មូលនិធិ​សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ

0:00 / 0:00

មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី១១ មេសា នេះ។ ការ​បង្កើត​មូលនិធិ​​នេះ​ គឺ​​​ដើម្បី​ស្វះស្វែង​រក​ថវិកា​ដើម្បី​​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់​លាន​នាក់។ អង្គការ​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​បង្កើត​មូលនិធិ​នេះ ប៉ុន្តែ​ស្នើ​ឱ្យ​មាន​យន្តការ​គ្រប់គ្រង​ជាក់លាក់ និង​ត្រូវ​​បែង​ចែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​សកម្មភាព​មនុស្ស​ធម៌ និង​សកម្មភាព​នយោបាយ។

លោក ហ៊ុន សែន ដែល​ជា​ប្រធាន​កត្តិយស​មូលនិធិ​គន្ធបុប្ផា ទទួល​ស្គាល់​ថា របប​របស់​លោក​​មិន​អាច​បន្ត​ពឹង​ផ្អែក​លើ​ស្ថាបនិកនៃ​​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner)​​ បាន​ទៀត​ឡើយ ក្នុង​ការ​កៀរគរ​ថវិកា​​ដើម្បី​ធានា​ចិរភាព​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា។ លោក​បន្ត​ថា នេះ​ជា​ពេល​វេលា​សម​ស្រប​ដែល​កម្ពុជា​ត្រូវ​មាន​មូលនិធិ​គន្ធបុប្ផា​ដោយ​ខ្លួន​ឯង ដើម្បី​បង្ការ​ខ្លាច​ក្រែង​មូលនិធិ​គន្ធបុប្ផា​ប្រទេស​ស្វ៊ីស​ថយ​ចុះ​ថវិកា ប៉ះពាល់​ដល់​ដំណើរការ​នៃ​មន្ទីរ​ពេទ្យ​មួយ​នេះ៖ «យើង​ប្ដេជ្ញា​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​តាម​លទ្ធភាព​ដែល​មាន​ដើម្បី​ជួយ​មន្ទីរពេទ្យ​ គន្ធបុប្ផា ទាំង ៥ នេះ​ឱ្យ​បន្ត​ផ្ដល់​សេវា​សុខាភិបាល​ដោយ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ និង​ផ្ដល់​ការ​ថែទាំ​កុមារ​ដោយ​មិន​ចាំ​បាច់​បង់​ប្រាក់​ និង​មិន​មាន​ការ​រើស​អើង»

លោក ហ៊ុន សែន ប្រកាស​​ដាក់​ថវិកា​រដ្ឋ​ប្រមាណ​ ១០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ ជា​ធនធាន​បម្រុង​​ទៅ​ក្នុង​មូលនិធិ​​គន្ធបុប្ផា​កម្ពុជា ហើយ​លោក​ក៏​បាន​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​ចូល​រួម​បរិច្ចាគ​ធនធាន​ទៅ​តាម​លទ្ធភាព ដើម្បី​​ធានា​បាន​នូវ​​សុខុមាលភាព​សម្រាប់​​ស្ត្រី និង​កុមារ​កម្ពុជា។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ការ​បង្កើត​មូលនិធិ​ជាតិ​​ដើម្បី​ធានា​​​និរន្តរភាព​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​ជា​រឿង​​មួយ​ដ៏​ប្រសើរ​សម្រាប់​វិស័យ​​​សុខាភិបាល​ ព្រោះ​មន្ទីរពេទ្យ​មួយ​នេះ​ទទួល​បាន​ការ​ជឿជាក់ ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ចំពោះ​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​កូនចៅ​របស់​ពួក​គាត់។ លោក​បន្ត​ថា ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​គណនេយ្យ​ភាព​ក្នុង​ដំណើរ​ការ​ការងារ​​ មូលនិធិ​នេះ​គួរ​តែ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ដូចជា រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​ និង​​វិស័យ​ឯកជន។ លើស​ពី​នេះ លោក​ស្នើ​ដល់​​ថ្នាក់​ដឹកនាំ​នៃ​មូលនិធិ​នេះ អនុវត្ត​ការងារ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​មិន​ត្រូវ​​យក​មូលនិធិ​នេះ​ទៅ​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ​ឡើយ៖ «ទុក​រឿង​នយោបាយ​ដោយ​ឡែក ហើយ​យើង​គិត​ថា ជា​ប្រជាជាតិ​មួយ​ដែល​ចង់​បាន​សុខុមាលភាព​ល្អ ការ​រីកចម្រើន​លូត​លាស់​នៃ​វិស័យ​សុខាភិបាល​ដល់​កុមារ ខ្ញុំ​ថា​យើង​គួរ​តែ​នាំគ្នា​ចូល​រួម​ជាមួយ​នឹង​សកម្ម​ភាព​សប្បុរស​ធម៌​ផ្សេងៗ​ ដើម្បី​ឱ្យ​មូលនិធិ​នេះ​មាន​និរន្តរភាព​ និង​ដើម្បី​ជួយ​ទ្រទ្រង់​មន្ទីរ​ពេទ្យ​នេះ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅមុខ។ ហើយ​ខ្ញុំ​យល់​ថា ប្រសិន​បើ​ពីរ​បី​ឆ្នាំ​ខាង​មុខ​ មាន​គំរូ​ពេទ្យ​គន្ធបុប្ផា​រីក​ជា​សាខា​បន្ថែម​ទៀត​ ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​ល្អ​ប្រសើរ»

