មនុស្ស​ព្រៃ​នៅ​រតនគិរី​ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ

ក្មេង​ស្រី​ឬ​មនុស្ស​ព្រៃ​ដែល​វង្វេង​បាត់​ជិត​២០​ឆ្នាំ​នៅ​ក្នុង​ព្រៃ​នៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​ព្រំដែន​ប្រទេស​វៀតណាម ត្រូវ​បាន​សង្គ្រោះ​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ហើយ​បន្ទាប់​ពី​នាង​មិន​ព្រម​បរិភោគ​អាហារ​ជិត​២​សប្តាហ៍​មក។

0:00 / 0:00

ក្រុម​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា នាង​បង្អត់​អាហារ​ខ្លួន​ឯង​ដោយសារ​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។

លោក សំបារមី វេជ្ជបណ្ឌិត​ជំងឺ​ផ្លូវ​ចិត្ត​នៃ​មន្ទីរ​ពេទ្យ​ខេត្ត​រតនគិរី បញ្ជាក់​ថា គេ​ពុំ​បាន​រក​ឃើញ​ថា នាង​មាន​ជំងឺ​អ្វី​ផ្សេង​នោះ​ទេ ក៏​ប៉ុន្តែ​ការ​បង្អត់​អាហារ​ច្រើន​ថ្ងៃ​ធ្វើ​ឲ្យ​រូប​រាង​នាង​ស្គាំង​ស្គម ហើយ​ព្យាយាម​រត់​ចេញ​ពី​មន្ទីរ​ពេទ្យ។

លោក សំបារមី បាន​បញ្ជាក់​ថា ៖ «ជំងឺ​របៀប​ហ្នឹង​វា​ភាគ​ច្រើន​អត់​បាយ​យូរៗ​ណាស់ ប្រហែល​ជា​អត់​អី​ទេ គ្រាន់​តែ​ស្គម។ វា​ធ្លាប់​នៅ​ក្នុង​ព្រៃ​យូរ​អ៊ីចឹង វា​អត់​ដែល​ស៊ី​បាយ​អី​ផង វា​ស៊ី​តែ​ផ្លែ​ឈើ...»

កាល​ពី​ឆ្នាំ​២០០៨ ឪពុក​នាង​បាន​រក​នាង​ឃើញ​វិញ​ក្នុង​សភាព​ជា​មនុស្ស​ព្រៃ សក់​វែង​ប្រះ​ស្មា គ្មាន​សម្លៀក​បំពាក់ រាង​កាយ​ស្គាំង​ស្គម មិន​ចេះ​និយាយ​ភាសា​អ្វី ហើយ​តែង​ព្យាយាម​មក​លួច​កញ្ចប់​បាយ​អ្នក​ដើរ​ព្រៃ​ដើម្បី​ហូប។

លោក សល់ លូ អ្នក​ភូមិ​ជនជាតិ​ដើម​ចារាយ មាន​ប្រសាសន៍​បញ្ជាក់​ថា គឺ​ជា​កូន​ស្រី​របស់​គាត់​ឈ្មោះ រចំភ្ញៀង ដែល​វង្វេង​បាត់​កាល​ពី​នាង​ទើប​អាយុ​៨​ឆ្នាំ នៅ​ពេល​ទៅ​ឃ្វាល​គោ​ជាមួយ​ក្មេង​ក្នុង​ភូមិ ហើយ​គាត់​ចំណាំ​បាន​ភិនភាគ​រូប​រាង​និង​ស្នាម​របួស​នៅ​ស្មា​មុន​ពេល​នាង​បាត់​ខ្លួន។

គាត់​បន្ត​ថា រយៈពេល​ជិត​ពីរ​ឆ្នាំ​បន្ទាប់​ពី​មក​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ កូន​របស់​គាត់​មិន​អាច​និយាយ​ស្តី​ឬ​ចងចាំ​អ្វី​បាន​ទាំង​អស់ ក៏​ប៉ុន្តែ​បរិភោគ​បាយ​បាន​ច្រើន​អាច​ធ្វើ​ការងារ​ខ្លះៗ​បាន ដូច​ជា​លាង​ចាន បុក​ម្សៅ​ជា​ដើម ក៏​ប៉ុន្តែ​ជា​ញឹកញាប់​នាង​ចូល​ចិត្ត​រត់​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​គុម្ពោត​ព្រៃ​ដូច​មនុស្ស​ព្រៃ។

