រូបត្លុកនយោបាយ​៖ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ និង​ការតស៊ូ​ ដើម្បី​សិទ្ធិ​ស្វ័យ​សម្រេច​លើ​ជោគវាសនា​របស់​ខ្លួន​ដោយ​ខ្លួនឯង

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​លើ​ទឹកដី​ខ្មែរ និង​នៅ​កម្ពុជា​ក្រោម​ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​រំឭក​ខួប ៧៤​ឆ្នាំ ដែល​អាណានិគម​និយម​បារាំង​បាន​កាត់​ដី​កម្ពុជា​ក្រោម ​ចំនួន ២១​ខេត្ត ឱ្យ​វៀតណាម​គ្រប់គ្រង កាល​ពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។ ប៉ុន្តែ​ ការ​ប្រារព្ធ​ពិធី​នេះ​ នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​រារាំង និង​បាន​ប្រើ​អំពើ​ហិង្សា​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ ឱ្យ​រង​របួស​ជាច្រើន​នាក់។

រយៈពេល​ ៧៤ឆ្នាំ ដែល​ទឹកដី​កម្ពុជាក្រោម ស្ថិតក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​នេះ ពលរដ្ឋខ្មែរ​កម្ពុជា​ក្រោម ​បាន​ខិតខំ​ប្រឹងប្រែង​ថែរក្សា​ប្រពៃណី​ទំនៀមទំលាប់ វប្បធម៌ អក្សរសាស្ត្រ ដើម្បី​ថែរក្សា​អត្តសញ្ញាណ​ខ្មែរ​របស់ខ្លួន​ជា​ជនជាតិដើម បើទោះជា​មាន​ការគាបសង្កត់ ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ យ៉ាងណាក្តី។ អ្វីដែល​ពលរដ្ឋខ្មែរ​កម្ពុជា​ក្រោម ​ចង់បាន​នោះ គឺ​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ ក្នុងនាម​ជា​ជនជាតិ​ដើម​រស់នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន។ ប៉ុន្តែ ​រដ្ឋាភិបាល​វៀតណាម ​តែ​ងបដិសេធ និង​បង្ក្រាប​ការទាមទារ​ទាំងនេះ ដោយ​យក​លេស​ប្រាសចាក​ពី​ការពិត​ថា ​​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មិនមែន​ជា​ជនជាតិ​ដើម​ទេ ប៉ុន្តែ ​ជា​ជនជាតិ​ភាគតិច​ទៅវិញ។ ទោះជា​យ៉ាងនេះក្តី ពលរដ្ឋខ្មែរ​កម្ពុជា​ក្រោម នៅតែ​មាន​សង្ឃឹម​ថា ថ្ងៃណាមួយ ពួកគាត់​នឹងអាច​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ផ្តល់​សិទ្ធិ​ជា​ជនជាតិដើម​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ពួកគាត់​អាច​មាន​សិទ្ធិ​ស្វ័យសម្រេច​លើ​ជោគវាសនា​របស់​ខ្លួន​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។