លោក ចេហ្វ ដាយហ្គូល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ​ថា ការ​ចុះ​ហត្ថលេខា​នៅ​ពេល​នេះ គឺ​រយៈពេល​មួយ​ថ្ងៃ​នៅ​មុន​ខួប​លើក​ទី​៥០ នៃ​ការ​បង្កើត​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចន ខិននីឌី (John F. Kennedy)៖ «កម្មវិធី​ជំនួយ​នេះ​គឺ​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ច្រើន​ពាន់​គ្រួសារ ដើម្បី​ទទួល​បាន​នូវ​សេវា​ថែទាំ​សុខភាព ការ​អប់រំ​កូន​ចៅ​នៅ​សាលា​រៀន និង​មុខ​របរ​មួយ​ចំនួន»

ជាមួយ​គ្នា​នេះ​ដែរ អ្នកស្រី ម៊ីសែល ប៊ឺណិត (Michelle Bennett) ជា​អ្នក​នាំ​ពាក្យ​ស្ដីទី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ជា​ភាសា​ខ្មែរ​ថា ជំនួយ​នេះ​គឺ​ជា​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក៖ «គាំទ្រ​ដល់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​លើក​កម្ពស់​ផលិតកម្ម កសិកម្ម ពង្រឹង​សមត្ថភាព​គ្រប់គ្រង ក្រោយ​ការ​ប្រមូល​ផល។ បង្កើន​លទ្ធភាព​ប្រើប្រាស់​ស្បៀង»

ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ផ្ដល់​ជំនួយ​បែប​នេះ​ចំនួន​ជិត ៥៣​លាន​ដុល្លារ​អាមេរិក​ហើយ​មក​កម្ពុជា៕