កាសែតមនសិការបស់លោក ដាំ សិទ្ធិ ត្រូវបានគេស្គាល់ថា មាននិន្នាការគាំទ្រគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី ។
បណ្តឹងរបស់លោក ហោ ណាំហុង ប្តឹងលោក ដាំ សិទ្ធិ គឺបានធ្វើឡើងបន្ទាប់ពីកាសែតនេះ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា អតីតទីប្រឹក្សានិងលេខា ប៉ុល ពត ដែលជាប្រធានគុកបឹងត្របែក កំពុងកាន់តំណែងជាទេសរដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី ដែលជាការដកស្រង់សម្តីរបស់លោក សម រង្ស៊ី ។
កាលពីខែមេសាកន្លងទៅនេះ លោក ហោ ណាំហុង ក៏បានប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ដែលទាក់ទងនឹងអតីតកាលរបស់លោក ហោ ណាំហុង នោះផងដែរ ។ លោក ដាំ សិទ្ធិ ត្រូវតុលាការក្រុងភ្នំពេញ កោះហៅឲ្យទៅបំភ្លឺនៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ។
ក្លឹបអ្នកកាសែតកម្ពុជាបានយល់ថា បណ្តឹងណាមួយប្រឆាំងអ្នកកាសែតដែលផ្សាយដកស្រងសម្តីឥស្សរជននយោបាយជាន់ខ្ពស់ នឹងកា្លយទៅជាឧទាហរណ៍ដ៏អាក្រក់ រារាំងអ្នកកាសែតឲ្យញញើតក្នុងការធ្វើសេចក្តីរាយការណ៍នយោបាយ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីអ្វីដែលអ្នកនយោបាយ និងថ្នាក់ដឹកនាំបាននិយាយនិងធ្វើ ៕
