ពិធីរំឭកខួបលើកទី១នៃការបណ្ដេញចេញ បានប្រារព្ធធ្វើឡើងក្នុងវត្តស្វាយពពែ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ មករានេះ ដោយមានការនិមន្តព្រះសង្ឃសូតមន្តផងដែរ។
បន្ទាប់ពីពិធីសូតមន្តបានចប់សព្វគ្រប់ អតីតប្រជាពលរដ្ឋនៃសហគមន៍ដីក្រហម បានដើរហែក្បួនទៅរៀបចំពិធីអុជធូបទៀននៅទីតាំងនៃអតីតសហគមន៍ដីក្រហមដែលត្រូវបានព័ទ្ធរបងស័ង្កសីជិតនិងកាន់កាប់ដោយក្រុមហ៊ុន7NG។
ទស្សនាវីដេអូនៅវឹបសាយថ៍ YouTube
នៅឯទីតាំងដីនៃអតីតសហគមន៍ដីក្រហម ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់ក្រុមហ៊ុន7NG តំណាងអតីតប្រជាពលរដ្ឋនៅសហគមន៍ដីក្រហម លោក ចាន់ វិចិត្រ បានអានសេចក្ដីថ្លែងការណ៍ក្នុងឱកាសខួបគម្រប់មួយឆ្នាំ ដោយបញ្ជាក់ពីការឈឺចាប់ដែលពួកគាត់មានប្រសាសន៍ថា មិនអាចបំភ្លេចបាន។
លោក ចាន់ វិចិត្រ បានថ្លែងយ៉ាងដូច្នេះ ៖ «ប្រជាពលរដ្ឋអ្នកសហគមន៍ដីក្រហមនៅតែចងចាំអស់មួយជីវិតនូវអំពើអមនុស្សធម៌ ព្រៃផ្សៃ សាហាវយង់ឃ្នង រំលោភបំពានសិទ្ធិមនុស្សនិងសិទ្ធិរស់នៅ ដែលយើងចាត់ទុកថា ជាវាលពិឃាតទី២»។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ បានអំពាវនាវសូមឲ្យមានការគោរពសិទ្ធិមនុស្សនិងសូមកុំឲ្យមានការបណ្ដេញចេញតទៅទៀត។
លោក យ៉េង វីរៈ បានអំពាវនាវដូច្នេះ ៖ «មន្រ្តីអនុវត្តច្បាប់បានបំពានលើច្បាប់ហ្នឹង ហើយយកច្បាប់មកបង្កើតឲ្យមានការឈឺចាប់ទៅវិញ»។
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានសម្ដែងនូវការអាណិតអាសូរចំពោះប្រជាពលរដ្ឋក្រីក្រដែលបានបង្ខំចិត្តទៅរស់នៅឆ្ងាយពីទីក្រុង ពីសាលារៀននៃកូនចៅរបស់ពួកគាត់និងពីទីកន្លែងប្រកបរបររកស៊ី។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក មានប្រសាសន៍ដូច្នេះ ៖ «បើរដ្ឋាភិបាលលោកចង់អភិវឌ្ឍកន្លែងត្រង់ណា សូមលោកមេត្តាជួយឲ្យបងប្អូនឲ្យមានបានសំណងឲ្យបានសមរម្យ ជួយអ្នកក្រឲ្យរស់សិនមុននឹងជួយអ្នកមានឲ្យមានថែម»។
ក្នុងពិធីអុជធូបទាននៅក្បែររបងនៃក្រុមហ៊ុន7NG ប្រជាពលរដ្ឋបានប្រើពាក្យទ្រគោះបោះបោកធ្ងន់ៗដល់អ្នកដែលបានបណ្ដេញពួកគាត់ហើយយកដីធ្លីរបស់ពួកគាត់នោះ ៖ «អស់លោកបំពានលើសិទ្ធិប្រជាពលរដ្ឋនៅដីក្រហមទាំងប៉ុន្មានសប្បាយប៉ុណ្ណាឲ្យអ្នកឯងឈឺចាប់លើសអ្នកដីក្រហម១០០ដង»។
អតីតអ្នករស់នៅក្នុងសហគមន៍ដីក្រហមត្រូវបានកងកម្លាំងចម្រុះរបស់សាលាក្រុងភ្នំពេញ និងកម្មកររបស់ក្រុមហ៊ុន7NG បណ្ដេញចេញពីដីធ្លីនិងផ្ទះសម្បែងកាលពីថ្ងៃទី២៤ មករា ឆ្នាំ២០០៩។ រហូតមកដល់ពេលនេះពួកគាត់ បានបង្ខំចិត្តទទួលយកផ្ទះល្វែងនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ។ ប្រជាពលរដ្ឋភាគច្រើនបានលក់ផ្ទះហើយត្រឡប់មកជួលផ្ទះរស់នៅក្នុងទីក្រុងភ្នំពេញវិញដោយពួកគាត់អះអាងថា ទីតាំងថ្មីពុំមានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសទឹកនិងភ្លើងហើយម្យ៉ាងទៀតនៅឆ្ងាយពីកន្លែងប្រកបរបរទទួលទាន៕