មនុស្ស​ម្នាក់​សន្លប់​និង​២​នាក់​រង​របួស​ក្នុង​សកម្មភាព​វាយតប់​ដោយ​ក្មេង​ស្ទាវ​នៅ​រតនគិរី

យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​សន្លប់​និង​ពីរ​នាក់​ទៀត​រង​របួស​នៅ​ក្នុង​សកម្មភាព​វាយតប់​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ស្ទាវ​ដែល​គេ​ចោទ​ទៅ​លើ​អធិការ​ស្ដីទី​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី លោក ឡាក់ សុវណ្ណរិទ្ធិ ថា​ជា​អ្នក​ដឹកនាំ​ការវាយ​ប្រហារ​នោះ។

0:00 / 0:00

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​អណ្ដូងមាស​ស្ថិត​នៅ​ក្នុង​ឃុំ​ម៉ាលិច កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០០៨ ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រមូល​ផ្ដុំ​គ្នា​រាំ​លេង​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។

អ្នក​ភូមិ​ឈ្មោះ វី សារុន អាយុ​៤៨​ឆ្នាំ និយាយ​ថា ហេតុការណ៍​នេះ​កើត​ចេញ​ពី​លោក ឡាក់ សុវណ្ណរិទ្ធិ ហើយ​កេណ្ឌ​បក្ស​ពួក​ជា​ក្មេង​ស្ទាវ​ជា​ដៃ​ជើង​វាយ​លោក​រហូត​សន្លប់ និង​ធ្វើ​ឲ្យ​កូន​ប្រុស​មាន​របួស​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ជា​ច្រើន​ដែល​ឃើញ​ហេតុការណ៍។

លោក វី សារុន បាន​ឲ្យ​ដឹង​ថា ៖ «គេ​ឃើញ​គ្រប់​គ្នា​ទាំង​ចាស់​ទុំ​ព្រោះ​មនុស្ស​រាប់​រយ​នាក់។ កុំ​តែ​បាន​ប៉ូលិស​ម្នាក់​មក​ជួយ កុំ​អី​គេ​អូស​ខ្ញុំ​ចូល​ផ្ទះ​គេ វ៉ៃ​ខ្ញុំ គេ​ចោទ​ខ្ញុំ​ទៀត»

ចំណែក​មន្រ្តី​ប៉ូលិស​ស្រុក​អណ្ដូងមាស​ម្នាក់​ទៀត លោក សន ធន អះអាង​ដែរ​ថា បាន​រង​របួស​ក្នុង​ការវាយ​ប្រហារ​គ្នា​នោះ​ដែរ ដោយសារ​លោក​ព្យាយាម​សង្រ្គោះ​អ្នក​ភូមិ​ដែល​គេ​វាយ​សន្លប់។

លោក សន ធន បាន​មាន​ប្រសាសន៍​ថា ៖ «ក្មេង​៧​-​៨​នាក់​ឯណោះ រួច​បង​នោះ​តែ​ម្នាក់​ឯង រួច​ខ្ញុំ​ឃើញ​អ៊ីចឹង​ខ្ញុំ​ជួយ​កុំ​ឲ្យ​វ៉ៃ គេ​មិន​ស្ដាប់​ទេ ព្រោះ​វា​កំពុង​ប្រតាយ​ប្រតប់​គ្នា យូរ​ណាស់​ទម្រាំ​យក​បាន​អ្នក​សន្លប់​ចេញ​មក បាន​បែក​គ្នា»

ឆ្លើយ​តប​ចំពោះ​ការចោទ​ប្រកាន់​ខាង​លើ​អធិការ​ប៉ូលិស​ស្ដីទី លោក ឡាក់ សុវណ្ណរិទ្ធិ បាន​បដិសេធ​ការចោទ​ប្រកាន់ ហើយ​ថា​មិន​បាន​ដឹកនាំ​ការវាយ​ប្រហារ​នោះ​ទេ។ លោក​ថា​ជា​ជម្លោះ​រវាង​ក្រុម​ក្មេង​ស្ទាវ​នៅ​ក្នុង​ភូមិ ហើយ​លោក​បាន​បង្រ្កាប​ដោយ​បាន​វាយ​ក្មេង​ស្ទាវ​ជា​ភ្នាក់ងារ​ប៉ូលិស តែ​លោក​មិន​បាន​វាយ​បុរស​ជា​ឪពុក​ទេ។

