ប្រជាពលរដ្ឋនិងមន្ត្រីបក្សប្រឆាំងនៅសង្កាត់ច្បារអំពៅ២ សង្កាត់ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រតិកម្មចំពោះអាជ្ញាធរសង្កាត់នេះ ថា បានធ្វើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត ឲ្យជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោតកំពុងមានភាពមិនប្រក្រតី។
អនុប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សសិទ្ធិមនុស្ស អ្នកស្រី ឡាក់ សុភាព បានឲ្យដឹងនៅថ្ងៃទី២២ កុម្ភៈ ថា នៅក្នុងសង្កាត់ច្បារអំពៅ២ មានប្រធានក្រុមជនជាតិវៀតណាមម្នាក់របស់គណបក្សប្រជាជន ដើរប្រមូលជនជាតិវៀតណាម ដែលចូលមករស់នៅតាមមូលដ្ឋានឲ្យទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។
អ្នកស្រីបានសង្កេតឃើញថា ទាំងការស្លៀកពាក់ និយាយស្ដី គឺជាជនជាតិវៀតណាមពិតប្រាកដ ហើយពួកគេបានប្ដូរឈ្មោះពីដើមមកឈ្មោះខ្មែរវិញ។ ឧទាហរណ៍ឈ្មោះ ង្វៀង ង៉ុក ហៅ សេង ថារិទ្ធ ឈ្មោះ ង្វៀង ស៊ី ហៅចៅ ង្វៀង វណ្ណស៊ី ជាដើម៖ «ប្រធានក្រុមនោះ គាត់ធ្វើជាសាក្សីបញ្ជាក់តាំងពីព្រឹករហូតទល់ល្ងាចទៀត ដល់ខ្ញុំសួរទៅកូនចៅរបស់ចៅសង្កាត់នោះគាត់ថា រឿងនេះគាត់បញ្ជាក់តែម្នាក់ពីរនាក់ទេ។ អ្វីដែលអាជ្ញាធរសង្កាត់ច្បារអំពៅ២ បានធ្វើនេះ គឺមិនគាំទ្រប្រជាពលរដ្ឋខ្មែរ គឺគាំទ្រប្រជាពលរដ្ឋយួនដើម្បីសំឡេងឆ្នោតឯកសារនេះ គេនឹងធ្វើលិខិតមួយស្របច្បាប់តែម្ដង ដោយសារគេមានឈ្មោះនៅក្នុងនោះ ហើយគេសរសេរជាក្រដាសតូចៗដាក់នៅក្នុងនោះ ឲ្យជនជាតិវៀតណាម កាន់យកមកផ្ទាល់តែម្ដង ហើយគេឆែកបញ្ជីឈ្មោះតែម្ដង។ ហើយនៅពេលដែលគេសួរថា ភូមិណា ជនជាតិវៀតណាមស្រីនោះ បានប្រាប់ថា គាត់នៅភូមិដើមចាន់ តែមេក្រុមនោះប្រាប់ថា មិនមែននៅភូមិដើមចាន់ទេ នៅភូមិកណ្ដាល។ គ្រាន់តែវែកញែកចំណុចដ៏តូចមួយនោះមានភាពមិនប្រក្រតីរួចទៅហើយ»។
ពលរដ្ឋរស់នៅសង្កាត់ច្បារអំពៅ២ បានអះអាងថា ជារៀងរាល់ថ្ងៃគាត់បានឃើញជនជាតិវៀតណាមខ្លះដែលទើបមករស់នៅស្រុកខ្មែរមិនទាន់ចេះនិយាយភាសាខ្មែរផង បានទៅសង្កាត់ច្បារអំពៅ២ដើម្បីធ្វើលិខិតឯកសារច្បាប់ផ្សេងៗ ជាពិសេសបំពេញបែបបទដើម្បីបានសិទ្ធិបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ពលរដ្ឋ៖ «ខ្ញុំទៅធ្វើបញ្ជីជាតិឲ្យចៅខ្ញុំឃើញគេថា បើចង់រស់នៅខ្មែរ ដាក់ឈ្មោះខ្មែរៗទៅ កុំដាក់ឈ្មោះវៀតណាម គេដឹងខ្មែរយើងអ្នកធ្វើឈ្មោះនោះគេប្រាប់អ៊ីចឹង ដាក់ឈ្មោះខ្មែរៗ សុខ ឬ អាសាន កុំឲ្យដាក់ឈ្មោះ ង្វៀង វ៉ាន់ អី គេដឹងថា សញ្ជាតិយួនហើយ គេបញ្ចេះវៀតណាមទៀតណា! និយាយតាមត្រង់ទៅ ឃើញវៀតណាមទៅមានការភ័យ។ គេជួយវៀតណាមហ្មង ព្រោះគេប្រើលុយវៀតណាមធ្វើអីជាមួយខ្មែរ គឺវៀតណាមគេបានមុនហើយ ខ្ញុំបានក្រោយគេ ខ្ញុំខ្មែរអត់ប្រើលុយ។ វៀតណាមគេប្រើលុយច្រើនណាស់ ធ្វើឈ្មោះបោះឆ្នោត៥០ ១០០ ២០០ ទៅ ៣០០ដុល្លារខ្សឹបខ្សៀវគេបានមុនយើង»។
ចៅសង្កាត់ច្បារអំពៅ២ លោក យ៉ិន វុធ បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយវែងឆ្ងាយឡើយចំពោះបញ្ហានេះ៖ «ខ្ញុំធ្វើតាម គ.ជ.ប. (គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត) អ្នកដែលបាត់ឯកសារយើងធ្វើឲ្យ អ្នកគ្មានទៅធ្វើអីបាន។ សួរអាអ្នករាយការណ៍ហ្នឹងទៅ អាណារាយការណ៍ សួរអាហ្នុង ខ្ញុំមិនដឹងអ្នកណាថា យ៉ាងម៉េចខ្ញុំអត់ដឹង»។
មន្ត្រីសង្កាត់ច្បារអំពៅ២ម្នាក់បានឲ្យដឹងថា សង្កាត់ច្បារអំពៅ២ បានចាប់ផ្ដើមធ្វើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតឲ្យជនជាតិវៀតណាម តាំងពីថ្ងៃទី១៨ មកដល់ថ្ងៃទី២២ កុម្ភៈ។ ហើយនៅថ្ងៃទី២២ កុម្ភៈ មានជនជាតិវៀតណាមចំនួន ៥០នាក់បន្ថែមទៀតកំពុងបំពេញតាមនីតិវិធីនេះ ដើម្បីបានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តទី៣ នៅខែមិថុនា ឆ្នាំ២០១២ និងបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រឆ្នាំ២០១៣ នាពេលឆាប់ៗនេះ។
បញ្ហាជនជាតិវៀតណាមមានសិទ្ធិបោះឆ្នោតនេះ គឺជាប្រធានបទមួយក្ដៅសម្រាប់បក្សប្រឆាំងដែលតែងតែចោទប្រកាន់ថា គណបក្សកាន់អំណាចបានស៊ុមគ្រលុំឲ្យជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោតតាំងពី ឆ្នាំ១៩៩៣មក ហើយបញ្ហានេះនៅមិនទាន់ដោះស្រាយបាននៅឡើយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។