អាជ្ញាធរពន្ធនាគារព្រៃស នៅក្នុងប្រទេសកម្ពុជា បានដោះលែងបុគ្គលិករបស់កម្មវិធីស្បៀងអាហារពិភពលោក ឬដាប់ប៊ឺលយូ. អេហ្វ. ភី (WFP) គឺលោក សេង គុណាការ ឲ្យមានសេរីភាពវិញហើយ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១១ ក្រោយពីបានជាប់គុករយៈពេល ៦ កន្លងមក។
ការដោះលែងនេះ គឺផ្អែកលើដីកាបង្គាប់របស់ព្រះរាជអាជ្ញានៃតុលាការក្រុងភ្នំពេញ ផ្ញើជូននាយកពន្ធនាគារព្រៃស ចុះនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១១។
មេធាវីរបស់លោក សេង គុណាការ គឺលោក ជូ សុខេង ដែលបានទៅទទួលស្វាគមន៍ លោក សេង គុណាការ នៅឯពន្ធនាគារព្រៃស នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១១ មានប្រសាសន៍ថា កិច្ចការរបស់ លោក ជា មេធាវី នៃសំណុំរឿងនេះ បានចប់ហើយ។ លោកបន្តថា «ប្រគល់ឲ្យក្រុមគ្រួសារគាត់ហើយ។ រីករាយជាមួយក្រុមគ្រួសារ យើងចាំតែថ្ងៃហ្នឹងដែរ»។
ប្រធានអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា លោកស្រីសាទរចំពោះការដោះលែងនេះ។ ប៉ុន្តែ ការផ្ដន្ទាទោសកន្លងមក គឺជាការផ្ញើសារអវិជ្ជមានមួយ ទៅសកម្មជនការពារសិទ្ធិមនុស្សដទៃទៀត។
លោកស្រី ពុង ឈីវកេក ៖ «ខ្ញុំមានការត្រេកអរ។ ប៉ុន្តែ ខ្ញុំនៅតែមានការសោកស្ដាយ មិនគួរជាប់ពន្ធនាគារទេ។ ព្រោះខ្ញុំជឿជាក់ថា លោកហ្នឹងអត់បានចែកខិត្តប័ណ្ណទៅក្រៅឯណា គឺជជែកគ្នា នៅក្នុងការិយាល័យទេ។ ដូច្នេះ លោកហ្នឹងមិនគួរជាប់ពន្ធនាគារទេ»។
បុគ្គលិករបស់កម្មវិធីស្បៀងអាហារពិភពលោក ឈ្មោះ សេង គុណាការ អាយុ ៤០ ឆ្នាំ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១០ កន្លងទៅ ក្រោមបទញុះញង់ឲ្យមានការប្រព្រឹត្តិបទឧក្រិដ្ឋ តាមមាត្រា ៥៩៤ និងមាត្រា ៥៩៥ នៃក្រមព្រហ្មទណ្ឌថ្មីឲ្យជាប់គុក ៦ ខែ និងផាកពិន័យជាប្រាក់ ១ លានរៀលស្មើនឹង ២៥០ ដុល្លារអាមេរិក។
ការកាត់ទោសនោះ បន្ទាប់ពីអាជ្ញាធរកម្ពុជា រកឃើញថា លោក សេង គុណាការ បានបោះពុម្ព និងចែកចាយឯកសាររបស់គេហទំព័រ ឈ្មោះ ខេអាយ មីឌៀ (Ki-Media) ដែលសរសេរថា មេដឹកនាំជាន់ខ្ពស់ចំនួន ៣ រូបរបស់គណបក្សប្រជាជនកម្ពុជា ជាជនក្បត់ជាតិ លក់ទឹកដីឲ្យវៀតណាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមេសា ឆ្នាំ ២០១១ កន្លងទៅនេះ បានប្រកាសបដិសេធ ចំពោះអត្ថបទដែលសរសេរដោយក្រុម ខេអាយ មីឌៀរ ( Ki-Media ) នោះ និងបានហៅក្រុមនោះថា ជាក្រុមមនុស្សប្រមាថរូបលោក៕