លោក ឡាក់ សុវណ្ណរិទ្ធិ បាន​ឲ្យ​ដឹង​ថា ៖ «វ៉ៃ​ដែរ វ៉ៃ​ជនល្មើស​ទាំង​ពីរ ជា​ក្មេង​ស្ទាវ។ រួច​ទៅ​ផ្សព្វផ្សាយ​ថា ខ្ញុំ​វាយ​សន្លប់​អី មិន​ជាក់ស្ដែង ខ្ញុំ​ប្ដឹង​វិញ»

ស្នងការ​ប៉ូលិស​ស្ដីទី លោក ចៅ នាង មាន​ប្រសាសន៍​ដែរ​ថា លោក​មិន​មាន​ព័ត៌មាន​ជាក់លាក់​ពី​ហេតុការណ៍​វាយ​ប្រហារ​គ្នា​នោះ​ទេ ហើយ​លោក​ថា​នឹង​ធ្វើការ​ស្រាវជ្រាវ​ករណី​នេះ​បន្ត ៖ «ស្នងការ​ឲ្យ​ព័ត៌មាន​ដែរ​ថា ករណី​អធិការ​រង​វ៉ៃ​គ្នា​យ៉ាង​ម៉េច»

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​សប្ដាហ៍​មុន​បាន​ថ្លែង​ជា​សាធារណៈ​រិះគន់​មន្រ្តី​មាន​អំណាច​ទាក់ទិន​ទៅ​នឹង​សកម្មភាព​បង​តូច​បង​ធំ​អុកឡុក​ទី​សាធារណៈ​តាម​បណ្ដា​ខេត្ត​ក្រុង ក៏ប៉ុន្តែ​ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ កត់​សម្គាល់​ថា សកម្មភាព​ក្រុម​បង​តូច​បង​ធំ​កាន់តែ​កើត​មាន​ច្រើន​ឡើងៗ​មិន​អាច​ទប់ស្កាត់​បាន។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​រាលដាល​ដល់​ជនបទ​ឆ្ងាយៗ។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោក​ធ្លាប់​ព្រមាន​ហើយ​ថា បើសិន​ជា​ខេត្ត​ណា​រឿង​បង​តូច​បង​ធំ​បាន​ជោគជ័យ​ទេ ឲ្យ​បង​តូច​បង​ធំ​ឡើង​ធ្វើ​អ្នក​ដឹកនាំ​តែ​ម្ដង​ទៅ»

នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ឆ្នាំ​នេះ​មន្រ្តី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ខាង​លើ​រាយការណ៍​ដែរ​ថា សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ទូទៅ​ក្នុង​ខេត្ត មិន​មាន​សភាពការណ៍​លួច​ប្លន់ កាប់​សម្លាប់​ជា​ធំដុំ​ទេ ក៏ប៉ុន្តែ​មាន​លេច​ចេញ​នូវ​ការវាយតប់​បង្ក​ជម្លោះ​ដោយ​ក្រុម​បង​តូច​បង​ធំ​កើត​មាន​នៅ​តាម​ទី​រាំ​លេង​កម្សាន្ត។

យ៉ាង​នេះ​ក្ដី​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី​ទទួល​ស្គាល់​ដែរ​ថា ពិត​ជា​មាន​ហេតុការណ៍​វាយតប់​ដោយ​ក្រុម​បង​ធំ​ខ្លះៗ​មែន ក៏ប៉ុន្តែ​របាយការណ៍​បូក​សរុបពី​បាតុភាព​កើត​មាន​ឡើង​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ៕