ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន

សេចក្ដី​ព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិក្នុង​ភាព​អាសន្ន​ដែល​របប​លោក ហ៊ុន សែន ធ្វើឡើង​ដោយ​ប្រញាប់ប្រញាល់ អំឡុង​វិបត្តិ​ជំងឺ​កូវីដ​-១៩ នេះ បាន​ក្លាយ​ជា​ច្បាប់​ពេញលេញ​ហើយ កាល​ថ្ងៃ​ទី​២៩ មេសា។ ប៉ុន្តែ​ ដើម្បី​ឱ្យ​អនុវត្ត​ច្បាប់​នេះ​បាន គឺ​ចាំបាច់​ទាល់តែ​ព្រះមហាក្សត្រ​ប្រកាស​ដាក់​ប្រទេស​ក្នុង​​ភាព​អាសន្ន​ជាមុន​សិន។

​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) សំដែង​ក្តី​បារម្ភ​ថា ច្បាប់​ថ្មី​នេះ​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​សម្រាប់​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រោះ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធ​នយោបាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ត្រូវ​បាន​ដកហូត​។ អង្គការដដែលនេះថា ច្បាប់​នេះ​នឹង​បើកដៃ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គាបសង្កត់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ មាន​ដូចជា ការ​បញ្ចេញ​មតិ ការ​ជួប​ប្រជុំ និង​ការ​ប្រមូល​ផ្តុំ​ជាដើម។ រីឯ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន RSF ថា​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ រំលោភ​សេរីភាព​នៃ​ការ​ផ្ដល់​ព័ត៌មាន និង​សេរីភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន ព្រោះច្បាប់​នេះ នឹង​បង្កើត​ឱ្យ​មាន​នូវ​ប្រព័ន្ធ​នៃ​ការ​តាមដាន​ឈ្លប​យកការណ៍ និង ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ ​មិន​ធ្លាប់​មាន​ពី​មុន​មក ​ក្នុង​រយៈពេល ៣០​ឆ្នាំ កន្លងមក៕