សហជីពសេរីកម្មករគ្រោងដង្ហែកម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា
2012.12.27
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍នៅថ្ងៃទី២៧ ធ្នូ ថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ខាងមុខនេះ សមាជិកសមាជិកាសហជីពសេរីកម្មករ ព្រមទាំងក្រុមគ្រួសារសាច់ញាតិប្រមាណ ១៥០នាក់ គ្រោងនឹងរៀបចំពិធីដង្ហែកម្រងផ្កាពីស្នាក់ការសហជីព ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដើម្បីដាក់កម្រងផ្កានោះនៅខាងមុខតូបកាសែតក្បែរវត្តលង្កា ដែលជាទីកន្លែងនៃការបាញ់សម្លាប់លោក ជា វិជ្ជា។
លោក ជា មុនី៖ «បើទោះបីឃាតកគេនៅបិទបាំងនៅឡើយក៏ដោយ ក៏ប៉ុន្តែកម្មវិធីនៃការដឹងគុណនៅការប្រារព្ធដឹងគុណកាលលោកនៅរស់ លោកបានធ្វើសកម្មភាពសម្រាប់កម្មកររហូតដល់ខ្មាន់កាំភ្លើង ក្រុមមានអំណាច បាញ់លោកមកដល់ពេលនេះក៏ដោយ ក៏យើងនៅតែប្រារព្ធ»។
ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារសាច់ញាតិ តែងតែរៀបចំពិធីដង្ហែកម្រងផ្កាទៅដាក់គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អតីតប្រធានសហជីព ដែលឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបកាសែតក្បែរវត្តលង្កា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។