រូបត្លុកនយោបាយ​៖ «នរណា​ជា​ស្តេច​ផែនដី​ពិតប្រាកដ?»

រឿងរ៉ាវ​បាំង​ឆ័ត្រ​ក្នុង​ពិធី​ប្រទាន​ព្រះអគ្គីជ័យ​កីឡា​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម (SEA Games) លើកទី៣២ ដែលបាន​ប្រព្រឹត្ត​ទៅ​នៅ​ខាងមុខ​ប្រាសាទ​អង្គរវត្ត​កាលពី​ចុងខែមីនា​កន្លងទៅ បាន​ក្លាយជា​ប្រធានបទ​នៃ​ការពិភាក្សា​យ៉ាង​ផុលផុស​មួយ​ក្នុង​ចំណោម​ក្រុម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា។ ក្នុងពេល​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ព្រះមហាក្សត្រ នរោត្តម សីហមុនី កំពុង​ដើរ​បណ្តើរ​ជជែកគ្នា​បណ្តើរ អ្នកកាន់​ឆ័ត្រ​ឱ្យ​ព្រះមហាក្សត្រ​ត្រូវបាន​គេមើលឃើញ​ថា បាន​ព្យាយាម​កាន់​ឆ័ត្រ​បាំង​ឱ្យ​បុរសខ្លាំង គឺ​លោក ហ៊ុន សែន ជាជាង​បាំង​ឱ្យ​ព្រះមហាក្សត្រ​ ដែល​ពុំមាន​អំណាច។ បើទោះជា​មានពេល​មួយ លោក ហ៊ុន សែន បាន​ទាញដៃ​អ្នកបាំងឆ័ត្រ​ឱ្យ​ខិតចូល​មកជិត​លោក លោក​មិនបាន​បញ្ជា​ឱ្យ​អ្នកបាំង​ឆ័ត្រ​រូបនោះ​​ទៅ​ឈរបាំង​ឆ័ត្រ​នៅក្បែរ​ព្រះមហាក្សត្រ​ឡើយ។

ភ្លាមៗ​ក្រោយ​ហេតុការណ៍​នេះ អាជ្ញាធរ​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីររូប គឺលោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ដោយ​ចោទ​ប្រកាន់​ពួកគេ​ពី​បទ ​«ប្រមាថ​ព្រះមហាក្សត្រ» និង ​«ញុះញង់​បង្កឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដោយសារតែ​ពួកគេ​បាន​បង្ហោះ​សារ និង​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម​ជុំវិញ​សំណួរ​ថាតើ «នរណា​ជា​ស្តេច​ផែនដី​ពិតប្រាកដ»។ ក្រោយ​ការចាប់ខ្លួន​អ្នកទាំងពីរ លោក ហ៊ុន សែន បាន​ចេញ​មកបកស្រាយ​ថា លោក​មិនបាន​បញ្ចេញ​ឥរិយាបថ​ណាមួយ​បន្ទាប ឬ​មិនគោរព​ព្រះចេស្តា​នៃ​ព្រះមហាក្សត្រ​ឡើយ។ ទោះយ៉ាងណា លោក យឹម ស៊ីណន ក្រោយមក​ត្រូវបាន​លោក ហ៊ុន សែន បញ្ជា​ឱ្យ​តុលាការ​ដោះលែង​វិញ​ក្រោយ​ពី​លោក យឹម ស៊ីណន ​បាន​សរសេរ​លិខិត​សុំទោស​លោក និង​ព្រះមហាក្សត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។