ពលករឈ្មោះ ជា ចន្ថា អាយុ ២៨ឆ្នាំ បានឲ្យដឹងតាមទូរស័ព្ទពីប្រទេសថៃ មកថា ថៅកែថៃ បានប្រមាថបាញ់សម្លាប់ពួកគេចោល ប្រសិនបើមិនព្រមធ្វើការ។ ពលករ ជា ចន្ថា បន្តថា ថៅកែជនជាតិថៃ បានប្រាប់ពួកគេថា ក្រុមហ៊ុនបានលក់ពួកគេទៅឲ្យថៅកែថៃ រួចហើយ ក្នុង ១នាក់ក្នុងតម្លៃ ២ម៉ឺនបាត ហើយបើពលករទាំងនោះមិនព្រមធ្វើការ ត្រូវប្រគល់ប្រាក់ ២ម៉ឺនបាតមកឲ្យគេវិញ រួចចង់ទៅណាក៏ទៅចុះ។
ពលករ ជា ចន្ថា៖ «គេលក់តៗគ្នា ខ្មែរយើងយកមកឲ្យថៃ ថៃ លក់បន្តទៅឲ្យថៃ គ្នាវាតទៅទៀតអ៊ីចឹង។ ឥឡូវ គេកំពុងមានគម្រោងបញ្ជូនពួកខ្ញុំទៅទៀតហើយ ដល់ពួកខ្ញុំប្រកែក គេគំរាមថាបើយើងមិនធ្វើតាមការប្រាប់របស់គេទេ គេនឹងឲ្យតម្រួតចាប់ ឬគេនឹងសម្លាប់ពួកខ្ញុំចោល»។
លោក សូ បឿន ជាឪពុកបង្កើតរបស់ពលករឈ្មោះ សូ កូឡា និងម្តាយរបស់ពលករឈ្មោះ យិន ពេជ្រ គឺអ្នកស្រី មាស នឿន បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ កុម្ភៈ ថា កូនគាត់បានចេញទៅធ្វើការស្របច្បាប់តាមរយៈក្រុមហ៊ុនប៊ូរូខេមបូឌា។ លោកបន្តថា ពេលដាក់ពាក្យសុំចេញទៅធ្វើការ គឺកូនគាត់ដាក់ថាទៅធ្វើជាកម្មកររោងចក្រ មិនទៅធ្វើជាកម្មករសំណង់ទេ។
តែពេលទៅដល់ប្រទេសថៃ គេបែរជាឲ្យធ្វើជាកម្មករសំណង់ទៅវិញ។ មិនតែប៉ុណ្ណោះ ថែមទាំងបង្ខំឲ្យកូនគាត់ធ្វើការងារធ្ងន់ធ្ងរប្រៀបដូចជាទាសករ៖ «ល្ងាចថ្ងៃទី៥ ខែ២ ហ្នឹង កូនខ្ញុំទូរស័ព្ទមកប្រាប់ថា គេយកវាមកចាក់ចោល ឬគេលក់ចោលហើយ។ គេថាបើយើងចង់បានប៉ាសស្ព័រទៅវិញ ត្រូវរកលុយ ២ម៉ឺនបាតមកឲ្យគេ។ (អ្នកស្រី មាស នឿន) ហើយឥឡូវវាបង្ខិតបង្ខំ វាជេរម្ដាយ វាប្រមាថបាញ់ចោល យកទៅដាក់គុក វាបង្ខំឲ្យធ្វើការដូចអ្នកទោស»។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកស្រី វណ្ណា វង្សពិសី ប្រធានក្រុមហ៊ុនប៊ូរូខេមបូឌាន ប្រចាំខេត្តពោធិ៍សាត់ ទាំងតាមទូរស័ព្ទ ព្រមទាំងស្វែងរកនៅឯទីស្នាក់ការក្រុមហ៊ុន ក៏ពុំបានជួបទៀត។
យ៉ាងនេះក្ដី អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ គឺលោក កុល ប៊ុនធឿន មានប្រសាសន៍បញ្ជាក់ថា មន្ទីរការងារខេត្តកំពុងដោះស្រាយបញ្ហានេះជាមួយក្រុមហ៊ុន៖ «អត់អីទេបាទ! យើងបានទំនាក់ទំនងរួចរាល់ហើយ។ ឥឡូវ ភ្នាក់ងាររបស់ក្រុមហ៊ុននៅពោធិ៍សាត់ បានឡើងទៅភ្នំពេញហើយ។ ប្រហែលម៉ោង ១អី គាត់នឹងបានទទួលព័ត៌មានពីកូនគាត់ហើយ កុំឲ្យគាត់ព្រួយបារម្ភអី។ ម្យ៉ាងទៀត យើងក៏បានទាក់ទងទៅខាងភាគីថៃ ដែរហើយចំពោះបញ្ហានេះ»។
មន្ត្រីអង្កេតអង្គការលីកាដូ (Licadho) ខេត្តពោធិ៍សាត់ កញ្ញា មិត្ត សាមួន បានឲ្យដឹងថា អង្គការទទួលបានពាក្យបណ្ដឹងសុំការជួយអន្តរាគមន៍ពីគ្រួសារពលករចំនួន ៦នាក់ ក្នុងចំណោមពលករទាំង ១០នាក់ ដែលបានចេញទៅធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី២៩ មករា កន្លងទៅ ហើយបានចាត់ចែងធ្វើអន្តរាគមន៍តាមនីតិវិធីរួចរាល់អស់ហើយ។
ឯកសារនៃការផ្សព្វផ្សាយដែលវិទ្យុអាស៊ីសេរី ទទួលបានបង្ហាញថា ក្រុមហ៊ុនប៊ូរូខេមបូឌាន ជាក្រុមហ៊ុនមួយដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលេខ១៦៦ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០។ ឯកសារក៏បានបង្ហាញពីអត្ថប្រយោជន៍ដែលពលករទទួលបាន គឺធ្វើការក្នុងមួយថ្ងៃ ៨ម៉ោង ប្រាក់ខែទទួលបាន ពី ១ម៉ឺន ២ពាន់បាត ទៅ ១ម៉ឺន ៤ពាន់បាត ទៅតាមការងារ ដែលរួមមានកម្មកររោងចក្រ និងកម្មករសំណង់។ ប៉ុន្តែជាក់ស្ដែង ក្រុមហ៊ុនពុំបានអនុវត្តន៍តាមគោលការណ៍ដែលក្រុមហ៊ុនបានសន្យាជាមួយកម្មករនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។