ជាក់ស្ដែង នៅខេត្តព្រះសីហនុ មានអំពើហិង្សាក្នុងគ្រួសារមួយនៅពេលថ្មីនេះ ដោយប្ដីរួមដៃជាមួយប្អូនស្រីវាយធ្វើបាបប្រពន្ធ ដោយចាប់វាយបញ្ច្រកទឹកក្ដៅកំពុងដាំពុះ ហើយស្រោចលើខ្លួន និងថែមទាំងកាប់ប្រពន្ធទៀត។
លោក ស្រី កាន់ ចរិយា ជាភរិយារងគ្រោះម្នាក់ក្នុងចំណោមភរិយាដទៃៗទៀត ត្រូវបានប្ដីវាយធ្វើបាប ដែលភាសាបច្ចុប្បន្ន ហៅថា ជាជនរងគ្រោះនៃ «អំពើហិង្សាក្នុងគ្រួសារ»។
លោកស្រី កាន់ ចរិយា អាយុ ៤៥ ឆ្នាំ រស់នៅក្នុងផ្ទះតូចមួយ ក្នុងភូមិទី១ ស្ថិត ក្នុងតំបន់ព្រៃអាកាស្យា ជាភូមិដាច់ស្រយាលមួយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
ដោយសាររបួសធ្ងន់ធ្ងរពេញខ្លួន គាត់មិនអាចពាក់អាវបានទេ។ លោកស្រីឲ្យដឹងថា ប្ដី និងបងថ្លៃស្រីបានវាយធ្វើបាប កាប់នឹងពូថៅ ហើយចាក់ទឹកក្ដៅលើខ្លួន កាលពីខែកុម្ភៈកន្លងទៅ។
សព្វថ្ងៃនេះអ្នកស្រីគ្មានប្រាក់ព្យាបាលរបួសបន្តទេ បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុងព្រះសីហនុមួយរយៈមក។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីត្រូវទទួលបន្ទុកចិញ្ចឹមកូន ៥ នាក់ទៀត៖ «ខ្ញុំនៅរលួយក្រោមក្លៀក រលួយក្រោមក្លៀកខ្លាំងណាស់»។
ទាក់ទងរឿងទំនាស់ក្នុងគ្រួសារ ដែលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរដូច្នេះ លោកស្រីបានរំលឹកថា គឺបង្កឡើងដោយប្ដីក្រោយ ឈ្មោះ សួរ សារីម អាយុ ៥២ ឆ្នាំ និងប្អូនស្រីប្ដីរបស់គាត់ឈ្មោះ សឿ ពៅ។ អ្នកទាំងពីរបានផឹកស្រវឹង ហើយមានទំនាស់ពាក្យសម្ដីបន្តិចបន្តួចរឿងប្ដីទារលុយទិញស្រាបៀរបន្ថែម ក៏ព្រួតគ្នាវាយធ្វើបាបគាត់។
លោកស្រីរំលឹកថា៖ «ទាត់ខ្ញុំពីរជើងហើយប្ដីខ្ញុំចុះមកចាប់វ៉ៃខ្ញុំ ប្ដីខ្ញុំដាល់ខាងឆ្វេង គេដាល់ខាងស្ដាំ គេដាល់សៀតផ្កាខ្ញុំ។ គេចាប់ខ្ញុំជាប់ ហើយប្អូនគេស្ទុះទាញពូថៅមកកាប់ខ្ញុំចំមុខនឹងមួយពូថៅខ្ញុំសន្លប់ ដួលខ្ពោកនៅនឹងតែម្ដង។ ដួលហើយគេយកកំសៀវទឹកស្រោចលើមុខខ្ញុំ ស្រោចចូលភ្នែក។ ខ្ញុំដឹងខ្លួនខ្ញុំស្រែក គេចាក់ទឹកក្ដៅចូលមាត់ ច្របាច់មាត់ចាក់ទឹកក្ដៅចូលទៀត។ ចាក់ទឹកក្ដៅចូលមាត់ហើយ ចាក់រោយពេញទាំងខ្លួន គេថា ង៉ែងងាប់ទៅង៉ែងជេរម៉ែអញ»។
លោកស្រីបន្តថា នៅពេលកើតហេតុនោះ លោកស្រីមានកូនប្រុសពីរនាក់នៅជាមួយ គឺកូនវ័យជំទង់ម្នាក់ និងកូនប្រុសពៅម្នាក់អាយុ ៥ ឆ្នាំ។ តែកូនប្រុសវ័យជំទង់ត្រូវឪពុកដេញកាប់នៅពេលព្យាយាមជួយសង្គ្រោះម្ដាយ ហើយក៏រត់គេចខ្លួនបាត់។ នៅសល់តែកូនពៅតូចមួយព្យាយាមជួយសង្គ្រោះម្ដាយ ប្រឈមមុខ តតាំងជាមួយឪពុកចុង ដែលកំពុងរួមដៃជាមួយប្អូនស្ត្រីខ្លួនបង្កើត វាយធ្វើបាបអ្នកម្ដាយ។
