ការតវ៉ានេះធ្វើឡើងនៅនឹងកន្លែងដីមានទំនាស់និងបន្តមកសាលាឃុំអមលាំង ដោយទាមទារឲ្យអាជ្ញាធរឃុំ ស្រុក មានការពន្យល់ឲ្យបានច្បាស់លាស់និងមានដំណោះស្រាយចំពោះការឈូសឆាយដីគម្រោងដាំអំពៅដែលពួកគេបានអះអាងថា បានបំពាន់លើដីរបស់អ្នកភូមិ។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកតវ៉ា លោក អុក រ៉េន មកពីភូមិក្រាំងដូង មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «បានជាពួកខ្ញុំមកឈរនៅទីនេះ គឺពួកខ្ញុំចង់តវ៉ាអំពីបញ្ហាដីដែលក្រុមហ៊ុន លី យ៉ុងផាត់ បានចាប់ផ្ដើមឈូសឆាយពីម្សិលមិញនេះ ធ្វើឲ្យប៉ះពាល់ដីស្រែបងប្អូនប្រជាជនជាច្រើន។ នេះគ្រាន់តែចាប់ក្បាលដំបូងអាចប៉ះពាល់ច្រើនប៉ុណ្ណឹង ចុះទម្រាំនឹងថ្ងៃខាងមុខទៀត នឹងប៉ះពាល់ប៉ុណ្ណាទៅ? អ៊ីចឹងហើយបងប្អូនប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត ចង់តវ៉ាបញ្ឈប់គ្រឿងចក្រតែម្ដង ដើម្បីបញ្ឈប់ការឈូសឆាយនេះ ដោះស្រាយឲ្យរួចរាល់សិនចាំឈូសឆាយបន្ត»។
ស្រ្តីម្នាក់ទៀតស្ថិតនៅក្នុងចំណោមអ្នកតវ៉ាទាំងអស់គ្នានោះដែរ បានបន្តថា ៖ «ប្រជាជនតវ៉ាថា សុំឲ្យទុកដីគ្រាន់ប្រជាពលរដ្ឋឲ្យគោឲ្យអីស៊ី ដល់ហើយគាត់ថា មិនបាច់ទេ មិនបាច់ទុកដីឲ្យគោស៊ីទេចាំស៊ីចុងអំពៅគាត់ទៅ»។
លោកស្រី ហាប់ ដាំ មេឃុំអមលាំង មិនទទួលការឆ្លើយបំភ្លឺចំពោះការទាមទារពីអ្នកតវ៉ានោះទេ ដោយលោកស្រីដើរគេចចេញពីក្រុមប្រជាពលរដ្ឋអ្នកតវ៉ាទាំងនោះ។
ចំណែកអភិបាលស្រុកថ្ពង លោកទួន សុង ដែលកំពុងមានវត្តមានក្នុងកិច្ចប្រជុំនៅទីនោះ បានសូមឲ្យពលរដ្ឋរើសតំណាង៦នាក់ចូលជួបពិភាក្សា តែលោកមិនផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានទេ ដោយគ្រាន់តែមានប្រសាសន៍ខ្លីថា ការឈូសឆាយនេះគ្រាន់តែជាការឈូសកំណត់ព្រំទេ ហើយលោកកំពុងមានផែនការដោះស្រាយនិងស្រង់ឈ្មោះពលរដ្ឋណាខ្លះដែលប៉ះពាល់ពិតប្រាកដនោះ។
ទាក់ទិននឹងបញ្ហានេះដែរ មន្រ្តីរបស់សមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ស្ពឺ លោកស្រី អ៊ូជ បូរ មានប្រសាសន៍ថា លោកស្រីទើបបានទទួលពាក្យបណ្តឹងពីប្រពលរដ្ឋ ហើយគ្រោងធ្វើការសិក្សាស្រាវជ្រាវលើករណីនេះ ៖ «អ៊ីចឹងថ្ងៃច័ន្ទ (១ មីនា) គេចូលធ្វើការទាំងអស់គ្នា ប៉ុន្តែស្អែកនេះ (២៨ កុម្ភៈ) គេនឹងធ្វើកិច្ចសន្យាជាមួយតំណាង៦នាក់ហ្នឹង»។
មន្រ្តីកសិកម្មខេត្តបានឲ្យដឹងថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅតំបន់នោះចំនួន៣.០០០ហិកតា ទៅឲ្យក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើ និងក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើ ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ា លី យ៉ុងផាត់ សម្រាប់អភិវឌ្ឍន៍ដាំដំណាំអំពៅ តែមិនឲ្យប៉ះពាល់ដល់ដីប្រជាពលរដ្ឋនោះទេ។
លោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាដែលអ្នកស្រុកអះអាងថា ជាប្រធានក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើ និងក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើ នោះ មិនអាចទាក់ទងសុំការពន្យល់បាននៅឡើយទេ ទាក់ទងនឹងទំនាស់ដីនៅកំពង់ស្ពឺនោះ។
ទោះយ៉ាងណាក្តី ការតវ៉ានោះពុំទាន់មានលទ្ធផលច្បាស់លាស់ណាមួយនៅឡើយទេ ប៉ុន្តែគ្រឿងចក្រជាង១០គ្រឿងរបស់ក្រុមហ៊ុនបានយល់ព្រមផ្អាកការដោះស្រាយជាបណ្តោះអាសន្នហើយដើម្បីរង់ចាំការដោះស្រាយឲ្យចប់សិន៕