ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ (Victoria International Hospital)ជាផ្លូវការ និងឃាត់ខ្លួនបុគ្គលិកម្នាក់ បន្ទាប់ពីរងការចោទថា បានបង្ខំអ្នកជំងឺឲ្យវះកាត់ក្នុងតម្លៃថ្លៃខ្ពស់ និងបានឃុំអ្នកជំងឺទុក ដើម្បីទាមទារថ្លៃសេវាវះកាត់នោះទៀតផង។ អ្នកជំនាញផ្នែកវិស័យសុខាភិបាល យល់ថា ក្រសួងសុខាភិបាលគួរតែបញ្ជាក់ហេតុផល ជាសាធារណៈឲ្យបានច្បាស់ជុំវិញការបិទមន្ទីរពេទ្យឯកជននេះ ដើម្បីកុំឲ្យមានមន្ទិលសង្ស័យផ្សេងៗ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាឲ្យបិទមន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ ជាផ្លូវការតែម្តង កាលពីថ្ងៃទី១៤ ខែមករា បន្ទាប់ពីក្រុមស្រាវជ្រាវរបស់ក្រសួងមួយនេះ រកឃើញថា មន្ទីរពេទ្យឯកជននេះ គ្មានការគោរពតាមលិខិតបទដ្ឋានរបស់ក្រសួង។
ក្នុងលិខិតរបស់ក្រសួងសុខាភិបាល ដែលអាស៊ីសេរីទទូលបាននៅថ្ងៃទី១៥ ខែមករា បញ្ជាក់ថា អ្នកស្រីវេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវមន្ទីរពេទ្យ វ៉ិចតូរៀ ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាព។
អាស៊ីសេរី មិនទាន់អាចស្វែងរកប្រភពទាក់ទងអ្នកស្រីវេជ្ជបណ្ឌិត សៀង សុគន្ធ និងតំណាងមន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ បានទេ នៅថ្ងៃទី១៥ ខែមករា។
អភិបាលខណ្ឌទួលគោគ លោក ឯក ឃុនដឿន ប្រាប់អាស៊ីសេរីដោយខ្លីថា មន្ទីរពេទ្យអន្តរជាតិ វិច តូរៀ ពិតជាបិទជាផ្លូវការមែន ហើយលោកដឹងថា អាជ្ញាធរបានឃាត់ខ្លួនជនជាតិចិនម្នាក់ ដែលជាអ្នកគិតលុយរបស់មន្ទីរពេទ្យ៖ «យើងបានចុះទៅបិទមន្ទីរពេទ្យ ហើយក្នុងនោះយើងបាននាំខ្លួនតែបុគ្គលិកម្នាក់ដែលជាអ្នកគិតលុយមកសាកសួរបន្ត ព្រោះអីយប់កើតនោះ បុរសគិតលុយជាអ្នកប្រាប់ម្តាយជនរងគ្រោះបង់លុយ។នេះបើតាមការចង្អុយរបស់ម្តាយរងគ្រោះ។ សមត្ថកិច្ចគេកំពុងតែស្រាវជ្រាវបន្ត»។
អាស៊ីសេរី បានព្យាយាមទំនាក់ទំនងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ជាច្រើនលើក ប៉ុន្តែពុំទទូលទូរស័ព្ទ។
ទោះយ៉ាងនេះក្តី សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ក្រៅពីបិទមន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ នោះ គឺអាជ្ញាធរបានឃាត់ខ្លួនបុគ្គលិកពេទ្យចំនួន ៤នាក់បន្ថែមទៀត ដើម្បីបញ្ជូនទៅសាកសួរនៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ។
