របបក្រុងភ្នំពេញបានអនុញ្ញាតឲ្យក្រុមហ៊ុនចិនឈ្មោះ Shanxi Mechanization Construction Group សង់បរិវេណហោះហើរនៅវាលយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប។ ការអនុញ្ញាតនេះ គឺបន្ទាប់ពីក្រុមហ៊ុនចិនមួយនេះ ទើបតែបានឈ្នះការដេញថ្លៃដើម្បីទទួលសង់បរិវេណហោះហើរនៃព្រលានយន្តហោះថ្មីនេះ ក្នុងទឹកប្រាក់ ២៩០លានយ័ន ស្មើនឹងជាង ៤២លានដុល្លារអាមេរិក។
នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានចិន China Daily កាលពីថ្ងៃទី៨ កក្កដា។ សារព័ត៌មាននេះឲ្យដឹងថា វាលយន្តហោះថ្មីនេះ មានចម្ងាយ ៥១គីឡូម៉ែត្រពីទីប្រជុំជនខេត្តសៀមរាប និង ៤០គីឡូម៉ែត្រពីតំបន់រមណីយដ្ឋានអង្គរ។ វាលយន្តហោះនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុប ៧០០ហិកតារ ក្រោមទឹកប្រាក់សរុបជិត ១ពាន់លានដុល្លារ។
អាស៊ីសេរីនៅមិនទាន់អាចសុំការបញ្ជាក់ពីមន្ត្រីរបបក្រុងភ្នំពេញ និងមន្ត្រីអាកាសចរណ៍ស៊ីវិល អំពីតម្លាភាពនៃការដេញថ្លៃការសាងសង់បរិវេណវាលយន្តហោះថ្មីនេះបាននៅឡើយទេ។ ក៏ប៉ុន្តែ កន្លងមក របបនេះតែងរក្សាការសម្ងាត់ និងកម្របង្ហាញតម្លាភាពជុំវិញការដេញថ្លៃលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ នោះទេ។
ក្រុមហ៊ុនចិន តែងឈ្នះការដេញថ្លៃរាល់គម្រោងសំខាន់ៗ ទាំងនោះ ដែលជាផ្នែកមួយនៃគម្រោងការប្រចាំសតវត្ស «គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ» របស់មហាយក្សចិន។ ក្នុងនោះ រួមមានគម្រោងសាងសង់វាលយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាលក្នុងទឹកប្រាក់ជាង ១ពាន់ ៥រយលានដុល្លារអាមេរិក វាលយន្តហោះកោះកុង ក្នុងតម្លៃជាង ៣៥០លានដុល្លារអាមេរិកជាដើម។
ក្រុមអ្នកជំនាញកិច្ចការបរទេសធ្លាប់ព្រមានថា ចិនអាចបម្លែងវាលយន្តខេត្តកោះកុង ឲ្យបម្រើវិស័យយោធារបស់ខ្លួននាពេលអនាគត។ ក៏ប៉ុន្តែ ក្រុងភ្នំពេញតែងបដិសេធព័ត៌មានទាំងនេះ និងថា ផ្អែកតាមរដ្ឋធម្មនុញ្ញ កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
