លោក ខឹម វណ្ណា អះអាងថា រោងចក្របញ្ឈប់ការងារពួកគេទាំង ៣នាក់ បន្ទាប់ពីកម្មករតែងតាំងពួកគាត់ឲ្យបង្កើតសហជីព ដែលមានឈ្មោះ សហជីពសំឡេងយុវជនខ្មែរ នៅរោងចក្រនោះ។
លោកថា ក្រុមកម្មករតវ៉ាផ្នែកត្បាញបានធ្វើបាតុកម្មអហិង្សាតាំងពីថ្ងៃទី១០ ខែកញ្ញា រហូតមកដល់ពេលនេះ។ ការធ្វើបាតុកម្មកន្លងមកមិនមានការបង្ក្រាបកម្មករទេ ប៉ុន្តែនៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា សមត្ថកិច្ចបានចុះមកបង្ក្រាបបាតុកម្មរបស់កម្មករ។
លោក ខឹម វណ្ណា មានប្រសាសន៍ថា ៖ «កូដកម្មថ្ងៃនេះ ខាងក្រុមហ៊ុនគេជួលខាងសមត្ថកិច្ចមក គេចោទថា ទាមទារប្រាក់ឈ្នួល ៩៣ដុល្លារ ប៉ុន្តែពួកខ្ញុំអត់មានទាមទារប្រាក់ឈ្នួល ៩៣ដុល្លារទេ ពួកខ្ញុំទាមទារឲ្យតំណាងចូលវិញតែប៉ុណ្ណោះ»។
អនុប្រធានសហជីពសំឡេងយុវជនខ្មែរ លោក អ៊ិន ចាន់ថន ឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ សមត្ថកិច្ចប្រមាណ ៥០នាក់បានចាប់ពួកគាត់យកទៅសាលាស្រុកបាទី ប៉ុន្តែក្រុមកម្មករបានដណ្ដើមពួកគាត់មកវិញ។ ការប្រទាញប្រទង់គ្នាធ្វើឲ្យអាវគាត់កំពុងពាក់បានដាច់រហែក។ លោកថា សមត្ថកិច្ចនៅតែដាក់ពង្រាយជុំវិញកម្មករដែលតវ៉ា ប៉ុន្តែមិនមានការប្រើហិង្សាទៀតឡើយ៕