នាយករដ្ឋមន្ត្រី​ខាង​ចែក​សញ្ញាប័ត្រ៖ វេទិកា​សាប​ព្រួស​អំពើហិង្សា និង​រក្សា​អំណាច​តពូជ​ត្រកូល«ហ៊ុន»?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជា​ក្លាយជា​មេដឹកនាំ​ផ្តាច់ការ​ឈានមុខគេ និង​បំបែក​ឯកទគ្គកម្ម​ពិភពលោក​ខាង​ប្រជែង​ការងារ​ប្រចាំថ្ងៃ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ឬ​សកលវិទ្យាធិការ​​ក្នុងការ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ដែល​ទើបបញ្ចប់​ពី​ការសិក្សា​នៅតាម​​​សាកលវិទ្យាល័យ​នានា។ លោក​កម្រ​​ប្រើប្រាស់​ឱកាស​ទាំងនោះ​ដើម្បី​ចែករំលែក​ចំណេះដឹង អនុសាសន៍ ឬ​បទពិសោធន៍​ល្អៗ​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​ឡើយ។ ក៏ប៉ុន្តែ លោក​តែង​ប្រើឱកាស​ទាំងនោះ​​កេងចំណេញ​នយោបាយ សាបព្រួស​នូវ​ពាក្យ​សម្តី​អសុរស ឬ​មនោគមវិជ្ជា​បែប​បំបែកបំបាក់​ពូជសាសន៍​ខ្មែរគ្នាឯង ដែល​ពេលខ្លះ​បង្កប់​ដោយ​អំពើហិង្សា សារគំរាម​កាប់សម្លាប់ ចាប់​ដៃគូ​នយោបាយ​ និង​ក្រុមអ្នកប្រឆាំង​នឹង​លោក​ដាក់គុក​ច្រវាក់​ជាដើម។ ឱកាស​ទំពាំងស្នងឬស្សី​​ទំនងជា​ពិបាក​សម្រេចបាន​ក្នុងចំណោម​យុវជន​ជំនាន់ក្រោយ​នៅកម្ពុជា ខណៈ​លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​ការបន្ត​ក្តោបក្តាប់​អំណាច​តពូជ​ត្រកូល«ហ៊ុន»៕
---