វ៉ា គឹមហុង ប្រតិកម្ម​នឹង​ការ​ស្នើសុំ​ឲ្យ​លុប​សន្ធិសញ្ញា​ព្រំដែន​បារាំង​សៀម​ឆ្នាំ​១៩០៧

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រតិកម្ម​កាល​ពី​យប់​ម្សិលមិញ​នេះ​ថា ថៃ​មិន​អាច​លុប​ចោល​ឬ​មិន​ទទួល​ស្គាល់​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​កាល​ពី​ឆ្នាំ​១៩៦២ ស្តីពី​ផែនទី​ខ្នាត​១:២០០​ពាន់​នៅ​ឆ្នាំ​១៩០៧ ដែល​ធ្វើ​ឡើង​រវាង​បារាំង​និង​សៀម ដែល​ប្រទេស​ថៃ​បាន​ទទួល​ស្គាល់​តាំង​ពី​ពេល​នោះ​មក។

ប្រសាសន៍​ប្រតិកម្ម​របស់​លោក វ៉ា គឹមហុង នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ភីបផប ថុងឆៃ (Pipop Thongchai) ប្រធាន​គណបក្ស​សម្ព័ន្ធភាព​ដើម្បី​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ថៃ (PAD) បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​ច័ន្ទ សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) លុប​ចោល​សន្ធិសញ្ញា​ថៃ​បារាំង ហើយ​បណ្តេញ​ទាហាន​ខ្មែរ​ចេញ​ពី​ទឹក​ដី​របស់​ថៃ។

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ថា តាម​ផ្លូវ​ច្បាប់ ប្រទេស​ថៃ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ពីព្រោះ​មេ​ដឹកនាំ​ប្រទេស​ថៃ​កាល​ពី​ជំនាន់​នោះ​បាន​ទទួល​ស្គាល់​សាលក្រម​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​កាល​ពី​ឆ្នាំ​១៩៦២ ហើយ​ខ្មែរ​និង​ថៃ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អនុស្សរណៈ MOU ជា​ច្រើន​កន្លង​រួច​មក​ហើយ។

លោក វ៉ា គឹមហុង បាន​បញ្ជាក់​ថា ៖ «ឥឡូវ​រដ្ឋាភិបាល​អាភីស៊ិត​មិន​ទទួល​ស្គាល់​ផែនទី​ឆ្នាំ​១៩០៧? និយាយ​អ៊ីចឹង​ម៉េច​នឹង​កើត បើ​តុលាការ​ក្រុង​ឡាអេ​គេ​កាត់​រួច​ហើយ ហើយ​ថៃ​ទទួល​ស្គាល់​ប៉ុន្មាន​ឆ្នាំ​ទៅ​ហើយ រួច​សាលក្រម​ឆ្នាំ​១៩៦២ យោង​យក​ផែនទី​ឆ្នាំ​១៩០៧ ផែនទី​ដងរែក​ដែល​ថៃ​ទទួល​ស្គាល់​នៅ​ឆ្នាំ​១៩០៧... អ៊ីចឹង​បាន​ន័យ​ថា អត់​ទទួល​ស្គាល់​សាលក្រម​ហើយ។ ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ ថៃ​មិន​អាច​ធ្វើ​អ៊ីចឹង​កើត​ទេ! តាម​លិខិត​របស់​លោក ថារ៉ាត់ កូម៉ាន់ នៅ​ឆ្នាំ​១៩៦២ បន្ទាប់​ពី​សាលក្រម​តុលាការ​ចេញ​មក លោក​ទទួល​ស្គាល់។ ថៃ​ត្រូវ​ទទួល​យក​សាលក្រម​របស់​តុលាការ​ស្ដីពី​ប្រាសាទ​ព្រះវិហារ។ ខ្ញុំ​មិន​ដឹង​ថា គាត់​ធ្វើ​ម៉េច​ទេ​លើ​ផ្លូវ​ច្បាប់ វា​ពិបាក​ណាស់ ព្រោះ​គាត់​ទទួល​ស្គាល់​កិច្ចការ​ហ្នឹង​ទៅ​ហើយ។ រួច​មួយ​ទៀត យើង​ធ្វើ​កិច្ចការ​ព្រំដែន​ជាមួយ​គ្នា​រហូត​ដល់​ប្រើ MOU អនុស្សរណៈ​ឆ្នាំ​២០០៣ ក៏​យើង​និយាយ​ច្បាស់ យោង​ច្បាស់​ទៅ​លើ​ផែនទី​ខ្នាត​១:២០០​ពាន់​របស់​គណៈកម្មការ​បារាំង​សៀម កំណត់​ព្រំដែន​រវាង​កម្ពុជា​និង​សៀម»

លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​បន្ថែម​ថា ប្រទេស​ថៃ​បាន​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន​ពី​សន្ធិសញ្ញា​បារាំង​សៀម​ឆ្នាំ​១៩០៧ អស់​ជាង​មួយ​សតវត្សរ៍​រួច​មក​ហើយ ឥឡូវ​បែរ​ជា​ថា​មិន​ចង់​ទទួល​ស្គាល់​ទៅ​វិញ។

