ទិវានៃក្ដីស្រឡាញ់ត្រូវបានគេទទួលស្គាល់ស្ទើរពាសពេញពិភពលោក។ ចំណែកឯនៅក្នុងប្រទេសកម្ពុជាវិញ ទិវានេះកំពុងតែពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមស្រទាប់យុវវ័យ ដែលពួកគេតែងតែជូនផ្កាឲ្យគ្នា ជូនកាដូ ជូនពរគ្នាទៅវិញទៅមក ព្រមទាំងចំណាយពេលដើរកម្សាន្តជាមួយគូរស្នេហ៍ និងមិត្តភក្តិជាដើម។
ដោយសារហេតុផលនេះ ក្រសួងកិច្ចការនារី និងអង្គការមិនមែនរដ្ឋាភិបាល កំពុងរៀបចំផែនការធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយដល់ក្រុមយុវវ័យកម្ពុជា ឲ្យមានការយល់ដឹងពីអត្ថន័យ ពីទិវានៃសេចក្ដីស្រលាញ់ ដើម្បីបញ្ចៀសនូវការភាន់ច្រឡំនោះ។
រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ស៊ីវណ្ណ បុទុម មានប្រសាសន៍ថា ដោយសារតែលំហូរចូលនៅវប្បធម៌បរទេស បានធ្វើឲ្យយុវជនកម្ពុជាប្រើប្រាស់ទិវានេះខុស។ លោកស្រីបន្តថា ក្រសួងកិច្ចការនារីនឹងរៀបចំវេទិកានៃក្ដីស្រលាញ់ ១៤ កុម្ភៈ នេះ ជាមួយនាយកសាលា សាស្ត្រាចារ្យនៅតាមវិទ្យាល័យក្នុងទីក្រុងភ្នំពេញ និងខេត្តមួយចំនួន ដើម្បីបញ្ជ្រាបការអប់រំដល់យុវវ័យ តាមរយៈការបញ្ចាំងឈុតខ្លីនៃក្ដីស្រលាញ់ តាមទូរទស្សន៍ និងផ្សព្វផ្សាយតាមវិទ្យុ។ ទន្ទឹមនិងគ្នានេះ ក្រសួង និងមន្ទីរកិច្ចការនារីនឹងធ្វើយុទ្ធនាការចុះអប់រំដោយផ្ទាល់ នៅក្នុងខេត្តចំនួន ៣ទៀត ដែលនៅជាប់ព្រំដែនផងដែរ ៖ "យុទ្ធនាការរបស់យើង បើកធ្វើនៅក្រសួងតែម្ដង ដែលប្រមូលសាស្ត្រាចារ្យ នាយកសាលារៀន ដើម្បីមកចូលអប់រំផ្ទាល់ ជូនទៅអស់លោកហ្នឹង អប់រំបន្តផ្សព្វផ្សាយទៅសិស្ស និស្សិតរបស់ខ្លួនយើងអត់ផ្សព្វផ្សាយតាមសាលាទេនៅទីក្រុង តែយើងមានវិធានការមួយចុះផ្សព្វផ្សាយនៅតាមខេត្តចំនួន៣ បន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប ព្រោះខេត្ត៣ហ្នឹងជាខេត្តនៅទល់ដែនថៃ"។

ទាក់ទងបញ្ហានេះ លោក សុខ សុវណ្ណា នាយកវិទ្យាល័យបាក់ទូក បានឲ្យដឹងថា សាលារបស់លោកមិនអនុញ្ញាតឲ្យសិស្សឈប់សម្រាក ឬមានការដាក់លក់ផ្កានៅខាងមុខសាលានោះទេ ៖ "យើងណែនាំតាមដងទង់ជាតិអីអ៊ីចឹង ឲ្យយល់ពីអត្ថន័យនៃបុណ្យហ្នឹង កុំប្រើពាក្យបុណ្យសង្សារ អាហ្នឹងជាការមួយបំភ្លៃ និងបំពុលបរិយាកាសដល់សង្គមហើយ សូមប្រើថាទិវានៃក្តីស្រឡាញ់បានហើយ ជាការមួយដែលស្រឡាញ់គ្នា រាប់អានគ្នា បងប្អូន គ្រួសារ មិត្តភ័ក្ដិអីបានហើយ"។
មានមតិមួយចំនួនឲ្យដឹងថា មានយុវវ័យភាគច្រើនបានយល់ច្រឡំថា ថ្ងៃទី១៤ កុម្ភៈ គឺជាថ្ងៃបុណ្យសង្សារ ដែលយុវវ័យខ្លះ ក្រៅអំពីការទិញផ្កាជូនគ្នា បានបូជាខ្លួនប្រាណទៅឲ្យគូសង្សាររបស់ពួកគេ នៅក្នុងថ្ងៃនោះ។