លោកស្រីបន្ត៖ «ហើយដល់ហើយខ្ញុំរើ កូនខ្ញុំចេះតែដងទឹកយកមកចាក់ ម៉ាក់អើយ មុខម៉ាក់ឯងសុទ្ធឈាម ដងទឹកមកចាក់មុខម្ដាយ ហើយលុតជង្គង់សំពះគេថា អ៊ីពៅអើយ! បានហើយ ងាប់ម៉ែឥឡូវហើយ។ លុតជង្គង់សំពះគេ ហើយមីនឹងជះទឹកក្ដៅលើកូនខ្ញុំទៀត»។
ក្នុងពេលកំពុងធ្វើបទសម្ភាស ជាមួយម្ដាយជាស្ត្រីរងគ្រោះ កូនពៅឈ្មោះ ទីណូ ដែលតែងតែស្ថិតនៅក្បែរម្ដាយជានិច្ចនោះ បានលូកមាត់ឆ្លើយកាត់បទសម្ភាសជាញឹកញាប់។
កុមារា ទីណូ បានឆ្លើយកាត់ថា ខ្លួនបានឃើញឈាមស្រោចលើមុខនិងខ្លួនរបស់ម្ដាយ ហើយក៏ខ្លោចចិត្តអាណិតអ្នកម្ដាយ រួចក៏ព្យាយាមជួយម្ដាយ ដោយលុតជង្គង់សំពះអង្វរគេកុំឲ្យគេធ្វើបាបម្ដាយតទៅទៀត។
កុមារា ទីណូ៖ «ខ្ញុំអាណិតម៉ែពេក ឃើញឈាមអ៊ីចឹងខ្ញុំអាណិតណាស់ ឈាមច្រើនណាស់ ពេញមុខនឹង ឈាមជោកអាវអស់។ ចាក់ទឹកក្ដៅ ទឹកក្ដៅឪណាស់។ ទឹកក្ដៅកំពុងពុះ ចាក់ឈូអីចឹងណា។ វ៉ៃមុខ ប៉ាចាប់ឲ្យមីងពៅវ៉ៃ ប៉ាំង!»។
វោហារ ជាតិ៖ ចុះគេវ៉ៃអ៊ីចឹង អត់មានជួយអីបានទេចុះ?
កុមារា ទីណូ៖ បានខ្ញុំជួយ ជួយសំពះ អ៊ីពៅអ៊ើយឈប់វ៉ៃម៉ាក់ខ្ញុំ។
ដោយសារតែភូមិដាច់ស្រយាល ហើយក្នុងរឿងហេតុនោះមិនមានមនុស្សធំជួយ មានតែកុមារា ទីណូ រឿងនេះ បានពន្យារពេលដល់យប់ទើបគេដឹង៖ «គេមកជួយ។ គេឮតិចៗ គេមកជួយ អ្នកជិតខាងនៅហ្នឹងតើ»។
លោក ង៉ែត ស៊ីងី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ ក្រុងព្រះសីហនុ មានប្រសាសន៍ថា ក្រុមប៉ូលិសរបស់លោក បានចុះទៅកន្លែងកើតហេតុជាបន្ទាប់ពីបានទទួលដំណឹងនេះ ហើយបានចាប់ជនសង្ស័យទាំងពីរនាក់ភ្លាមៗ ដែរ ហើយក៏បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ លោកបានហៅករណីនេះថា ជាករណីសាហាវមួយដែលមិនធ្លាប់មាន។
កញ្ញា ណាប់ សូម៉ាលី មន្ត្រីអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ បានសរសើរចំណាត់ការរបស់ប៉ូលិសមូលដ្ឋាន ចាត់ការបង្ក្រាបអំពើហិង្សា ដែលកញ្ញាហៅថា ជារឿងកាចសហាវ។
ក៏ប៉ុន្តែ កញ្ញាព្រួយបារម្ភអំពីស្ថានភាពជំងឺរបស់លោកស្រី កាន់ ចរិយា ដែលគ្មានថ្នាំព្យាបាលបន្ត និងមិនអាចប្រកបរបរចិញ្ចឹមកូនៗ នៅពេលដែលលោកស្រីមិនទាន់ជាសះស្បើយនៅឡើយ។
របាយការណ៍អង្គការពារសិទ្ធិមនុស្ស លីកាដូ ខេត្តព្រះសីហនុ បង្ហាញថា ការរំលោភសិទ្ធិនារី បានកើនឡើងខ្ពស់ ចាប់តាំងពី ឆ្នាំ២០១០ ដល់ឆ្នាំ២០១២។ ពោលគឺ នៅឆ្នាំ ២០១០ ករណីរំលោភស្ត្រី និងកុមារមាន ១២ ករណី។ ចំនួននេះកើនឡើងដល់ ១៤ ករណី នៅឆ្នាំ ២០១១។ ក្នុងរយៈពេលពីរខែដើមឆ្នាំ ២០១២ នេះ ករណីរំលោភសិទ្ធិនារី បានកើតមានពីរករណីទៅហើយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។