ពលករ​ទៅ​ធ្វើ​ការ​នៅ​ថៃ​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ជួយ​សង្គ្រោះ​ពួក​គេ

ពលករ​ចំនួន ១០​នាក់​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​វិធានការ​ជួយ​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​ពួក​គេ​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ បាន​រយៈពេល ៣​ថ្ងៃ​តាម​រយៈ​ក្រុមហ៊ុន​ប៊ូរូខេមបូឌាន (BURUH CAMBODIAN)។ កម្មករ​ទាំង​នោះ​បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​បាន​លក់​ពួក​គេ​ទៅ​ឲ្យ​ថៅកែ​ថៃ ១​នាក់​ក្នុង​តម្លៃ ២​ម៉ឺន​បាត។

0:00 / 0:00

ពលករ​ឈ្មោះ ជា ចន្ថា អាយុ ២៨​ឆ្នាំ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ មក​ថា ថៅកែ​ថៃ បាន​ប្រមាថ​បាញ់​សម្លាប់​ពួក​គេ​ចោល ប្រសិន​បើ​មិន​ព្រម​ធ្វើ​ការ។ ពលករ ជា ចន្ថា បន្ត​ថា ថៅកែ​ជន​ជាតិ​ថៃ បាន​ប្រាប់​ពួក​គេ​ថា ក្រុមហ៊ុន​បាន​លក់​ពួក​គេ​ទៅ​ឲ្យ​ថៅកែ​ថៃ រួច​ហើយ ក្នុង ១​នាក់​ក្នុង​តម្លៃ ២​ម៉ឺន​បាត ហើយ​បើ​ពលករ​ទាំង​នោះ​មិន​ព្រម​ធ្វើ​ការ ត្រូវ​ប្រគល់​ប្រាក់ ២​ម៉ឺន​បាត​មក​ឲ្យ​គេ​វិញ រួច​ចង់​ទៅ​ណា​ក៏​ទៅ​ចុះ។

ពលករ ជា ចន្ថា៖ «គេ​លក់​តៗ​គ្នា ខ្មែរ​យើង​យក​មក​ឲ្យ​ថៃ ថៃ លក់​បន្ត​ទៅ​ឲ្យ​ថៃ គ្នា​វា​ត​ទៅ​ទៀត​អ៊ីចឹង។ ឥឡូវ គេ​កំពុង​មាន​គម្រោង​បញ្ជូន​ពួក​ខ្ញុំ​ទៅ​ទៀត​ហើយ ដល់​ពួក​ខ្ញុំ​ប្រកែក គេ​គំរាម​ថា​បើ​យើង​មិន​ធ្វើ​តាម​ការ​ប្រាប់​របស់​គេ​ទេ គេ​នឹង​ឲ្យ​តម្រួត​ចាប់ ឬ​គេ​នឹង​សម្លាប់​ពួក​ខ្ញុំ​ចោល»

លោក សូ បឿន ជា​ឪពុក​បង្កើត​របស់​ពលករ​ឈ្មោះ សូ កូឡា និង​ម្តាយ​របស់​ពលករ​ឈ្មោះ យិន ពេជ្រ គឺ​អ្នកស្រី មាស នឿន បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៨ កុម្ភៈ ថា កូន​គាត់​បាន​ចេញ​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​តាម​រយៈ​ក្រុមហ៊ុន​ប៊ូរូខេមបូឌា។ លោក​បន្ត​ថា ពេល​ដាក់​ពាក្យ​សុំ​ចេញ​ទៅ​ធ្វើ​ការ គឺ​កូន​គាត់​ដាក់​ថា​ទៅ​ធ្វើ​ជា​កម្មករ​រោងចក្រ មិន​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​ទេ។

