លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឲ្យដឹងថា លោក ស៊ិន ពិនសេន បានទទួលមរណភាពដោយជំងឺ ហើយសពលោកត្រូវបានតម្កល់នៅគេហដា្ឋនស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
លោក ស៊ិន ពិនសេន មានឈ្មោះមួយទៀតឈ្មោះ ស៊ិន សេន។ លោកជាមេប៉ូលិសតាំងពីយូរណាស់មកហើយ ហើយលោកធ្លាប់មានប្រវត្តិទាក់ទងជាមួយនឹងសកម្មភាពធ្វើរដ្ឋប្រហារមួយជាមួយព្រះអង្គម្ចាស់ នរោត្ដម ចក្រពង្ស់ កាលពីឆ្នាំ១៩៩៤។
លោក ស៊ិន សេន ធ្លាប់ជាសមាជិកគណបក្សប្រជាជនកម្ពុជា និងក្រោយមក លោកបានចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងបានដូរឈ្មោះដាក់ថា ស៊ិន ពិនសេន វិញ។
ក្នុងឆ្នាំ២០០៨ លោក ស៊ិន ពិនសេន បានវិលមកចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាវិញ ហើយបានទទួលការតែងតាំងជាឧត្តមសេនីយ៍ប៉ូលិសផ្កាយមាស ៤ និងបានត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលអាណត្តិទី៤ ដែលទើបតែបង្កើតឡើងក្រោយការបោះឆ្នោតថ្ងៃទី២៧ កក្កដា កន្លងទៅនេះ៕