កាល​ពី​ដើម​សប្តាហ៍​នេះ​ឪពុក​នាង​បញ្ជូន​នាង​មក​កាន់​មន្ទីរ​ពេទ្យ ក៏​ប៉ុន្តែ​នាង​នៅតែ​មិន​បរិភោគ ហើយ​បោច​សម្លៀក​បំពាក់​ចោល​និង​ព្យាយាម​រត់​ចេញ​ពី​មន្ទីរ​ពេទ្យ។

លោក សល់ លូ បាន​មាន​ប្រសាសន៍​ថា ៖ «កាន់​វា​មិន​ឈ្នះ វា​ចេះ​តែ​ស្រាត​សំពត់ ស្រាត​អាវ ចេះ​តែ​ទៅ​ព្រៃ​រហូត ខ្ញុំ​ស្រឡាញ់​ពេក យំ​ខ្លួន​ឯង​ទៀត»

លោក ហ៊ីងផាន សុគន្ធា ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត មាន​ប្រសាសន៍​ថា ជំងឺ​ក្មេង​ស្រី​នេះ​ទាមទារ​ពេលវេលា​យូរ​ក្នុង​ការ​ព្យាបាល​ជាមួយ​ការ​គាំទ្រ​ផ្លូវ​ចិត្ត​ពី​ក្រុម​គ្រួសារ​និង​សហគមន៍​ដែល​នាង​កំពុង​រស់​នៅ។ លោក​បន្ត​ថា ដោយសារ​ភាព​ស៊ាំ​របស់​នាង​កាល​ពី​នៅ​ក្នុង​ព្រៃ​ធ្វើ​ឲ្យ​នាង​អាច​អត់​អាហារ​បាន​យូរ​ថ្ងៃ​ខុស​ពី​មនុស្ស​ធម្មតា។

លោក ហ៊ីងផាន សុគន្ធា បាន​ឲ្យ​ដឹង​ថា ៖ «វា​មិន​ដូច​ជា​មនុស្ស​យើង អារម្មណ៍​វា​ងាក​ទៅ​ណេះ​ងាក​ទៅ​ណោះ»

តាម​ការ​ពិនិត្យ​ឃើញ​នៅ​ក​ដៃ​ស្តាំ​របស់​នាង​មាន​ស្លាក​ស្នាម​ដូច​មាន​របួស​ដោយសារ​ខ្សែ​ឬ​ចំណង​ដែល​ចង​រឹត​ដៃ​នោះ។ យ៉ាង​នេះ​ក្តី​រហូត​មក​ដល់​ពេល​នេះ ប្រវត្តិ​នៃ​ការ​បាត់​ខ្លួន​នៃ​ក្មេង​ស្រី​កំណើត​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី​មួយ​នេះ​នៅតែ​ជា​អាថ៌កំបាំង​និង​ចម្ងល់​ថា តើ​កាល​នាង​វង្វេង​ក្នុង​ព្រៃ​ជួប​ហេតុការណ៍​អាក្រក់​អ្វី​បាន​ជា​បាត់​ការ​ចងចាំ​និង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​យ៉ាង​នេះ?

ចំណែក​ក្រុម​គ្រួសារ​នាង​អំពាវនាវ​សុំ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឬ​ស្ថាប័ន​ជាតិ​អន្តរជាតិ​ណា​មាន​លទ្ធភាព​ទទួល​គ្រប់គ្រង​ក្មេង​ស្រី​នេះ​ដើម្បី​ព្យាបាល​និង​ស្វែងរក​ការ​ពិត​នៃ​ជីវិត​ដ៏​អភ័ព្វ​របស់​នាង៕