ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ បានចោទប្រកាន់ថា មន្ត្រីជំនាញជលផលជាអ្នកនៅពីក្រោយខ្នងនៃការនេសាទខុសច្បាប់ទាំងនោះ។
អ្នកភូមិដែលរស់នៅតាមតំបន់នេសាទនានានៃស្រុកកំពង់លែង បានឲ្យដឹងថា ក្រុមអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ មានដូចជាការអូសអួនក្រឡាញឹក និងមានបណ្ដោយច្រើនរយម៉ែត្រ និងទូករុញជនជាច្រើនគ្រឿង បានធ្វើឲ្យខូចខាតឧបករណ៍ជាលក្ខណៈគ្រួសាររបស់ប្រជានេសាទក្រីក្រ ដោយគ្មានអាជ្ញាធរណាជួយទប់ស្កាត់ឡើយ។
បុរសអ្នកភូមិឈ្មោះ ពុំ ធួន មានទីលំនៅភូមិកោះក្អែក ឃុំកំពង់ហៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ មករា ឆ្នាំ២០១៣ ថា ស្ទើរតែរៀងរាល់យប់ ក្រុមអ្នកនេសាទខុសច្បាប់បានធ្វើសកម្មភាពនេសាទដោយគ្មានកោតក្រែងចំពោះច្បាប់ និងមិនខ្ចីខ្វាយខ្វល់ចំពោះការខូចខាតឧបករណ៍នេសាទជាលក្ខណៈគ្រួសាររបស់អ្នកភូមិក្រីក្រ ដូចមង ឬសន្ទូចដែលអ្នកភូមិបានរាយនោះឡើយ។
បុរសអ្នកភូមិរូបនេះបានអះអាងថា គាត់មានប្រភពដែលបញ្ជាក់ថា ក្រុមអ្នកនេសាទខុសច្បាប់ទាំងនេះមានមន្ត្រីជំនាញជលផល មន្ត្រីប៉ូលិស និងប៉េអិម ជាខ្នងបង្អែក៖ «តាំងពីបិទឡូត៍នេសាទទៅ អាវង់អួន អារុញជន និងរបាំងនោះ វាចង់ជាងពេលមានឡូត៍ទៀត។ សេរីពេញតែទន្លេ ខ្ញុំឆ្ងល់ដែរថា បទល្មើសផ្សេងអាចបង្ក្រាបបាន ចុះអាបទល្មើសនេសាទនេះក៏អត់មានក្រសួងណាបង្ក្រាបបានអ៊ីចឹង»។
អ្នកភូមិម្នាក់ទៀតរស់នៅភូមិកំពង់អុស ឃុំផ្សារ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បច្ចុប្បន្ននៅចំណុចភូមិកំពង់អុស បទល្មើសនេសាទប្រភេទឈ្នក់ក៏កំពុងកើតឡើងយ៉ាងច្រើនដែរ៖ «នៅកន្លែងនេះពួកវាដាក់ឈ្នុក ដោយប្រើអំពូលសម្រាប់អូសទាញត្រីឲ្យចូលមក ហើយវាប្រើមង ៨លី ចាប់អស់ហើយកូនត្រីតូចតាច។ ពួកវាដាក់ពេញតែបឹងហ្នឹង គ្មាននរណាអើពើចាប់វាទេ»។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង គឺលោក សេង ប៊ុនឈឿន មានប្រសាសន៍ថា លោកមិនបដិសេធចំពោះរបាយការណ៍របស់អ្នកភូមិទេ។ យ៉ាងនេះក្ដី លោកថា ការបង្ក្រាបបទល្មើសនេសាទបានដំណើរការជាប្រចាំ តែដោយស្ថានភាពភូមិសាស្ត្រធំទូលាយ លំបាកក្នុងការបង្ក្រាប ទើបនៅមានការខ្វះចន្លោះខ្លះ៖ «ខ្ញុំចាត់ការអត់ដែលធ្វេសប្រហែសនោះទេ។ តែធម្មតា អ្នកលួចវាមានល្បិចច្រើនណាស់។ ម្យ៉ាងខ្ញុំកំពុងពិភាក្សាគ្នាដើម្បីរកមធ្យោបាយបង្ក្រាប ព្រោះកន្លងទៅការបង្ក្រាបទទួលបានលទ្ធផលតិចតួចណាស់ ព្រោះពួកអ្នកប្រព្រឹត្តបទល្មើសនេសាទ វារហ័សណាស់ ពេលដឹងថាយើងទៅដល់ វាកាត់ទម្លាក់ចោលទៅ យើងគ្មានភស្តុតាងចាប់វាទេ តែខ្ញុំនឹងព្យាយាមធ្វើ»។
អាជ្ញាធរភូមិ ឃុំ នានានៅតាមបណ្ដោយដងទន្លេសាប ក្នុងស្រុកកំពង់លែង បានអះអាងប្រហាក់ប្រហែលគ្នាថា ពិតជាមានសកម្មភាពនេសាទខុសច្បាប់នៅក្នុងដែនដីរបស់ពួកគេមែន។ ប៉ុន្តែអាជ្ញាធរដែនដីពុំមានសិទ្ធិអ្វីទៅហាមឃាត់ ឬចាប់រឹបអូសឧបករណ៍ទាំងនោះទេ ប្រសិនគ្មានការសហការពីផ្នែកជំនាញ។ អាជ្ញាធរភូមិមួយរូប នៅឃុំប្រឡាយមាស បានឲ្យដឹងថា លោកពិតជាបានឃើញការនេសាទល្មើសច្បាប់មានស្ទើររាល់យប់៖ «ការនេសាទខុសច្បាប់នេះ អ្នកស្រុកអ្នកភូមិខ្ញុំ គាត់អត់បានធ្វើទេ គឺអ្នកដែលមកពីឆ្ងាយជាអ្នកធ្វើនេសាទខុសច្បាប់នេះ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា មានប្រសាសន៍ថា ការបង្ក្រាបបទល្មើសនេសាទអាចទទួលបានលទ្ធផលល្អ លុះត្រាតែរាជរដ្ឋាភិបាលបំបាត់ឲ្យអស់នូវអំពើពុករលួយ ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ពីថ្នាក់លើដល់ថ្នាក់ក្រោម ហើយត្រូវអនុវត្តច្បាប់នោះឲ្យស្មើភាពគ្នារវាងអ្នកមានអំណាច ឬមានលុយ ជាមួយប្រជាពលរដ្ឋក្រីក្រ និងត្រូវធ្វើឡើងជាប្រចាំដោយមិនត្រូវរង់ចាំតែមានបញ្ជាពីថ្នាក់លើ ទើបធ្វើការបង្ក្រាបនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។