រូបត្លុកនយោបាយ​៖ ព្រែកជីក​ហ្វូណន​តេជោ ខ្មែរ​ធ្វើ​បាន​នៅ​ចំពោះ​មុខ​ការប៉ះ​ទង្គិច​ដែន​ឥទ្ធិពល​​អំណាច​របស់​ចិន និង​វៀតណាម​នៅ​កម្ពុជា?

​ព្រែកជីក​ហ្វូណន​តេជោ ប្រវែង ១៨០​គីឡូម៉ែត្រ ឆ្លង​កាត់​ខេត្ត​ចំនួន ៤ រួមមាន​ខេត្ត​កណ្តាល តាកែវ កំពត និង​ខេត្ត​កែប គឺ​ជា​គម្រោង​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទឹក​ខ្នាត​យក្ស​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា​តាំង​ពី​ក្រោយ​សម័យ​អង្គរ។ គម្រោង​ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ១ពាន់​៧រយ​លាន​ដុល្លារ​នេះ ​ទទួល​បាន​នូវ​ការ​សាទរ និង​មោទនភាព​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​ ព្រោះ​បង្ហាញ​ឱ្យ​ឃើញ​ពី​មហិច្ឆតា​ឯករាជ្យ​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​ ដោយ​ឈប់​ពឹងផ្អែក​លើ​ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក​ពី​សមុទ្រ​ចូល​មក​រាជធានី​ភ្នំពេញ​ ឬ​បញ្ច្រាស​ពី​នេះ​ ដោយ​ត្រូវ​ឆ្លង​កាត់​​ប្រទេស​វៀតណាម​តទៅទៀត។

ទោះយ៉ាងណា គម្រោង​​ដែល​អាច​ប្រើ​ពេល​៤ឆ្នាំ​ ដើម្បី​សាងសង់​នេះ ​កំពុង​បង្ក​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​នៃ​ដែន​ឥទ្ធិពល​អំណាច​របស់​ចិន និង​វៀតណាម​នៅ​កម្ពុជា។ វៀតណាម​បាន​លើកឡើង​ពី​កង្វល់​ខ្លួន​ប្រាប់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​យក​ហេតុផល​ថា ​គម្រោង​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ជីវចម្រុះ និង​បរិស្ថាន​នៃ​លំហូរ​ទឹក​ទន្លេ​មេគង្គ។ កម្ពុជា​បាន​បដិសេធ​ពី​កង្វល់​នេះ។ រីឯ ភាគី​ចិន​ឯណោះ​វិញ ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ កំពុង​ព្យាយាម​តភ្ជាប់​គម្រោង​នេះ ​ទៅ​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​និង​ផ្លូវ (BRI) ដែល​ជា​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ខ្លួន ស្រប​ពេល​ដែល​ចិន​កំពុង​អភិវឌ្ឍ​តំបន់​តារាសាគរ​នៅ​ខេត្ត​កោះកុង និង​នៅ​កំពង់ផែ​រាម ខេត្ត​ព្រះសីហនុ​ដ៏​ចម្រូងចម្រាស​ស្រាប់។ វៀតណាម​ដែល​ជា​អតីត​ចៅហ្វាយ​នាយ​ធំ​របស់​កម្ពុជា មិន​សប្បាយ​ចិត្ត​ព្រោះ​ការធ្វើ​ដូច្នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​វៀតណាម​ផងដែរ។ ទោះជាយ៉ាងណា កម្ពុជា​មើលឃើញ​ថា គម្រោង​ព្រែកជីក​ដ៏​សំខាន់​នេះ គឺជា​ផលប្រយោជន៍​ធំធេង​របស់​ប្រជាជាតិ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។