គណៈកម្មការអឺរ៉ុប កាលពីដើមខែឧសភា បានសម្រេចដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ បង្កការគំរាមកំហែងខ្លាំងដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់អឺរ៉ុប ហើយនឹងត្រូវចូលជាធរមាននៅខែតុលា ខាងមុខ។ ការសម្រេចដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅរបស់អឺរ៉ុបនេះ ធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជា ខាងប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម កាន់តែអាក្រក់នៅលើឆាកអន្តរជាតិ ស្របពេលដែលប្រទេសមួយនេះ សម្បូរណ៍ដោយសែស្រឡាយអ្នកលួចជាតិ យកលុយទៅលាក់ទុកនៅបរទេស ហើយពួកគេខ្លះកំពុងរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអតីតៈរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកផ្តល់ដំណោះស្រាយថា ទាល់តែដូរប្រព័ន្ធគ្រប់គ្រងប្រទេសបែបលួចជាតិ ឬដែលលោកហៅថា «ចោរាធិបតេយ្យ» ចេញ ទើបកម្ពុជាអាចទប់ស្កាត់អំពើលាងលុយកខ្វក់បាន។
តាំងពីឆ្នាំ២០១៩ មក កម្ពុជាជាប់ឈ្មោះពីរឆ្នាំជាប់គ្នាក្នុង « បញ្ជីប្រផេះ» នៃក្រុមប្រទេស ឬដែនដីដែលមានកង្វះខាតជាយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងចំណោម ១៨ប្រទេស របស់ស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោកដ៏មានឥទ្ធិពល ហៅកាត់ថា FATF៕