លោក វ៉ា គឹមហុង បាន​ថ្លែង​ថា ៖ «ធ្វើ​មិន​កើត​ទេ ខ្ញុំ​គិត​ថា​គាត់​ធ្វើ​មិន​កើត​ទេ ព្រោះ​ផ្លូវ​ច្បាប់​គាត់​មាន​គ្មានធ្វើ​អី​កើត? ច្បាប់​អន្តរជាតិ​ថា​អ៊ីចឹង​ហើយ រួច​មួយ​ទៀត​វា​បញ្ជាក់​តាំង​ពី​សាលក្រម​ឆ្នាំ​១៩៦២ និយាយ​ច្បាស់​ទៅ​ហើយ។ ឥឡូវ​សូម​អ៊ីចេះ បើ​លោក​ថា​អ៊ីចឹង សួរ​ថា លោក​មាន​ព្រំដែន​ជាមួយ​ខ្មែរ​ទេ? ហើយ​លោក​ទាមទារ​ថា លុប​ចោល​មិន​ទទួល​ស្គាល់​ផែន​ទី​១:២០០​ពាន់ សៀម ឥណ្ឌូចិន​និង​បារាំង។ លោក​បាន​ទទួល​សុខ​សាន្ត​ត្រាណ​ជាង​មួយ​សតវត្សរ៍ តាំង​ពី​ឆ្នាំ​១៩០៤, ១៩០៧ ជាមួយ​នឹង​បារាំង មាន​ព្រំដែន​នឹងន ស្ថិរភាព​ព្រំដែន​ជាមួយ​នឹង​ឥណ្ឌូចិន បារាំង និង​ព្រះ​រាជាណាចក្រ​សៀម​នៅ​ជំនាន់​ហ្នុង មួយ​សតវត្សរ៍​ទៅ​ហើយ ឥឡូវ​លោក​ថា​លែង​ទទួល​ស្គាល់​ផែនទី​ហ្នឹង វា​អត់​កើត លែង​ទទួល​ស្គាល់​ព្រំដែន​ហ្នឹង វា​អត់​បាន! គឺ​ថា លោក​បាន​ទទួល​ផល​នៃ​សន្ធិសញ្ញា​ព្រំដែន​រវាង​ឥណ្ឌូចិន​និង​សៀម រហូត​ដល់​ឥឡូវ​ស្រាប់តែ​លោក​ថា អត់​មាន​ព្រំដែន​អត់​មាន​អី អត់​កើត​ទេ! កិច្ច​ព្រមព្រៀង​ច្រើន​ណាស់​ទទួល​ស្គាល់​ផែនទី ទទួល​ស្គាល់​ព្រំដែន​ហ្នឹង អត់​មាន​លុប​អី​កើត​ទេ»

កាសែត​ថៃ The Nation បាន​ឲ្យ​ដឹង​ផងដែរ​ថា គណបក្ស​សម្ព័ន្ធភាព​ដើម្បី​ប្រជាធិបតេយ្យ​ថៃ​បាន​ដាក់​ជូន​សំណុំ​ឯកសារ​ចំនួន​១១ ដែល​បញ្ជាក់​ពិស្តារ​អំពី​កិច្ច​ព្រមព្រៀង​ចុះ​ហត្ថលេខា​រវាង​ខ្មែរ​ថៃ​តាំង​ពី​រាជ្យ​ស្តេច​ថៃ រ៉ាម៉ា​ទី​៥​មក​ម៉្លេះ។

ជាមួយ​គ្នា​នេះ​ដែរ​គណបក្ស PAD ក៏​បាន​ស្នើសុំ​ដល់​រាជ​រដ្ឋាភិបាល​ខ្លួន​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​បញ្ហា​ចំនួន​៨​ករណី​ដែល​នាំ​ឲ្យ​ប្រទេស​ថៃ​ទទួល​ការ​ខាត​បង់ ដោយសារ​តែ​រាជ​រដ្ឋាភិបាល​ថៃ​មុន​បាន​ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញា​ជា​ច្រើន​ជាមួយ​ប្រទេស​កម្ពុជា​កន្លង​មក។

តាម​កាសែត The Nation ដំណាល​ពេល​គ្នា​នេះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​តាម​ទូរទស្សន៍​រាជធានី​ប៉ុស្តិ៍​លេខ​៣ កាល​ពី​ថ្ងៃ​អាទិត្យ​ថា បើ​នាយក​រដ្ឋមន្រ្តី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ ហ៊ាន​រំលាយ​រដ្ឋ​សភា​ហើយ​បោះ​ឆ្នោត​ពេល​នេះ គណបក្ស ភឿថៃ នៃ​ក្រុម​លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ពិត​ជា​ឈ្នះ​ឆ្នោត។

កាសែត​ដដែល​បាន​ស្រង់​ការ​ស្ទង់​មតិ​ថៃ​ឲ្យ​ដឹង​ថា នាយក​រដ្ឋមន្រ្តី​ថៃ​បច្ចុប្បន្ន​នេះ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ពលរដ្ឋ​ថៃ​ដល់​ទៅ​ជិត​៧០% រីឯ​លោក ថាក់ស៊ីន មាន​ពលរដ្ឋ​គាំទ្រ​តែ​២១%​ប៉ុណ្ណោះ៕