ការ​ចោទ​​រឿង​​​អាប​ធ្មប់​ធ្វើ​ឲ្យ​​អ្នក​ភូមិ​ព្រួយ​បារម្ភ​ពី​អំពើ​ហិង្សា

ក្រុម​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ស្រុក​អូរ​យ៉ាដាវ ខេត្ត​រតនគិរី បាន​ចុះ​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​គ្នា​ក្នុង​ជំនឿ​អាប​ធ្មប់​របស់​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើត​ឡើង​នូវ​អំពើ​ហិង្សា​កាប់​សម្លាប់​គ្នា។

មន្ត្រី​ស្រុក​អូរ​យ៉ាដាវ ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០១១ ថា ការ​ចោទ​ប្រកាន់​ទៅ​លើ​ជំនឿ​អាប​ធ្មប់​ធ្វើ​ឲ្យ​មនុស្ស​ឈឺ ឬ​ស្លាប់ គឺ​ជា​បញ្ហា​មិន​ពិត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

សេចក្ដី​អះអាង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​ស្រុក​អូរ​យ៉ាដាវ ខេត្ត​រតនគិរី មាន​អភិបាល​ស្រុក អធិការ​នគរបាល​ស្រុក មន្ត្រី​កង​កងរាជអាវុធហត្ថ មន្ត្រី​យោធា​ស្រុក និង​ប្រជា​ពលរដ្ឋ​ប្រមាណ ២០០ នាក់ បាន​ប្រជុំ​គ្នា​នៅ​ភូមិ​សោមគល់ នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០១១ ដើម្បី​បញ្ជាក់​អំពី​សេចក្ដីរាយការណ៍ ដែល​ចោទ​ប្រកាន់​គ្នា​រវាង​អ្នកភូមិ​សោមគល់​ចំនួន​ពីរ​ក្រុម​ក្នុង​រឿង​ជំនឿ​អាប​ធ្មប់​នេះ។

អធិការនគរបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ មាន​ប្រសាសន៍ ថា​មិន​មាន​ភស្តុតាង​ណា​មួយ​ជាក់​លាក់​ក្នុង​ការ​ចោទ​ប្រកាន់​ពី​រឿង​អាប​ធ្មប់​ធ្វើ​ឲ្យ​មនុស្ស​ឈឺ និង​ស្លាប់​នៅ​ក្នុង​ភូមិ​នោះ​ទេ​ពី​ព្រោះ​ការ​បំភ្លឺ​របស់​ក្រុម​អ្នក​ភូមិ ដែល​ជា​អ្នក​ចោទ​ក្នុង​រឿង​នេះ​សុទ្ធ​តែ​ជា​ការ​យល់​ខុស​ទៅ​តាម​ជំនឿ​អប្បិយ​រួប​ទាំង​អស់។

លោក ម៉ា វិចិត្រ ៖ «ប្រាំ​ពីរ​ប្រាំ​បី​នាក់​ទេ ដែល​គាត់​មាន​គំនុំ ឬ​ក៏​គាត់​ខឹង​យូរ​ហើយ។ សួរ​ទៅ​ម្ខាង​អ្នក​ចោទ​ហ្នឹង​ឲ្យ​និយាយ​ឲ្យ​អស់ ហើយ​ខាង​ជន​រង​គ្រោះ​ហ្នឹង​ឲ្យ​និយាយ​មួយ​សា​ទៅ។ ពេល​ស្ដាប់​ហេតុ​ផល​មក​សរុប​ចុង​ក្រោយ ឲ្យ​គាត់​ផ្អាក​សិន កុំ​អាល​ខឹង​ទៅ​កាប់​គេ។ ពេល​សួរ​រក​អ្នក​ឈឺ​ហ្នឹង​វា​អត់​មាន​ទៀត។ ពាក់ព័ន្ធ​ផ្លូវ​ច្បាប់​ធ្វើ​ម្ដេច​នឹង​កើត»។

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ២០១១ អ្នកភូមិ​សោមគុល​ប្រមាណ ២០០ នាក់​បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ទាមទារ​បណ្ដេញ​អ្នកភូមិ​ជាមួយ​គ្នា​ចំនួន ៥ គ្រួសារ​មាន​សមាជិក​គ្រួសារ​ជាង ៣០ នាក់ ដែល​អ្នកភូមិ​ចោទ​ថា​ជា​ត្រកូល​អាប​ធ្មប់ ដែល​បាន​ធ្វើ​ឲ្យ​អ្នកភូមិ​ឈឺ​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ មាន​អ្នកភូមិ​ប្រមាណ ១០ នាក់ បាន​ស្លាប់​ដោយ​សារ​អាប​ធ្មប់​នៃ​ត្រកូល​លោក សេវ ឡន។