ព្រះរាជអាជ្ញាធររង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បដិសេធមិនឆ្លើយតបផ្ទាល់មាត់តាមទូរស័ព្ទជាមួយអាស៊ីសេរីនោះទេ ដោយស្នើសុំឲ្យផ្ញើសារទៅលោកវិញ ប៉ុន្តែទោះបីជាផ្ញើសារទៅលោកក្តី ក៏មិនមានការឆ្លើយតបដែរ៖ «សូមទម្លាក់សារ (Message ) មកណា ព្រោះខ្ញុំជាប់ប្រជុំតិចបាទ»។
មន្ទីរពេទ្យ វ៉ិចតូរៀ ស្ថិតនៅផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងត្រូវគេដឹងម្ចាស់មន្ទីរពេទ្យនេះ គឺជាជនជាតិចិន។
នគរបាលប៉ុស្តិ៍នៃនគរបាលខណ្ឌទួលគោកម្នាក់ ប្រាប់អាស៊ីសេរីថា លោកដឹងថា មានការឃាត់ខ្លួនបុគ្គលិកពេទ្យ វ៉ិចតូរៀ ចាប់ពី ៦ ទៅ ៨នាក់ ក្នុងនោះមាន ៦នាក់ជាជនជាតិចិន បញ្ជូនទៅនគរបាលអន្តោប្រវេសន៍៖ «ខ្ញុំអត់បានដឹងទេ តែដំបូងថា ឃាត់ខ្លួនមនុស្ស ៨នាក់ តែឥឡូវនេះ ឮសូរថា ៦នាក់ ហើយនឹងម្នាក់ទៀតនៅខណ្ឌ។ ៦នាក់នោះ យកទៅនាយកដ្ឋានអន្តោប្រវេសន៍»។
ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែម សារិន បដិសេធថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។
វិធានការរបស់ក្រសួងសុខាភិបាលនេះ បន្ទាប់ពីមន្ទីរពេទ្យ វ៉ិចតូរៀ រងការចោទថា កាលពីយប់ថ្ងៃទី១៣ ខែមករា មានអ្នកជំងឺម្នាក់ ទៅពិនិត្យជំងឺក្នុងមន្ទីរពេទ្យនោះ ហើយគ្រូពេទ្យ បានបង្ខិតបង្ខំ ឲ្យអ្នកជំងឺវះកាត់ ដោយមិនប្រាប់ពីអាការៈជំងឺឲ្យច្បាស់លាស់ និងបំភ័យថា បើមិនវះកាត់អាចត្រូវស្លាប់។ ទោះយ៉ាងណាគ្រួសារអ្នកជំងឺ ប្រាប់គ្រូពេទ្យថា ខ្លួនមានលុយតែ ៦រយ (៦០០)ដុល្លារ និងសុំ គ្រូពេទ្យចេញក្រៅ តែគ្រូពេទ្យ នៅតែបន្តទាមទារវះកាត់ដដែល ដោយមិនបានប្រាប់ពីតម្លៃព្យាបាលជាមុននោះទេ។ បន្ទាប់ពីវះកាត់រូច មន្ទីរពេទ្យ បានចេញវិក័យប័ត្រថ្លៃសេវាវះកាត់ជាង ២ពាន់ (២.០០០) ដុល្លារទៀត ប៉ុន្តែដោយអ្នកជំងឺពុំមានលុយឲ្យគ្រប់ចំនួន ក៏ខាងមន្ទីរពេទ្យបានចាក់សោ បិទទ្វារបង្ខាំងអ្នកជំងឺ និងម្តាយអ្នកជំងឺមិនឲ្យចេញក្រៅនោះទេ លុះត្រាតែមានលុយគ្រប់ចំនួន។
