លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធានាអះអាងតាមសារជាសំឡេងរបស់លោកអំពីករណីនិស្សិតខ្មែរប្រមាណ ៤៥០នាក់ដែលកំពុងជាប់នៅប្រទេសអ៊ីស្រាអែល (Israel) ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងកងជីវពលហាម៉ាស (Hamas) ថា រដ្ឋាភិបាលរបស់លោកមិនទុកពួកគេចោលឡើយ។ ទន្ទឹមនឹងការធានាអះអាងនេះ ខុសពីរដ្ឋាភិបាលនានានៅលើពិភពលោករួមទាំងប្រទេសថៃ ដែលជាប្រទេសជិតខាងកម្ពុជានោះ រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានសម្រេចមិនជម្លៀសនិស្សិតខ្មែរទាំងនោះមកកម្ពុជាវិញ ជាបន្ទាន់ឡើយ។ តែតម្រូវឱ្យពួកគេបំពេញលិខិតស្ម័គ្រចិត្តតាមអនឡាញថា តើពួកគេចង់នៅទីនោះ ឬចង់ត្រឡប់មកស្រុកកំណើតវិញ។
លោក ហ៊ុន ម៉ាណែត អះអាងថា ក្នុងចំណោមនិស្សិតខ្មែរ ៤៥២នាក់ មាននិស្សិត ៤២២នាក់ បានសម្រេចចិត្តបន្តស្នាក់នៅក្នុងតំបន់ ដែលពួកគេស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែលដដែល។ ទោះយ៉ាងណា នៅមុនការប្រកាសនោះ ឪពុករបស់លោក គឺលោក ហ៊ុន សែន បានចេញមុខអន្តរាគមន៍ថា ក្នុងស្ថានភាពលំបាក កម្ពុជានឹងមិនរត់ចោលប្រជាពលរដ្ឋអ៊ីស្រាអែលជាដាច់ខាត។ លោក ហ៊ុន សែន ថែមទាំងព្រមាននិស្សិតទាំងនោះថា ប្រសិនបើពួកគេត្រលប់មកកម្ពុជាវិញ លើកក្រោយពួកគេនឹងមិនទទួលបានឱកាសទៅរៀន និងធ្វើការនៅប្រទេសអ៊ីស្រាអែលឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។