ជម្លោះ​ដណ្តើម​ដី​រវាង​អ្នក​ភូមិ​និង​នាយ​ទាហាន​នៅ​បាត់​ដំបង​នៅ​បន្ត

អាជ្ញាធរ​ខេត្ត​បាត់ដំបង​កំពុង​ស្វះ​ស្វែង​ជួយ​ប្រជា​ពលរដ្ឋ​ច្រើន​គ្រួសារ​ដែល​កំពុង​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​មន្ត្រី​យោធា​ខេត្ត​បាត់ដំបង​ម្នាក់​ដើម្បី​យក​ដី​ពី​នាយ​ទាហាន​នេះ​មក​ធ្វើ​ជា​កម្មសិទ្ធិ​វិញ។

ក្រុម​អធិការកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មករា​នេះ បាន​ជួប​ប្រជុំ​គ្នា​នៅ​សាលា​ស្រុក​បាណន់ ដើម្បី​ជជែក​គ្នា​រក​ដំណោះស្រាយ​លើ​ករណី​វិវាទ​ដីធ្លី​រ៉ាំរ៉ៃមួយ​រវាង​អ្នក​​ភូមិ​ជា​ច្រើន​គ្រួ​សារ និង​មន្ត្រី​យោធា​ម្នាក់​ក្នុង​ខេត្ត​បាត់ដំបង។

លោក ស្រេង ស៊្រាង អភិបាល​ស្រុក​បាណន់ បាន​មានប្រសាសន៍​ថា កិច្ច​ប្រជុំ​មាន​គោល​បំណង​​បញ្ចប់​ជម្លោះ​និង​ចង់​ឲ្យ​អ្នក​ភូមិ​ទទួល​បាន​ផល​ស្រូវ​ដែល​ពួក​គេ​បាន​បង្ក​បង្កើន​ផល​លើដី​មាន​ទំនាស់​ជា​មួយ​មន្ត្រី​យោធា​ឈ្មោះ ឌឿ សាវិន ដោយ​លោក​បាន​បញ្ជាក់​ថា ៖ «គោល​ដៅ​គឺ​យើង​ចង់​សម្រប​សម្រួល​ឲ្យ​បាន​ផល​ស្រូវ​យក​ទៅ​ហូប​យក​ទៅ​ប្រើ​ប្រាស់​រៀងៗ​ខ្លួន ​ព្រោះ​មក​ទល់​ថ្ងៃ​ហ្នឹង​ប្រជាជន​យើង​បង្ក​បង្កើន​ផល​ហើយ​អត់​មាន​ស្រូវ​ហូប​សឹង​តែ​ប្រើ​ពាក្យ​ថា អត់​បាយ​ក៏​បាន​ដែរ។ គាត់​ទៅ​ពឹង​គេ ​ទៅ​ខ្ចី​គេ​ហូប​ដោយ​សារ​អី? ដោយ​សារ​ពេល​ច្រូត​ហើយ​លោក ឌឿ សាវិន​ គាត់​ប្រមូល​ទុក​មួយ​កណ្តុប​ទៅ​»

កន្លង​ទៅ​ថ្មីៗ​នេះ​អ្នក​ភូមិ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ពួក​គេ​ឲ្យ​ទទួល​បាន​ផល​ស្រូវ​បន្ទាប់​ពី​លោក​ ឌឿ សាវិន ដែល​ជា​មន្ត្រី​យោធា​បាន​ដឹក​នាំ​ ​កម្មករ ២៥​នាក់​ចុះ​ច្រូត​យក​ស្រូវ​លើ​ផ្ទៃ​ដី​ទំហំ ៣២​ហិកតា​​ស្ថិត​នៅ​ចំណុច​បឹងខ្ចាស់ ឃុំ​កន្ទឺ១ ស្រុក​បាណន់ ខេត្ត​បាត់​ដំបង កាល​ចុង​ឆ្នាំ២០០៩។

