អ្នកស្រី ម៉ម ខេមរា រស់នៅភូមិតាងួន បានអះអាងថា អ្នកភូមិកំពុងមានការព្រួយបារម្ភចំពោះសេចក្ដីជូនដំណឹងរបស់សាលាខណ្ឌដង្កោ ដែលបានដាក់ឱសានវាទឲ្យពួកគាត់រុះរើសំណង់អាគារ ស្តង់ និងលំនៅឋាន ចម្ងាយ ៦ម៉ែត្រពីអ័ក្សផ្លូវ ចាប់ពីថ្ងៃទី២៤ កុម្ភៈ ដល់ថ្ងៃទី២ មីនា ឆ្នាំ២០១១ ដើម្បីស្ថាបនាពង្រីកផ្លូវលេខ២០១១ ចាប់ពីផ្លូវសហព័ន្ធរុស្សី ដល់វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ស្ថិតនៅខណ្ឌសែនសុខ ក្រុងភ្នំពេញ។ អ្នកស្រីបន្តថា ពួកគាត់រស់នៅទីនោះតាំងពីឆ្នាំ១៩៧៩ មក ពួកគាត់នឹងធ្វើការតវ៉ាចំពោះសេចក្ដីជូនដំណឹងឲ្យអ្នកភូមិរុះរើនេះ ៖ "សង្កាត់ ខណ្ឌ ឬក៏ចៅហ្វាយក្រុងអីមួយ គាត់ត្រូវហៅប្រជាជនប្រជុំឲ្យដឹងពីផែនការពង្រីកផ្លូវហ្នឹង ដោះស្រាយគោលនយោបាយ ឬក៏មិនដោះស្រាយយ៉ាងម៉េចគាត់អត់មានឲ្យប្រជាជនដឹង ប្រជាជនល្ងង់ធ្វើនេះធ្វើរំលោភសិទ្ធិប្រជាជន ប្រជាជនដឹងតែមិនព្រមអ៊ីចឹងហ្មង"។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអាជ្ញាធរខណ្ឌដង្កោចំពោះការប្រតិកម្មរបស់អ្នកភូមិបានទេ។
មន្ត្រីអង្គការសិទ្ធិលំនៅឋានបានឲ្យដឹងថា អង្គការនេះកំពុងចុះសិក្សាពីផលប៉ះពាល់លំនៅឋានរបស់ពលរដ្ឋនៅក្នុងសហគមន៍នេះ ហើយប្រជាពលរដ្ឋបានសុំឲ្យពួកគេផ្ដល់ឱវាទផ្នែកច្បាប់ ដើម្បីធ្វើពាក្យស្នើសុំទៅអាជ្ញាធរខណ្ឌ ប្រឆាំងទៅនិងសេចក្ដីជូនដំណឹងនេះ៕