បុរសខ្មែរចំនួន ២០នាក់ នៅប្រទេសថៃ កំពុងព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន និង ១០នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន ហើយស្វែងរកការជួយអន្តរាគមន៍ពួកគេបានត្រឡប់មកផ្ទះវិញ។
ការព្រួយបារម្ភនេះ ដោយសារភ្នាក់ងាររបស់ក្រុមហ៊ុនទទួលពួកគេឲ្យធ្វើការនៅទីក្រុងបាងកក នៅរសៀលថ្ងៃសៅរ៍ ទី៣ ធ្នូ កំពុងដឹកជញ្ជូនពួកគេតាមរថយន្តទៅកន្លែងមួយដែលគ្មានគោលដៅពិតប្រាកដ។
លោក ទន់ សាស្មីត បានផ្ដល់ព័ត៌មានមកវិទ្យុអាស៊ីសេរី តាមទូរស័ព្ទពីទីក្រុងបាងកក នៅថ្ងៃទី៣ ធ្នូ ថា លោកបានចេញទៅធ្វើការជាជាងអេឡិចត្រូនិក ឲ្យក្រុមហ៊ុន អាយ.អ៊ឹម.ភី.អេ. (IMPA) តាមរយៈក្រុមហ៊ុន ធី អែន ភី តាំងពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១១ នៅប្រទេសថៃ។ ប៉ុន្តែដោយសារស្ថានភាពគ្រោះទឹកជំនន់នៅប្រទេសថៃ ក្រុមហ៊ុននេះបានផ្ទេរពួកគាត់ឲ្យធ្វើការនៅក្រុមហ៊ុន ឌី.អេច្ឆ.អិល (DHL) បានរយៈពេល ១ខែ។ លោកថា ដោយឃើញស្ថានភាពមិនប្រក្រតី ដែលពួកគេបញ្ជូនពួកគាត់ពីកន្លែងមួយទៅកន្លែងមួយនោះ ពលរដ្ឋខ្មែរចំនួន ១០នាក់ ក្នុងចំណោម ៣០នាក់ បានរត់គេចខ្លួនដោយខុសច្បាប់ មិនដឹងជាទៅទីណា។
បុរសរូបនេះបន្តថា ពួកគេទាំង ២០នាក់កំពុងព្រួយបារម្ភថា គេអាចនឹងបញ្ជូនពួកគេទៅធ្វើការលើទូកនេសាទ៖ «គេចេះតែគំរាមពួកខ្ញុំអត់ហ៊ានរត់ ខ្លាចជាប់គុកជាប់អីអ៊ីចឹង ចេះតែទៅតាមគេសិន បើសិនណាគេជូនទៅចុះទូក ពួកខ្ញុំនឹងរត់គេចដោយគ្មានយកប៉ាស្ព័រ ពួកខ្ញុំអត់នៅជាមួយគេទៀតទេ»។
មន្ត្រីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ហ៊ុយ ពេជ្រសុវណ្ណ ដែលបានឃ្លាំមើលករណីនេះ បានថ្លែងថា នេះជាករណីមិនប្រក្រតីមួយដែលពលករបានចេញទៅតាមរយៈក្រុមហ៊ុនដោយស្របច្បាប់។ ប៉ុន្តែក្រុមហ៊ុនទទួលបានបញ្ជូនបន្តដោយគ្មានគោលដៅទៅវិញ។
លោកថា ករណីនេះមជ្ឈមណ្ឌលរបស់លោក និងនាយកដ្ឋានប្រឆាំងការជួញដូរកំពុងជួយអន្តរាគមន៍៖ «ឥឡូវយើងកំពុងទាក់ទងជាមួយសមភាគីរបស់យើងនៅប្រទេសថៃ ដើម្បីឲ្យគេជួយធ្វើអន្តរាគមន៍។ យើងក៏បានទាក់ទងជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សរបស់ក្រសួងមហាផ្ទៃ ដើម្បីឲ្យគាត់អន្តរាគមន៍យកពួកគាត់ត្រឡប់មកវិញ»។
ពាក់ព័ន្ធបញ្ហានេះ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ត្រី ជីវ ផល្លី បានថ្លែងថា នាយកដ្ឋានរបស់លោកបានដឹងព័ត៌មាននេះហើយ៖ «ដើម្បីចង់ឲ្យលឿន ខ្ញុំបានឲ្យខាងគាត់មិញហ្នឹង ឲ្យទៅ UNODC សិន គាត់មានបណ្ដាញរបស់គាត់នៅថៃ អ៊ីចឹងខ្ញុំឲ្យទាក់ទងនៅខាងហ្នឹងទៅវាលឿនជាងយើង។ យើងត្រូវឆ្លងអី វាអាចយឺត រឿងតាមទូតអីចាំធ្វើតាមក្រោយ ព្រោះថ្ងៃនេះគេអត់ធ្វើការទេ»។
យ៉ាងណាក៏ដោយ គេនៅពុំទាន់ដឹងពីជោគវាសនារបស់ក្រុមពលករទាំង ៣០នាក់នោះថា នឹងអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញបាន ឬយ៉ាងនោះទេ៕