អ្នកភូមិ​សោមគល់​ម្នាក់​ឈ្មោះ រចំ ជីន មាន​ប្រសាសន៍​បញ្ជាក់​ពី​ហេតុផល ដែល​ធ្វើ​ឲ្យ​អ្នកភូមិ​ចោទ​ត្រកូល​គ្រួសារ​លោក សេវ ឡន ថា​ជា​អ្នក​ធ្វើ​ឲ្យ​អ្នកភូមិ​ឈឺ​ស្លាប់ «ពួក​ខ្ញុំ​រក​ប្រពៃណី​ហើយ (គេ)​ឆ្លើយ​ថា​វាៗ អាប។ ឈឺ​សែន​វា​ជា។ អ្នក​ខ្លះ​គេ​អត់​ទាន់​សែន វា​ងាប់​ទៅ​អ៊ីចឹង​ណា!»។

លោក រចំ ចា ជា​បង​របស់​លោក សេវ ឡន បាន​បដិសេធ​ថា ត្រកូល​លោក​មិន​បាន​ចេះ​អាប​ធ្មប់ ឬ​ធ្វើ​អ្វី​ឲ្យ​អ្នក​ភូមិ​ឈឺ​ស្លាប់​នោះ​ទេ។ ក៏​ប៉ុន្តែ មាន​អ្នក​ភូមិ​ខ្លះ​មាន​គំនុំ​នឹង​ក្រុម​គ្រួសារ​លោក​ហើយ​លើក​យក​បញ្ហា​អាប​ធ្មប់​នេះ​អូស​ទាញ​ឲ្យ​អ្នក​ភូមិ​ជឿ​តាម​ជំនឿ​អរូបី ដើម្បី​បណ្ដេញ​គ្រួសារ​លោក​ឲ្យ​ចាក​ចេញ​តែ​ប៉ុណ្ណោះ។

លោក រចំ ចា ៖ «គេ​ថា​ឲ្យ​ខ្ញុំ​លូក​សំណ​ខ្ញុំ​ធ្វើ​រួច​ហើយ​តាម​ប្រពៃណី អត់​រលាក​អត់​ខូច​ទេ​ដៃ។មក​ពី​គេ​រក​គ្រួ​ទាយ​អី​ហ្នឹង​ហើយ»។

បុគ្គលិក​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​អង្កេត​របស់​សមាគម អាដហុក ក៏​ដូច​ជា​មន្ត្រី​អាជ្ញាធរ​ដែរ គឺ​ការ​ចោទ​ពី​បញ្ហា​អាប​ធ្មប់​មិន​មាន​លក្ខណៈ​ពិត​ប្រាកដ​ឡើយ។

លោក ឆាយ ធី ៖ «ផ្នត់​គំនិត​របស់​អ្នក​ភូមិ​ហ្នឹង គឺ​មាន​ជំនឿ​ស៊ប់​ទៅ​លើ​អាប​ធ្មប់។ អ៊ីចឹង​ហើយ​មាន​ការ​ញុះញង់​ពី​បុគ្គល​បួន​ប្រាំ​នាក់​ហ្នឹង​ទៅ គាត់​ជឿ​ទៅ​លើ​បុគ្គល​ដែល​ធ្វើ​ការ​ញុះញង់​ហ្នឹង​ទេ»។

អភិបាល​ស្រុក​អូរយ៉ាដាវ លោក ដក ស មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​អ្នក​ភូមិ​ជា​អ្នក​ចោទ​ប្រកាន់​នៅ​តែ​បន្ត​ទាមទារ​បណ្ដេញ​គ្រួសារ លោក សេវ ឡន ឲ្យ​ចេញ​ពី​ភូមិ បើ​ទោះ​បី​ក្រុម​អាជ្ញាធរ​ព្យាយាម​អប់រំ​ពូក​គេ​ពី​បញ្ហា​ច្បាប់ និង​បញ្ហា​ជំនឿ​អរូបី​ក៏​ដោយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បន្ត​ថា​ភាគី​ទាំង​ពីរ​យល់​ព្រម​រក្សា​ស្ថានភាព​រស់​នៅ​ធម្មតា​មិន​ប្រើ​អំពើ​ហិង្សា​រង់ចាំ​ដំណោះ​ស្រាយ​ជំហាន​ទី​ពីរ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ទៀត៕