រូបត្លុកនយោបាយ​៖ ១០០​ថ្ងៃ​ដំបូង​របស់​នាយករដ្ឋមន្ត្រី ​«ទាក់​ម៉ូយ»

រយៈពេល​១០០​ថ្ងៃ​ដំបូង​នៃ​ការ​ឡើង​កាន់​អំណាច​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សមិទ្ធផល​ដ៏​ធំ​មួយ​ដែល​លោក​​បាន​នាំ​មក​ជូន​សង្គម​ជាតិ​នោះ​ គឺ​ការធ្វើ​ដំណើរ​ឆ្លងកាត់​ទ្វីប​ចំនួន៣ និង​ប្រទេស​ចំនួន៥ សរុប​​ជិត​៦ម៉ឺន​គីឡូម៉ែត្រ​ ដើម្បី ​«ទាក់​ម៉ូយ»។ ទោះយ៉ាងណា គ្មាន​ឡើយ​ការប្រកាស​ពី​តួលេខ​ជាក់លាក់​នៃ​ទឹកប្រាក់​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ពី​សំណាក់​ក្រុម​អ្នកវិនិយោគ​នៅ​ប្រទេស​លោក​ខាងលិច។ ប៉ុន្តែ ម៉ូយ​ដែល​លោក​ទាក់​បាន​នោះ ភាគច្រើន​សុទ្ធតែ​ជា​ម៉ូយ​មកពី​ប្រទេស​កុម្មុយនិស្ត​ចិន ក្នុង​ពេល​ដែល​ពួកគេ​មួយ​ចំនួន​នៅ​តែ​រួញរា​មិន​ហ៊ាន​មក​វិនិយោគ​នៅ​កម្ពុជា​វិញ​នៅឡើយ។ នេះគឺ​ដោយសារតែ​ក្រោម​ការដឹកនាំ​របស់​ឪពុក​របស់​លោក គឺ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​លាងលុយ​កខ្វក់ និង​ជា ​«មជ្ឈមណ្ឌល​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ»​ ដ៏​កក្រើក​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន។

ក្រុម​អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត ប្រើ​រយៈពេល​១០០​ថ្ងៃ​ដំបូង​​គ្រាន់តែ​ដើម្បី​ធ្វើ​ទេសចរណ៍​ការទូត​​អួត​ប្រាប់​បរទេស​ថា​ លោក​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា។ ពួកគេ​រិះគន់​​ថា លោក ហ៊ុន ម៉ាណែត ប្រើ​ពេល​១០០ថ្ងៃ​ដំបូង​ដើម្បី​រៀន​ថ្លែង​សុន្ទរកថា​សាធារណៈ​ឱ្យ​បាន​រត់មាត់ និង​ពិរោះ​ស្តាប់ ជា​ជាង​ដោះស្រាយ​វិបត្តិ​ចំពោះ​មុខ​នៅ​ក្នុង​សង្គម​ ដូចជា វិបត្តិ​ពលរដ្ឋ​ជំពាក់​បំណុល​វ័ន្តករ និង​វិបត្តិ​​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ទៅ​ក្រៅ​ប្រទេស​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។