អង្គការជាតិ និងអន្តរជាតិជាង ១០អង្គការ បានប្រារព្ធទិវាលំនៅឋានពិភពលោក ខួបលើកទី២៦ ក្នុងគោលបំណងសុំឲ្យរដ្ឋាភិបាលបញ្ឈប់បណ្ដេញប្រជាពលរដ្ឋចេញពីដីធ្លី និងលំនៅឋានបន្តទៀត ពីព្រោះវានឹងធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងបញ្ហាគ្មានទីលំនៅ។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ទិវាសិទ្ធិលំនៅឋានពិភពលោកនេះ មានសារសំខាន់ណាស់ដើម្បីឆ្លុះបញ្ចាំងពីទុកវេទនារបស់ពលរដ្ឋដែលបាត់បង់ទីលំនៅប្រាប់ទៅរដ្ឋាភិបាល និងសូមឲ្យគិតគូរដល់ប្រជាពលរដ្ឋរបស់ខ្លួន។
អ្នកចូលរួមនិងពលរដ្ឋរងគ្រោះបានអំពាវនាវទៅរដ្ឋាភិបាលសុំឲ្យបញ្ឈប់នូវការបណ្ដេញចេញប្រជាពលរដ្ឋ កុំអនុវត្តដូចកាលពីថ្ងៃទី១៦ ខែកញ្ញា ដែលអាជ្ញាធររដ្ឋាភិបាល និងក្រុមហ៊ុនស៊ូកាគូ បានឈូសឆាយផ្ទះអ្នកភូមិបឹងកក់នោះ។
ទិវាលំនៅឋានពិភពលោក គេចាប់ផ្ដើមធ្វើឡើងចាប់ពីឆ្នាំ១៩៨៥មក។ ទិវានេះបានកំណត់ដោយអង្គការសហប្រជាជាតិ គឺសម្រាប់ពិភពលោកទាំងមូល ដើម្បីឆ្លុះបញ្ចាំងប្រទេសទាំងអស់ពីបញ្ហាលំនៅឋានមនុស្សជាតិ និងសិទ្ធិក្នុងការទទួលយកលំនៅឋានសមរម្យ ព្រមទាំងរំឭកដល់ពិភពលោកថា ជាការប្រមូលផ្ដុំ ការទទួលខុសត្រូវសម្រាប់អនាគតនៃលំនៅឋានមនុស្សជាតិ។
លោក វន់ ពៅ ជាប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកបានឲ្យដឹងថា ការអភិវឌ្ឍរបស់រដ្ឋាភិបាលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប៉ុន្តែរាល់ការអភិវឌ្ឍទាំងអស់ រដ្ឋាភិបាលត្រូវតែសិក្សាអំពីផលប៉ះពាល់ជាមុនសិន។ រដ្ឋាភិបាលមិនត្រូវអភិវឌ្ឍទីក្រុង ដូចដែលខ្លួនបានធ្វើកន្លងមកនោះទេ។
ការប្រារព្ធទិវាលំនៅឋានពិភពលោកនេះ មានសហគមន៍រងគ្រោះដោយសារការបណ្ដេញចេញ និងសហគមន៍ប្រឈមនឹងការបណ្ដេញចេញចំនួន ៤២សហគមន៍ ក្នុងចំណោមសហគមន៍រងគ្រោះទាំងអស់ជាង៧០។ សហគមន៍បឹងកក់ និងសហគមន៍បូរីកីឡា បានលើកឡើងអំពីទុក្ខសោករបស់ខ្លួនដែលប្រឈមនឹងការគ្មានទីលំនៅដោយសារតែរដ្ឋាភិបាលមិនបានដោះស្រាយឲ្យបានសមរម្យទាក់ទងទៅនឹងការអភិវឌ្ឍនោះ។
ការប្រារព្ធទិវាលំនៅឋានពិភពលោកនេះ ក៏មានបញ្ចាំងខ្សែភាពយន្តដែលនិយាយអំពីការអភិវឌ្ឍ ហើយអាជ្ញាធរបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ដែលខ្សែភាពយន្តនេះរៀបចំដោយអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា។
របាយការណ៍ជាច្រើនបានបង្ហាញថា ទោះបីជាសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា មានការរីកចម្រើន ដែលផ្នែកឯកជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក៏ដោយ ក៏ប៉ុន្តែជារឿយៗ ប្រជាពលរដ្ឋបានទទួលរងផលអវិជ្ជមានពីគម្រោងអភិវឌ្ឍទាំងនោះ ដូចជាការបាត់បង់ដីធ្លី ផ្ទះសម្បែង ការងារ និងការបាត់បង់ធនធានធម្មជាតិដែលពួកគាត់ធ្លាប់ទទួលផលជាដើម។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១១ បានចេញរបាយការណ៍មួយឲ្យដឹងថា គិតពីឆ្នាំ១៩៩៧ មក មានករណីវិវាទដីធ្លី ២២៣ករណី។ ប្រជាពលរដ្ឋជាង ៤ម៉ឺនគ្រួសារកំពុងរងគ្រោះដោយសារតែទំនាស់ដីធ្លី៕