លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចេញសារដ៏កម្រមួយនាឱកាសពិធីខួបកំណើតរបស់លោកគម្រប់៦៧ឆ្នាំ នេះថា ដ៏រាបណាព្រះអាទិត្យនៅតែរះ លោកនៅតែមានក្ដីសង្ឃឹម វិលទៅជួបជុំអ្នកគាំទ្ររបស់លោក និង បម្រើជាតិមាតុភូមិវិញ។
លោក កឹម សុខា សរសេរ ក្នុងទំព័រ (Facebook) លោកថា វាគ្មានទេពាក្យថា " ស្ដាយក្រោយសម្រាប់ កឹម សុខា ដែលបានបូជាជូនជាតិ ប្រជាពលរដ្ឋ ដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព អធិបតេយ្យភាព និងការផ្សះផ្សាជាតិ" ។
លោក កឹម សុខា បានប្ដេជ្ញាចិត្តថាទោះបីជាលោកស្ថិតនៅទីឃុំឃាំងក្នុងផ្ទះគឺលោកជាប់ឃុំតែរូបកាយបាត់បង់សេរីភាពក៏ពិតមែនប៉ុន្តែស្មារតីស្នេហាជាតិរបស់លោកមិនជាប់ឃុំឃាំងឡើយ។
លោក កឹម សុខាបាន សរសេរបន្តទៀតថា " ទឹកចិត្ត និង សេច ក្ដី នឹករលឹករបស់ជនរួមជាតិ បានផ្តល់ដល់រូបខ្ញុំ នូវកម្លាំងចិត្តដែលជាថាមពល ជំរុញឱ្យ រូបខ្ញុំបន្តនូវស្មារតីស្នេហាជាតិ បើទោះជារូបកាយខ្ញុំត្រូវបានបាត់បង់សេរីភាព អស់ជិត២ឆ្នាំមកហើយក្ដី ។ មិនមានអ្វីឡើយដែលអាចរារាំងមនោសញ្ចេតនារបស់ខ្ញុំដែលមានចំពោះប្រជាជាតិមួយនេះ" ។
លោក កឹម សុខា បន្តថា " ទោះបីខ្ញុំមិនអាចជួបជុំប្រជាពលរដ្ឋដូចកាលពីមុន ទោះបីខ្ញុំមិនអាចស្តាប់ឮដោយផ្ទាល់នូវទុក្ខកង្វល់របស់បងប្អូន ទោះបីមានឧបសគ្គយ៉ាងណា បើដរាបណាព្រះអាទិត្យនៅតែរះ សូមប្រជាជាតិខ្មែរជឿចុះថា ខ្ញុំ កឹម សុខា នៅតែភ្ញាក់ឡើងទន្ទឹងរង់ចាំថ្ងៃដែលបានជួបជុំនិងបម្រើជាតិខ្មែរតទៅទៀត។ នៅចុងបញ្ចប់នៃសារលោក កឹម សុខា បញ្ជាក់ជាថ្មីថា "សេច ក្ដី ប្រាថ្នាសម្រាប់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឱកាសថ្ងៃខួបកំណើតនេះគឺសេច ក្ដី សុខ សន្តិភាព សិទ្ធិសេរីភាព វឌ្ឍនភាព និងយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ"៕
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ខ្ញុំព្រះករុណា ខ្ញុំ...
Posted by Kem Sokha on Wednesday, June 26, 2019
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។