បុរស​ពីរ​នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​នៅ​មណ្ឌលគិរី

មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​២០ ធ្នូ ឆ្នាំ​២០០៩ ថា បុរស​ចំនួន​ពីរ​នាក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​បទ​ចោទ​ប្រកាន់​ថា បាន​រំលោភ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​ពីរ​ករណី​ផ្សេង​គ្នា។
ដោយ រដ្ឋា វីសាល
2009.12.20

អនុ​ប្រធាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិ​ជន​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត លោក សុវណ្ណា រ៉ា មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ឆ្នាំ​២០០៩ ដែល​សមត្ថកិច្ច​ប៉ូលិស​រក​ឃើញ​ករណី​រំលោភ​ក្មេង​ស្រី​ក្រោម​អាយុ​១៨​ឆ្នាំ រហូត​ពីរ​ករណី​ក្នុង​រយៈពេល​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ។

លោក សុវណ្ណា រ៉ា ឲ្យ​ដឹង​ដូច្នេះ ៖ «អត់​ដែល​មាន​ទេ ទើប​ចុង​ខែ​ដាច់​ឆ្នាំ​មាន​តែ​ម្ដង។ អាហ្នឹង​ទាក់ទង​នឹង​ភាពក្រីក្រ...»

ជន​ជាប់​ចោទ​ទាំង​ពីរ​មាន​ឈ្មោះ គង់ យ៉ុង អាយុ​២៦​ឆ្នាំ រស់​នៅ​ភូមិ​ពូតាង សង្កាត់​រមនា ក្រុង​សែនមនោរម្យ ចាប់​ខ្លួន​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០០៩ ក្នុង​បទ​ចោទ​ប្រកាន់​រំលោភ​ក្មេង​អាយុ​១៥​ឆ្នាំ កំណើត​ជន​ជាតិ​ដើម​ព្នង និង​ឈ្មោះ ហ៊ឹម ស្លែស អាយុ​៤៤​ឆ្នាំ ជាប់​ចោទ​រំលោភ​ក្មួយ​ស្រី​អាយុ​៩​ឆ្នាំ ជន​ជាតិ​ចាម នៅ​ភូមិ​មេប៉ៃ ឃុំ​ពូជ្រី ស្រុក​កែវសីមា ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៩។

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា នេះ​ជា​ករណី​ទាក់ទិន​ក្នុង​បទ​ឧក្រិដ្ឋ ហើយ​តាម​ការ​អង្កេត​របស់​លោក​រក​ឃើញ​ថា ករណី​ចោទ​ប្រកាន់​ចាប់​រំលោភ​ទាក់ទិន​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ ជន​ជាតិ​ភាគតិច​ព្នង​នោះ ក្រុម​សហគមន៍​ជនជាតិ​ដើម​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​បំពាន​ទៅ​លើ​ប្រពៃណី ហើយ​ក្រុម​ចាស់​ទុំ ឬ​មេ​កន្ទ្រាញ បាន​កាត់​ក្តី​តាម​រយៈ​អាជ្ញាធរ​ប្រពៃណី​ឲ្យ​ធ្វើ​ការ​ផាក​ពិន័យ ឬ​សែន​ព្រេន​ដើម្បី​បញ្ចប់​បញ្ហា​ទៅ​វិញ។ លោក​ថា ដោយសារ​សង្គម​ស៊ីវិល​ផ្តល់​របាយការណ៍​មក​ប៉ូលិស​ជំនាញ​ពី​ករណី​នេះ​ទើប​នាំ​ឲ្យ​មាន​ការ​ចាប់​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​នោះ។

លោក ឆាយ ធី មាន​ប្រសាសន៍​ដូច្នេះ ៖ «ធ្វើការ​ដោះ​ស្រាយ​សម្រប​សម្រួល​របៀប​នេះ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋ។ យើង​ឃើញ​ថា បទ​ល្មើស​នេះ​ធ្ងន់ធ្ងរ​ណាស់»

មេ​ឃុំ​សែនមនោរម្យ លោក ភី ងូក មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា អ្នក​ភូមិ​ភាគ​ច្រើន​មិន​បាន​រាយ​ការណ៍​ពី​ហេតុ​ការណ៍​ដែល​កើត​មាន​ក្នុង​សហគមន៍​ពួកគេ​មក​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចាត់​វិធានការ​តាម​ផ្ឡូវ​ច្បាប់​នោះ​ទេ ដោយសារ​តែ​ពួកគាត់​មិន​បាន​យល់​ដឹង​ពី​ច្បាប់ ហើយ​និយម​ធ្វើការ​ដោះ​ស្រាយ​បញ្ហា​តាម​ទម្លាប់​និង​ប្រពៃណី​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។ លោក​ថា ទាំង​អស់​នោះ​គឺ​ជា​ប្រការ​ខុស​ច្បាប់។

លោក ភី ងូក មាន​ប្រសាសន៍​ថា ៖ «ជា​លក្ខណៈ​មួយ​តាម​ភូមិ​ហ្នឹង ចាស់ៗ​គាត់​សម្រប​សម្រួល​ទៅ ដល់​អ៊ីចឹង​គេ​មិន​អាច​ប្ដឹង​ផ្ដល់​មក​ដល់​យើង អ៊ីចឹង​យើង​ក៏​ពិបាក​បង្ខំ​ឲ្យ​គេ​មក​ធ្វើការ​ជាមួយ​យើង​ដែរ»

មន្ត្រី​ប៉ូលិស​ខាង​លើ​ឲ្យ​ដឹង​ដែរ​ថា ជន​ជាប់​ចោទ​ឈ្មោះ គង់ យ៉ុង ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ហើយ​ចំណែក​ជន​ជាប់​ចោទ​ឈ្មោះ ហ៊ឹម ស្លែស កំពុង​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ដើម្បី​កសាង​សំណុំ​រឿង​ទៅ​តុលាការ។

របាយការណ៍​របស់​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិ​ជន​ឲ្យ​ដឹង​ថា ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ អំពើ​ឧក្រិដ្ឋ​ចាប់​រំលោភ​សេពសន្ថវៈ​ទៅ​លើ​នារី​និង​កុមារ​មិន​ធ្លាប់​កើត​មាន​នៅ​ក្នុង​ខេត្ត​ដាច់​ស្រយាល​មួយ​នេះ​ទេ ហើយ​ការ​រក​ឃើញ​ករណី​រំលោភ​ថ្មី​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​កើត​មាន​បទឧក្រិដ្ឋ​រំលោភ​សិទ្ធិ​កុមារ​គួរ​ឲ្យ​ព្រួយ​បារម្ភ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។