ជុំវិញបញ្ហានេះ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ស៊ីវណ្ណ បុទុម បានសំដែងក្តីបារម្ភដូច្នេះ ៖ "ជាក្តីបារម្ភធ្ងន់ធ្ងររបស់ក្រសួងកិច្ចការនារី ការធ្លាក់ចុះតម្លៃស្ត្រី និងគ្រួសារខ្មែរ ធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរណាស់ ចំពោះសិស្សស្រី យើងខ្លាចវាប៉ះពាល់ដល់វប្បធម៌ថ្លៃថ្នូរខ្ពង់ខ្ពស់របស់យើង ដែលភាពសក្ដិសិទ្ធិគេហៅថាព្រហ្មចារី ដែលសង្គមខ្មែរទទួលស្គាល់ណាស់ ឲ្យតម្លៃណាស់ ហើយប៉ះពាល់ទៅដល់សិស្សនារី ខូចចិត្តបោះបង់ចោលការសិក្សាតើយើងបានអ្វីស្នង"។
ដោយសារតែមានក្តីបារម្ភនេះ ក្រុមអង្គការយុវជនស្ម័គ្រចិត្ត ហៅថាមិត្តអប់រំមិត្ត ក៏បានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយដល់យុវជន ឲ្យយល់ដឹងពីអត្ថន័យទិវានៃក្ដីស្រលាញ់ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ផងដែរ។
ប្រធានផ្នែកសុខភាពបន្តពូជយុវវ័យ នៃសមាគមយុវជនខ្មែរ កញ្ញា យិត សុខា បានថ្លែងថា សមាគមនេះមានក្រុមយុវជនស្ម័គ្រចិត្ត ហៅថាមិត្តអប់រំមិត្ត ដើម្បីផ្សព្វផ្សាយពីបញ្ហាសុខភាព ៖ "យុវជនកន្លងមកគាត់យល់ថា ថ្ងៃបុណ្យនៃក្តីស្រលាញ់ហ្នឹង គឺជាថ្ងៃបុណ្យសង្សារ អ៊ីចឹងការយល់ច្រឡំហ្នឹងធ្វើឲ្យយុវជនមួយចំនួនយល់ថា ជាថ្ងៃយុវជនត្រូវប្រគល់ខ្លួនប្រាណ។ ដូច្នេះហើយ យើងគិតថាវាហ្នឹងបង្កឲ្យមានបញ្ហារួមភេទ និងមិនមានការប្រើប្រាស់ស្រោម និងវាអាចប្រឈមនិងការឆ្លងមេរោគអេដស៍ ឬប្រឈមទៅហ្នឹងកាមរោគផ្សេងៗ"។
ឯកសារខ្លះបានសរសេរថា ថ្ងៃបុណ្យនៃក្ដីស្រលាញ់ មានដើមកំណើតមកពីលោក សេន វើលេនថាញ (Saint. Valentine) ជាជនជាតិរ៉ូម៉ាំងម្នាក់ បានបាត់បង់ជីវិតដោយសារការប្រឆាំងដាច់ខាតមិនលះបង់ជំនឿទៅលើព្រះយេស៊ូគ្រិស្ត។ ហើយបុរសនេះបានទទួលមរណភាពនៅថ្ងៃទី១៤ កុម្ភៈ ប៉ុន្តែឆ្នាំមានការសរសេរខុសៗគ្នា ខ្លះថាឆ្នាំ២៩៦ ឆ្នាំ២៧០ ខ្លះថាឆ្នាំ២៧៣។ ថ្ងៃ១៤ កុម្ភៈ ត្រូវបានគេឧទ្ទិសបូជាសម្រាប់សេចក្ដីស្រលាញ់ មិនយូរប៉ុន្មានថ្ងៃនោះត្រូវបានមនុស្សទូទៅនាំគ្នាផ្ញើសារនៃសេចក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក។ ហើយលោក សេន វើលេនថាញ បានក្លាយជានិមិត្តរូបនៃសេចក្ដីស្រលាញ់ សម្រាប់គូរស្នេហ៍ បង្ហាញសេចក្ដីស្រលាញ់ទៅកាន់មិត្តភ័ក្ដិ និងអ្នកជាទីស្រលាញ់ ដោយផ្ញើពាក្យកាព្យ និងកាដូ មានដូចជាផ្កាជាដើម៕