លោក អ៊ិន ប៊ុនម៉ាត់ មន្ត្រី​អធិការកិច្ច​ខេត្ត​បាត់ដំបង​បាន​មាន​ប្រសាសន៍​ថា លោក ឌឿ សាវិន ពុំ​បាន​ចូល​ខ្លួន​ទៅ​ជួប​ចរចា​ជា​មួយ​គណៈកម្មការ​ទេ។

លោក អ៊ិន ប៊ុន​ម៉ាត់ មាន​ប្រសាសន៍​បន្តថា ៖ «មិន​ទាន់​មាន​ការ​សម្រេច​ទេ​ចាំ​មើល​ល្ងាច​​សិន​ចាំ​មើល​គណៈកម្មការ​ចុះ​ទៅ​ដល់​ទីតាំង​សិន»

លោក មឿន ស្រិល អាយុ​​៤៨​ឆ្នាំ​បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដល់​ក្រុម​អ្នក​ភូមិ​ ហើយ​លោក​បាន​ត្អូញ​ត្អែរ​ថា ៖ «​ដើម្បី​ការ​ដោះ​ស្រាយ​ក្នុង​ក្រុម​គ្រួសារ​ធ្វើ​ជា​កម្មសិទ្ធិ​​បង្ក​បង្កើន​ផល​ចិញ្ចឹម​គ្រួសារ​»

​លោក ឌឿ សាវិន អតីត​ជា​មន្ត្រី​យោធា​តំបន់​ប្រតិបត្តិការ​សឹករង​ស្រុក​បាណន់​បច្ចុប្បន្ន​ត្រូវ​គេ​ដឹង​ថា បាន​ផ្លាស់​មក​ធ្វើការ​នៅ​យោធ​ភូមិភាគទី៥ មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ទេ។

សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ធ្លាប់​បាន​ស្នើ​អាជ្ញាធរ​ខេត្ត​ជួយ​ក្រុម​អ្នក​ភូមិ​ឲ្យ​ពួក​គេ​ទទួល​បាន​ផល​ស្រូវ និង​ជំរុញ​ឲ្យ​មាន​ការ​សើ​រើ​សំណុំរឿង​នៅ​ឯ​តុលាការ​ឡើង​វិញ។

លោក យិន ម៉េងលី បាន​បញ្ជាក់​ថា ទំនាស់​ខាង​លើ​កើតចេញ​ពី​ការ​ជំពាក់​លុយ​គ្នា​រវាង​លោក ឌឿ ​សាវិន និង ​ចាយ សា​វេន ជា​មន្ត្រីយោធា​ដូច​គ្នា​រហូត​មាន​ការ​ប្តឹង​ផ្តល់​មក​តុលាការ។ លោក​បន្ត​ថា ក្រោយ​មក​តុលា​ការ​បាន​ធ្វើការ​កាត់​សេចក្តី​ដោយ​ពុំ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ច្បាស់​លាស់​ទេ​ ជុំវិញ​ករណី​នេះ។

លោក យិន ម៉េងលី បាន​ឲ្យ​ដឹង​ថា ៖ «កាត់​សេចក្តី​នៅ​លើតុ​ដោយ​គ្មាន​មើល​អី​ទាំង​អស់​សម្រេច​ទាំង​ងងឹត​ងងុល​ ខ្ញុំ​ប្រើ​ពាក្យ​អញ្ជឹង​ចុះ​លោក​ចៅ​ក្រម​គាត់​សម្រេច​ហើយ​បង្ក​ភាព​លំបាក​»

គណៈកម្មការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ខេត្ត​បាត់ដំបង ​កាល​ពី​ឆ្នាំ​២០០១ បាន​ប្រគល់​ដី​ទំហំ ៣២​ហិក​តា​ឲ្យ​អ្នក​ភូមិ​ចំនួន ៦​គ្រួ​សារ។ ​អ្នក​ភូមិ ៦​គ្រួសារ​បាន​ចែក​ដី​នោះ​បន្ត​ជា ១២​គ្រួសារ​ ដោយ​បាន​បង្ក​បង្កើន​ផល​លើ​ដី​នោះ​រហូត​មក៕