ចំណែក​ អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក សឹង សែនករុណា វិញ ថ្លែង​ថា ក្រៅតែ​ពី​បង្កើត​មូលនិធិ​គន្ធបុប្ផា​នេះ អ្វី​ដែល​រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​​នោះ​​ គឺ​ការ​​ពង្រឹង​គុណភាព​វិស័យ​សុខាភិបាល​នៅ​​ទូទាំង​ប្រទេស មិន​អាច​ពឹង​ផ្អែក​តែ​​ទៅលើ​​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើយ​ ព្រោះ​ពលរដ្ឋ​ជា​ច្រើន​រស់​នៅ​តាម​ទី​ជន​​បទ​ខ្វះ​លទ្ធភាព​ និង​មធ្យោបាយ​គ្រប់​បែប​យ៉ាង ​ដើម្បី​ទទួល​បាន​សេវា​ព្យាបាល​មាន​គុណភាព​ល្អ និង​ឥត​បង់​ថ្លៃ​បែបនេះ៖ «យើង​ដឹង​ហើយ​ថា ជំងឺ​មួយ​ចំនួន​ពេល​ខ្លះ​ជា​លក្ខណៈ​សង្គ្រោះ​បន្ទាន់ ទម្រាំតែ​មក​ដល់​ផ្លូវ​ឆ្ងាយ​ក៏​មាន​ការ​បាត់​បង់​ជីវិត​កុមារ​ជា​ច្រើន​ ដោយ​សារ​ហេតុ​ផល​នៃ​ការ​ស្វែង​រក​គ្រូពេទ្យ​សង្គ្រោះ​ផ្នែក​កុមារ​នេះ មក​ដល់​ភ្នំពេញ ដូច្នេះ​​​យើង​គិត​ថា គួរ​តែ​ពង្រឹង​គុណភាព​ និង​សេវាកម្ម​​​នេះ​ឱ្យ​បាន​គ្រប់​មន្ទីរពេទ្យ​ទាំង​អស់​វិញ​ទៅ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ចេះ​តែ​នាំ​គ្នា​ទៅ​រកតែ​មន្ទីរពេទ្យ​គន្ធបុប្ផា»

មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​បើក​ដំណើរការ និង​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​​ស្ត្រី​មាន​ផ្ទៃពោះ​ និង​កុមារ​​ដោយ​ឥត​គិត​ថ្លៃ អស់​រយៈពេល​ជាង ២៥​ឆ្នាំ​ហើយ។ គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មន្ទីរពេទ្យ​មនុស្ស​ធម៌​មួយ​នេះ​បាន​ជួយ​ព្យាបាល​​​ជំងឺ​ជូន​​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​កម្ពុជា​​ ​សរុប​ជិត ១៧​លាន​​ករណី (១៦.៨២២.២២៥) ដោយ​អ្នក​ជំងឺ​​ភាគ​ច្រើន​ស្ថិត​ក្នុង​គ្រួសារ​មាន​ជីវភាព​​ទីទ័លក្រ។ នៅ​ក្នុង​ដំណើរ​ការ​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​សរុប​ជាង ៦ រយ (៦៣២) លាន​ដុល្លារ​អាមេរិក ដើម្បី​​​ទិញ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ ចំណាយ​ទៅ​លើ​ប្រាក់​បៀវត្សរ៍​បុគ្គលិក និង​ចំណាយ​ផ្សេងៗ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។