រូបមន្ត «ចិញ្ចឹមមេមាន់ទុកយកពងមាន់» មិនមែនពេញនិយមសម្រាប់យកមកអនុវត្តតែនៅក្នុងរដ្ឋាភិបាលនាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត ដើម្បីជួយកាងការពារអាជីវកម្មឱ្យក្រុមឧកញ៉ាគ្រាក់ៗមួយចំនួន ដែលរងការចោទប្រកាន់ថាប្រកបរបរវិនិយោគបែបឆបោកពលរដ្ឋខ្មែររាប់លានដុល្លារប៉ុណ្ណោះទេ។ រូបមន្តនេះ ក៏កំពុងត្រូវបានកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ម្តាយលោក ហ៊ុន ម៉ាណែត គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន យកមកអនុវត្តតាមរដូវកាលជាប្រចាំផងដែរ។ ការណ៍នេះ នាំឱ្យមានការរិះគន់កាកបាទក្រហមកម្ពុជាថា ហាក់ត្រូវបានគេប្រែក្លាយឱ្យទៅជាកាកបាទក្រហមប៊ុនរ៉ានីហ៊ុនសែន ដោយសារតែមិនបានប្រកាន់ខ្ជាប់តាមគោលការណ៍គ្រឹះដើមមួយចំនួន ដូចជា មនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹត្យ ឯករាជ្យ និងសាកលភាពឡើយ។
មិនខុសពីរាល់ឆ្នាំនោះទេ ក្រុមមន្រ្តី និងអ្នកជំនួញធំៗ ដែលក្នុងនោះមានទាំងអ្នកមានកេរ្តិ៍ឈ្មោះខាងរកស៊ីបំផ្លាញធនធានធម្មជាតិ និងបណ្ដេញពលរដ្ឋចេញពីលំនៅឋានផង បានសម្រុកចូលលុយជួយកាកបាទក្រហមកម្ពុជា។ អ្នកឃ្លាំមើលលើកឡើងថា ការបរិច្ចាគរបស់ក្រុមមន្រ្តី និងឈ្មួញរកស៊ីមួយចំនួន មិនមែនធ្វើឡើងដើម្បីមនុស្សធម៌នោះទេ ប៉ុន្តែគឺជាទម្រង់នៃការបង់ពន្ធ ដោយសារស្ថាប័នកាកបាទក្រហមដឹកនាំដោយគ្រួសារត្រកូល «ហ៊ុន» និងមន្ត្រីជាន់ខ្ពស់ក្នុងបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
