ជំនួបនេះ គឺដើម្បីរឹតចំណងទាក់ទងរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅគ្រាដែលកម្ពុជាកំពុងធ្វើជាប្រធានអាស៊ាន (Asean) នៅឆ្នាំ២០១២ នេះ។
នៅក្នុងជំនួបរយៈពេលជិត១ម៉ោង នៅឯក្រសួងការបរទេសកម្ពុជា ឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិក លោក វីល្លៀម ថត បានលើកឡើងនូវបញ្ហាដីធ្លី ជាពិសេសការចាប់ខ្លួនអ្នកភូមិបឹងកក់ ចំនួន ១៥នាក់ កន្លងមក និងបញ្ហាបំណុលដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកចំនួនជាង ៤០០លានដុល្លារអាមេរិក កាលពីទសវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។
ជំនួបនេះ គឺជាលើកដំបូងហើយ ក្រោយពីលោក វីល្លៀម ថត ត្រូវបានតែងតាំងចូលកាន់តំណែងនៅដើមខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ។
ក្រៅពីនេះ មន្ត្រីការទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នឹងមកចូលរួមក្នុងវេទិកា អាស៊ាន នៅប្រទេសកម្ពុជា នៅខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ។ ចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាមា (Barack Obama) គ្រោងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខនេះ។
អ្នកនាំពាក្យនៃស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា លោក សន មគ្គិនថស្ស (Sean McIntosh) បានមានប្រសាសន៍ជាភាសាខ្មែរក្រោយពីជំនួបនោះថា សហរដ្ឋអាមេរិកស្វែងយល់ថា តើកម្ពុជាត្រូវការឲ្យអាមេរិកជួយកម្ពុជាអ្វីខ្លះ?៖ «និយាយអំពីអភិវឌ្ឍន៍កម្ពុជា ឧទាហរណ៍ សហរដ្ឋអាមេរិកជួយប្រទេសកម្ពុជាយ៉ាងម៉េច? លោកឯកអគ្គរដ្ឋទូត វីល្លៀម ថត និយាយអំពីជម្លោះដី ជាពិសេសបឹងកក់។ អ្នកយកព័ត៌មានដឹងហើយថា ថ្ងៃនេះយើងមានករណីនេះក្នុងសាលាឧទ្ធរណ៍ ហើយយើងរង់ចាំលទ្ធផល»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ថា កម្ពុជារំពឹងថាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែល្អប្រសើរឡើង តាមរយៈឯកអគ្គរដ្ឋទូតថ្មីនេះ។
លោក កុយ គួង៖ «កាលពីឆ្នាំកន្លងទៅហ្នឹង គឺថាដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ហ៊ីលឡារី គ្លិនតុន មកកម្ពុជា។ ហើយថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់សហរដ្ឋអាមេរិកផងដែរ។ ហើយលោកជំទាវ ហ៊ីលឡារី គ្លិនតុន នឹងមកកម្ពុជា នៅខែកក្កដា ខាងមុខនេះដែរ ដើម្បីចូលរួមកិច្ចប្រជុំ គេហៅថា វេទិកាតំបន់អាស៊ាន។ លោក អូបាមា ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏គ្រោងចូលរួមកិច្ចប្រជុំ គេហៅថា ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និងអាស៊ាន នៅក្នុងខែវិច្ឆិកា ខាងមុខនេះដែរ»។
លោក វីល្លៀម ថត ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាមា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១១ កន្លងទៅនេះ ជំនួសអ្នកស្រី ខារ៉ល រ៉តលី (Carol Roldley) ដែលបានចប់អាណត្តិជាឯកអគ្គរដ្ឋទូតនៅប្រទេសកម្ពុជា។
លោក វីល្លៀម ថត បានថ្វាយសារតាំងជូនព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។