តែ​ពេល​ទៅ​ដល់​ប្រទេស​ថៃ គេ​បែរ​ជា​ឲ្យ​ធ្វើ​ជា​កម្មករ​សំណង់​ទៅ​វិញ។ មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​បង្ខំ​ឲ្យ​កូន​គាត់​ធ្វើ​ការងារ​ធ្ងន់ធ្ងរ​ប្រៀប​ដូច​ជា​ទាសករ៖ «ល្ងាច​ថ្ងៃ​ទី៥ ខែ​២ ហ្នឹង កូន​ខ្ញុំ​ទូរស័ព្ទ​មក​ប្រាប់​ថា គេ​យក​វា​មក​ចាក់​ចោល ឬ​គេ​លក់​ចោល​ហើយ។ គេ​ថា​បើ​យើង​ចង់​បាន​ប៉ាសស្ព័រ​ទៅ​វិញ ត្រូវ​រក​លុយ ២​ម៉ឺន​បាត​មក​ឲ្យ​គេ។ (អ្នកស្រី មាស នឿន) ហើយ​ឥឡូវ​វា​បង្ខិតបង្ខំ វា​ជេរ​ម្ដាយ វា​ប្រមាថ​បាញ់​ចោល យក​ទៅ​ដាក់​គុក វា​បង្ខំ​ឲ្យ​ធ្វើ​ការ​ដូច​អ្នក​ទោស»

វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​អ្នកស្រី វណ្ណា វង្សពិសី ប្រធាន​ក្រុមហ៊ុន​ប៊ូរូខេមបូឌាន ប្រចាំ​ខេត្ត​ពោធិ៍សាត់ ទាំង​តាម​ទូរស័ព្ទ ព្រម​ទាំង​ស្វែង​រក​នៅ​ឯ​ទីស្នាក់ការ​ក្រុមហ៊ុន ក៏​ពុំ​បាន​ជួប​ទៀត។

យ៉ាង​នេះ​ក្ដី អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ពោធិ៍សាត់ គឺ​លោក កុល ប៊ុនធឿន មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ទីរ​ការងារ​ខេត្ត​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ក្រុមហ៊ុន៖ «អត់​អី​ទេ​បាទ! យើង​បាន​ទំនាក់​ទំនង​រួច​រាល់​ហើយ។ ឥឡូវ ភ្នាក់ងារ​របស់​ក្រុមហ៊ុន​នៅ​ពោធិ៍សាត់ បាន​ឡើង​ទៅ​ភ្នំពេញ​ហើយ។ ប្រហែល​ម៉ោង ១​អី គាត់​នឹង​បាន​ទទួល​ព័ត៌មាន​ពី​កូន​គាត់​ហើយ កុំ​ឲ្យ​គាត់​ព្រួយ​បារម្ភ​អី។ ម្យ៉ាង​ទៀត យើង​ក៏​បាន​ទាក់​ទង​ទៅ​ខាង​ភាគី​ថៃ ដែរ​ហើយ​ចំពោះ​បញ្ហា​នេះ»

មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់ កញ្ញា មិត្ត សាមួន បាន​ឲ្យ​ដឹង​ថា អង្គការ​ទទួល​បាន​ពាក្យ​បណ្ដឹង​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​គ្រួសារ​ពលករ​ចំនួន ៦​នាក់ ក្នុង​ចំណោម​ពលករ​ទាំង ១០​នាក់ ដែល​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី២៩ មករា កន្លង​ទៅ ហើយ​បាន​ចាត់​ចែង​ធ្វើ​អន្តរាគមន៍​តាម​នីតិវិធី​រួច​រាល់​អស់​ហើយ។

ឯកសារ​នៃ​ការ​ផ្សព្វផ្សាយ​ដែល​វិទ្យុ​អាស៊ី​សេរី ទទួល​បាន​បង្ហាញ​ថា ក្រុមហ៊ុន​ប៊ូរូខេមបូឌាន ជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លេខ​១៦៦ ចុះ​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១០។ ឯកសារ​ក៏​បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​ដែល​ពលករ​ទទួល​បាន គឺ​ធ្វើ​ការ​ក្នុង​មួយ​ថ្ងៃ ៨​ម៉ោង ប្រាក់​ខែ​ទទួល​បាន ពី ១​ម៉ឺន ២​ពាន់​បាត ទៅ ១​ម៉ឺន ៤​ពាន់​បាត ទៅ​តាម​ការងារ ដែល​រួម​មាន​កម្មករ​រោងចក្រ និង​កម្មករ​សំណង់។ ប៉ុន្តែ​ជាក់ស្ដែង ក្រុមហ៊ុន​ពុំ​បាន​អនុវត្តន៍​តាម​គោលការណ៍​ដែល​ក្រុមហ៊ុន​បាន​សន្យា​ជាមួយ​កម្មករ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។