អ្នកជំនាញសុខភាពសាធារណៈ លោក វេជ្ជបណ្ឌិត លី ចេងហ៊ុយ លើកឡើងថា លោកមិនទាន់ជឿថា ភាគីខាងណាខុសនោះទេ ព្រោះពេលនេះ មិនទាន់មានចម្លើយពីខាងគ្រូពេទ្យនោះមានតែខាងគ្រួសារអ្នកជំងឺប៉ុណ្ណោះ។ លោកពន្យល់ថា ការព្យបាលជំងឺដោយការវះកាត់ លុះត្រាមានការព្រមព្រៀងគ្នារវាងគ្រួពេទ្យ និងអ្នកជំងឺ ប៉ុន្តែបើគ្មានលិខិតព្រមព្រៀងទេ គឺមិនអាចវះកាត់បានទេ៖ «បើគាត់មានកិច្ចព្រមព្រៀង គឺយើងមើលទៅលើកិច្ចព្រមព្រៀងនោះ បើកិច្ចព្រមព្រៀងនោះ គាត់ ( ពេទ្យ ) អាចវះគាត់ និងព្រមយកតែ ៦រយដុល្លារទេ ឬក៏យ៉ាងម៉េច ឬក៏ទទូលយក ៥០ភាគរយ ឬក៏យ៉ាងម៉េច។អ៊ីចឹងត្រូវផ្អែកលើកិច្ចព្រមព្រៀង ព្រោះមនុស្សសព្វថ្ងៃនេះ មិនថាអ្នកមានវិជ្ជាជីវៈ និងអ្នកជំងឺ ឬក៏គ្រូពេទ្យទេ គឺមួយចំនួនធំបាត់បង់សីលធម៌ទៅហើយ។ ការបាត់បង់សីលធម៌នេះ អ្នកជំងឺ ក៏អាចភូតមន្ទីរពេទ្យបាន ហើយមន្ទីពេទ្យ ក៏អាចគាបសង្កត់យកលុយពីអ្នកជំងឺដែរ។ ខ្ញុំយល់ថា ទាល់តែពិនិត្យមើលលើកិច្ចព្រមព្រៀងករណីនេះ»។
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ បន្តថា ក្រសួងសុខាភិបាល គួរតែចេញបញ្ជាក់ហេតុផលជាសាធារណៈឲ្យបានច្បាស់លាស់ និងលម្អិតអំពីការបិទមន្ទីរពេទ្យ ព្រោះមិនអាចមានរឿងតិចតួចចេះតែបិទ និងបើកវិញនោះទេ ដើម្បីកុំឲ្យប៉ះពាល់ដល់វិស័យសុខាភិបាល៖ «ទី១ ការធ្វើអីមួយ គួរតែមានលក្ខណៈវិនិច្ឆ័យឲ្យគ្រប់ជ្រុងជ្រោយ និងលម្អិត។ ទី២ ខ្ញុំគិតថា វិធានការគួរតែមានហេតុផលត្រឹមត្រូវ ហើយគួរតែឲ្យបានល្អ ហើយឲ្យមានប្រសិទ្ធិភាពបំផុត។ ប្រសិនបើមន្ទីរពេទ្យនោះខុសមែន ខ្ញុំគិតថា វិធានការរបស់ក្រសួងសុខាភិបាល គឺល្អមែនទែន គឺបានជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋបានល្អ។ ផ្ទុយទៅវិញ បើកំហុសនេះ មិនមែនជាកំហុសរបស់មន្ទីរពេទ្យ ហើយត្រូវក្រសួងបិទលឿនពេក អ៊ីចឹងពេលនោះប៉ះពាល់អារម្មរណ៍អ្នកអាជីវកម្ម ទាក់ទងនឹងវិស័យសេវាកម្មសុខាភិបាលហើយ ព្រោះថា ការបិទមន្ទីរពេទ្យ ចំណាយអស់លុយច្រើនណាស់»។
វេជ្ជបណ្ឌិត លី ចេងហ៊ុយ លើកឡើងថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋប្រហែលលើសពី ៥០ភាគរយ បានបាត់បង់ទំនុកចិត្តលើគុណភាពសេវាសុខាភិបាលនៅកម្ពុជាទាំងឯកជន និងរដ្ឋ ហើយពួកគេ បានសម្រេចចិត្តចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស។ លោកស្នើសុំឲ្យក្រសួងសុខាភិបាល ត្រូវធ្វើកំណែទម្រង់របស់ខ្លួនបន្ថែមទៀត ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល និងស្តារទំនុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។